មេដឹកនាំ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​បញ្ចេញ​ប្រតិកម្ម​ខុសៗគ្នា​ពាក់ព័ន្ធនឹង​សំណើរ​ប្តឹង​ទម្លាក់​ប្រធានាធិបតី

រូបឯកសារ៖ មេដឹកនាំ​សំឡេង​ភាគច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា​លោក Mitch McConnell នៅក្នុងការជួបប្រជុំមួយនៅ Fancy Farm រដ្ឋ Kentucky កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩។

លោក McConnell បាន​ចេញ​សេចក្តី​ថ្លែងការ​មួយ​ដោយ​លោក​បាន​ប្រកាស​ថា «នេះបញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការងារ​អទិភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​មិន​កំពុង​ធ្វើ​ឲ្យ​ជីវិត​ពលរដ្ឋអាមេរិកាំង​ប្រសើរ​ឡើង​នោះ​ទេ។ រយៈពេល​បី​ឆ្នាំ​មក​នេះ​ពួកគេ​គិតតែ​ពី​រឿង​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ‍»។

ក្រុមមេដឹកនាំ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ឆ្លើយតប​ទៅ​តាម​និន្នាការ​របស់​គណបក្ស​រៀងៗ​ខ្លួន​ ចំពោះ​ការប្រកាស​របស់​លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាងរាស្រ្ត​អំពី​ការ​ស្នើ​ឲ្យ​ប្តឹង​ប្រធានាធិបតី​ទម្លាក់​ពី​តំណែង។

មេដឹកនាំ​សំឡេង​ភាគច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា​លោក Mitch McConnell បាន​ចោទ​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​រៀបចំ​ការ​សន្និដ្ឋាន​ជា​មុន​អំពី​កំហុស​របស់​លោក Trump និង​បាន​ចាត់ទុក​ការប្រកាស​របស់​លោកស្រី Nancy Pelosi កាល​ពី​ថ្ងៃអង្គារ​ ថា​ជា​ផ្នែក​មួយ​នៃ​ការគៀងគរ​ដើម្បី​ស្វែង​រកហេតុផល​ប្តឹងចោទ​ប្រកាន់‍​លោកប្រធានាធិបតី»។

លោក McConnell បាន​ចេញ​សេចក្តី​ថ្លែងការ​មួយ​ដោយ​លោក​បាន​ប្រកាស​ថា «នេះបញ្ជាក់​យ៉ាង​ច្បាស់​ថា​ ការងារ​អទិភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​មិន​កំពុង​ធ្វើ​ឲ្យ​ជីវិត​ពលរដ្ឋអាមេរិកាំង​ប្រសើរ​ឡើង​នោះ​ទេ។ រយៈពេល​បី​ឆ្នាំ​មក​នេះ​ពួកគេ​គិតតែ​ពី​រឿង​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​តែ​ប៉ុណ្ណោះ‍»។

សេចក្តីថ្លែងការ​របស់​លោក McConnell ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​របស់​ព្រឹទ្ធសភា​ ដែល​ទើប​តែ​ប្រគល់​ពាក្យបណ្តឹង​របស់​អ្នកបញ្ចេញព័ត៌មាន​ទៅ​ឲ្យ​គណៈកម្មាធិការ​ស៊ើបអង្កេត​នៃរដ្ឋសភា​និង​ព្រឹទ្ធសភា។ មេដឹកនាំ​សំឡេង​ភាគតិច​នៅ​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Kevin McCarthyបាន​ថ្លែង​ថា​ គណបក្សប្រជាធិបតេយ្យ​នៅ​ឈឺចាប់​ដោយសារ​ការចាញ់​ឆ្នោត​កាលពីឆ្នាំ២០១៦ ហើយ​តែងតែ​ចង់​ប្តឹង​ចោទ​ប្រកាន់​ទម្លាក់លោក Trump​ នៅថ្ងៃ​ណា​មួយ។

ក៏ប៉ុន្តែ​លោក Elijah Cummings ​ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ បាន​រំឮក​គណបក្ស​សាធារណរដ្ឋ​ថា​ ប្រវត្តិសាស្រ្ត​នឹង​បង្ហាញ​ថា​ ពួកគេ​ព្រងើយ​កន្តើយ​ទៅ​នឹង​ភារកិច្ច​របស់​ពួកគេ​ចំពោះ​រដ្ឋធម្មនុញ្ញ​ ប្រសិន​បើ​ពួក​គេបិទភ្នែក​ ហើយ​យក​គណបក្ស​ធំ​ជាង​ប្រទេស​នោះ‍។
លោក​បាន​ចាត់​ទុក​ការជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​បរទេស​ទៅក្នុង​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក​ដើម្បី​ជួយ​ឲ្យ​លោក Trump ឈ្នះនោះ​ គឺ​ជា​ការមើលងាយ​លើ​រដ្ឋធម្មនុញ្ញ​ និងបាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សម្បថ​ចូល​កាន់​តំណែង​របស់លោក៕