ប្រធានគណៈកម្មាធិការនីតិកម្មនៃសភាសហរដ្ឋអាមេរិកលោក Jerrold Nadler បាននិយាយថា គណៈកម្មាធិការគ្រោងនឹងប្រើប្រាស់គ្រប់យន្តការអនុវត្តទាំងអស់ដែលខ្លួនមាន ដើម្បីចាត់វិធានការលើលោក Don McGahn អតីតទីប្រឹក្សាសេតវិមាន ប្រសិនបើលោកមិនអនុវត្តតាមបទបញ្ជារបស់គណៈកម្មាធិការដែលបានបញ្ជាឲ្យលោកចូលបង្ហាញខ្លួនធ្វើសក្ខីកម្មនៅថ្ងៃអង្គារនេះ។
តាមរយៈលិខិតមួយច្បាប់ផ្ញើរទៅលោក McGahn កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ លោក Nadler បានជំទាស់ទៅនឹងបទបញ្ជាដែលចេញដោយសេតវិមានដែលបានបញ្ជាមិនឲ្យលោក McGahn ចូលធ្វើសក្ខីកម្ម ហើយក្រសួងយុត្តិធម៌ក៏បានប្រាប់ទៅសភាផងដែរថាសភាមិនអាចបង្ខំឲ្យលោក McGahn ចូលបង្ហាញខ្លួននោះទេ។
លោក Nadler បានសរសេរតបទៅវិញថា «គណៈកម្មាធិការបានបញ្ជាក់យ៉ាងច្បាស់ថា លោកMcGahn នឹងប្រឈមផលវិបាកធ្ងន់ធ្ងរប្រសិនបើលោកមិនបង្ហាញខ្លួននៅថ្ងៃអង្គារនេះទេ»។
លោក Nadler បានបញ្ជាក់ទៀតថា លោកប្រធានាធិបតី Donald Trump បានព្យាយាមរារាំងអតីតមន្ត្រីសេតវិមានរូបនេះមិនឲ្យប្រាប់សភាដែលជាស្ថាប័នរបស់រដ្ឋាភិបាលអំពីកំហុសរបស់លោក និងថាបទបញ្ជារបស់សេតវិមានគ្មានហេតុផលគ្រប់គ្រាន់ដើម្បីឲ្យលោក McGahn គេចចេញពីកាតព្វកិច្ចមិនចូលបង្ហាញខ្លួននៅចំពោះមុខសភានោះទេ។
លោក Nadler បានថ្លែងបន្ថែមថា គណៈកម្មាធិការចង់សាកសួរលោក McGahn អំពីបញ្ហាមួយចំនួនដែលលោកប្រធានាធិបតីបានចាត់វិធានការ ឬបានបញ្ជាឲ្យលោកចាត់វិធានការនានាដែលអាចជាការរំលោភលើរដ្ឋធម្មនុញ្ញ រួមទាំងការរារាំងដល់ដំណើរការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីផងដែរ។
លោក William Burckដែលជាមេធាវីរបស់លោកMcGahnបានធ្វើការបញ្ជាក់កាលពីល្ងាចថ្ងៃចន្ទថាកូនក្តីរបស់លោកនឹងមិនបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភានៅថ្ងៃអង្គារនេះទេ៕