ផ្ទះមួយខ្នងនៅរដ្ឋ Alabama ដែលលោក Martin Luther King Jr. និងមេដឹកនាំសិទ្ធិពលរដ្ឋអាមេរិកផ្សេងទៀត បានប្រើប្រាស់ជាកន្លែងសម្រាប់រៀបចំគម្រោងហែក្បួនតវ៉ាពីក្រុង Selma ទៅទីក្រុង Montgomery នៅឆ្នាំ១៩៦៥ ត្រូវបានលក់ទៅឱ្យសារមន្ទីរប្រវត្តិសាស្ត្រក្នុងរដ្ឋ Michigan ហើយនឹងត្រូវផ្លាស់ប្តូរទៅទីតាំងមួយនៅជិតទីក្រុង Detroit ដើម្បីអភិរក្ស។
ផ្ទះមួយខ្នងរបស់គ្រួសារត្រកូល Jackson នឹងត្រូវចាប់ផ្តើមរុះរើនៅចុងឆ្នាំនេះ ហើយនឹងត្រូវដឹកក្នុងចម្ងាយប្រមាណ ១.៣០០ គីឡូម៉ែត្រទៅកាន់សារមន្ទីរ Henry Ford នៅភូមិ Greenfield Village ក្នុងទីក្រុង Dearborn នៃរដ្ឋ Michigan សហរដ្ឋអាមេរិក។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវចំណាយពេលរហូតដល់បីឆ្នាំ។
ផ្ទះដែលមានទំហំជិត ២៧៩ ម៉ែត្រការ៉េនេះ គឺជាកម្មសិទ្ធិរបស់លោកទន្តពេទ្យ Sullivan Jackson និងភរិយារបស់លោកគឺអ្នកស្រី Richie Jean។ ផ្ទះនេះបានផ្តល់នូវទីជម្រកសុវត្ថិភាពដល់លោក Martin Luther King Jr. និងមេដឹកនាំសិទ្ធិពលរដ្ឋអាមេរិកផ្សេងទៀត នៅពេលដែលពួកគេរៀបចំយុទ្ធសាស្រ្តដង្ហែក្បួនតវ៉ាបីដងប្រឆាំងនឹងច្បាប់រើសអើងពូជសាសន៍ Jim Crow ដែលរារាំងប្រជាជនស្បែកខ្មៅមិនឱ្យបោះឆ្នោតនៅក្នុងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក។
លោក King បានស្ថិតនៅខាងក្នុងផ្ទះនេះ នៅពេលដែលអតីតប្រធានាធិបតីលោក Lyndon Johnson បានប្រកាសអំពីសេចក្តីព្រាងច្បាប់ដែលក្រោយមកបានក្លាយទៅជាច្បាប់ស្តីពីសិទ្ធិបោះឆ្នោតឆ្នាំ១៩៦៥។
អ្នកស្រី Jawana Jackson ដែលបានចំណាយពេលយុវវ័យនៅក្នុងផ្ទះនោះជាមួយលោក King និងមេដឹកនាំសិទ្ធិពលរដ្ឋដទៃទៀតបាននិយាយថា៖ «មានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាច្រើនកើតឡើងនៅក្នុងផ្ទះនោះ ក្នុងអំឡុងពេលដ៏លំបាកជាច្រើន»។
អ្នកស្រី Jackson បានថ្លែងទៀតថា៖ «មិនថាជាពេលដែលលោកពូ Martin កំពុងអធិដ្ឋាននៅព្រឹកព្រលឹមនៃថ្ងៃហែក្បួនតវ៉ាពីក្រុង Selma ទៅទីក្រុង Montgomery ឬក៏ពេលដែលគាត់កំពុងនិយាយជាមួយលោកប្រធានាធិបតី Johnson (តាមទូរសព្ទ) នៅក្នុងបន្ទប់គេងដ៏តូចនៃផ្ទះនោះទេ ខ្ញុំតែងតែមានអារម្មណ៍ថា មានថាមពលនិងក្តីសង្ឃឹមសម្រាប់អនាគត»។
អ្នកស្រី Jawana Jackson គឺជាមនុស្សសំខាន់ម្នាក់ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំដើម្បីថែរក្សាផ្ទះនេះ។
សារមន្ទីរនៅទីក្រុង Dearborn ក្នុងរដ្ឋ Michigan នេះដាក់ឈ្មោះតាមស្ថាបនិកក្រុមហ៊ុនផលិតរថយន្ត Ford Motor Co. និងជាម្ចាស់ឧស្សាហកម្មជនជាតិអាមេរិកលោក Henry Ford។ សារមន្ទីរនេះស្ថិតនៅលើផ្ទៃដីទំហំប្រមាណ ១០០ ហិកតា និងមានភូមិ Greenfield Village ដែលមានរចនាសម្ព័ន្ធប្រវត្តិសាស្ត្រជាង ៨០ ដែលត្រូវបានដាក់តាំងបង្ហាញ និងថែរក្សាផងដែរ។
ផ្ទះត្រកូល Jackson នេះនឹងត្រូវបានផ្គុំឡើងវិញហើយនឹងដាក់តាំងបង្ហាញនៅទីក្រុង Dearborn រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដូចជាអាគារតុលាការដែលជាកន្លែងដែលលោក Abraham Lincoln បានបំពេញតួនាទីជាមេធាវីមុនពេលលោកក្លាយជាប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក មន្ទីរពិសោធន៍ដែលលោក Thomas Edison បានបង្កើតអំពូលភ្លើងល្អឥតខ្ចោះ ហើយនឹងផ្ទះនិងរោងជាងដែលលោក Orville និងលោក Wilbur Wright បានបង្កើតយន្តហោះដំបូងរបស់ពួកគេផងដែរ៕
ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់