សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នាំ​គ្នា​អង្គុយ​ចុះ​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​លើ​ការ​ប្រើប្រាស់​កាំភ្លើង

លោក John Lewis អ្នក​តំណាងរាស្រ្ត​ក្នុង​រដ្ឋ​ Georgia ដឹកនាំ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ច្រើន​ជាង​២០០នាក់​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​លើ​វិធានការ​ដើម្បី​ពង្រីក​ការ​ត្រួតពិនិត្យ​ប្រវត្តិ និង​ការ​ទិញ​កាំភ្លើង​ កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។

ដោយ​ប្រឈម​ជាមួយ​នឹង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​អង្គុយ​អស់​រយៈពេល​ជិត​១៦​ម៉ោង​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​លើ​ច្បាប់​គ្រប់គ្រង​ការ​ប្រើប្រាស់​កាំភ្លើង សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​គ្រប់គ្រង​រដ្ឋ​សភា​បាន​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ផ្អាក​ការងារ​របស់​ពួកគេ​រហូត​ដល់​ថ្ងៃ​ទី​៥​ខែ​កក្កដា។

ដំណើរ​វិវឌ្ឍន៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ឆាក​ល្ខោន​កើត​ឡើង​នៅ​វិមាន Capitol Hill ដែល​សមាជិក​សាធារណរដ្ឋ​ត្រឡប់​ទៅ​កាន់​រដ្ឋសភា​ជាទៀងទាត់​ដើម្បី​បោះឆ្នោត ខណៈ​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រមូល​ផ្តុំ​គ្នា​នឹង​ស្រែក​ថា «បើ​គ្មាន​ច្បាប់​ទេ គ្មាន​ការ​សម្រាក​ទេ» និងបាន​ស្រែក​សម្តែង​ការ​មិន​ពេញចិត្ត​ដាក់​លោក​ប្រធាន​សភា Paul Ryan ទៀត​ផង។

ក្នុង​ចំណោម​ការ​បោះឆ្នោត​ទាំង​អស់ សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​រដ្ឋសភា​ផ្អាក​ដំណើរការ​មួយ​រយៈ ដែល​នេះ​ជា​ដំណើរ​វិវឌ្ឍន៍​មួយ​ដែល​មាន​ន័យ​ថា រាល់​ម៉ាស៊ីន​ថត និង​មេក្រូ​ទាំង​អស់​នៅ​ក្នុង​រដ្ឋសភា​ត្រូវ​បិទ។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ងាក​ទៅ​ធ្វើ​ការតវ៉ា​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​ពួកគេ តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង Periscope ជំនួស​វិញ។ Periscope គឺ​ជា​បណ្តាញ​ខ្សែ​កាប C-SPAN អាមេរិក​ដែល​មិន​ស្វែង​រកប្រាក់​កម្រៃ ដែល​បាន​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នានា ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ម៉ាស៊ីនថតរបស់​រដ្ឋសភា​ដូច​ដែល​ធ្លាប់​ប្រើ​កន្លង​មក។

និមិត្តរូប​សិទ្ធិ​មនុស្ស លោក John Lewis អ្នកតំណាង​រដ្ឋ Georgia ជា​អ្នកផ្តើម​ឲ្យ​មាន​ការ​ស្នើ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការបាញ់​សម្លាប់​រង្គាល​នៅ​ក្នុង​ទីក្រុង Orlando រដ្ឋ​ Florida ដែល​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចូលរួម​អនុម័ត​លើ​ដំណោះស្រាយ​សមស្រប​នានា​កាល​ពី​ថ្ងៃ​ពុធ៕