កាលពីថ្ងៃពុធ លោក Adam Schiff ប្រធានគណៈកម្មាធិការខាងការស៊ើបការសម្ងាត់របស់សភាអាមេរិកាំងបានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Trump ក្នុងការបង្អាក់ការស៊ើបអង្កេតរបស់សភា ដើម្បីចោទប្រកាន់លោកប្រធានាធិបតីនឹងត្រូវបកស្រាយថាជាភស្តុតាងនៃការរារាំងយុត្តិធម៌។
លោក Schiff បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយក្នុងសភា Capitol Hill ថា «យើងខ្វល់ខ្វាយថាសេតវិមាននឹងប៉ុនប៉ងបង្អាក់ការស៊ើបអង្កេតរបស់យើង»។
លោក Schiff បានមានប្រសាសន៍បន្ថែមថា «យើងចង់និយាយដោយច្បាស់លាស់ថាកិច្ចខិតខំប្រឹងប្រែងណាមួយដោយលោករដ្ឋមន្ត្រីការបរទេស ដោយលោកប្រធានាធិបតីឬនរណាឯទៀតក៏ដោយក្នុងការជ្រៀតជ្រែកក្នុងសមត្ថភាពរបស់សភាដើម្បីកោះហៅពួកសាក្សីមានការពាក់ព័ន្ធឱ្យមកឆ្លើយនឹងសំណួររបស់ពួកសមាជិកសភានឹងត្រូវចាត់ទុកថាជាភស្តុតាងនៃការរារាំងយុត្តិធម៌»។
មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងបានផ្តើមគំនិតធ្វើការស៊ើបអង្កេតដើម្បីចោទប្រកាន់លោកប្រធានាធិបតីកាលពីសប្តាហ៍មុននៅក្រោយមានការលាតត្រដាងសេចក្តីល្អិតល្អន់នៃការសន្ទនាគ្នាតាមទូរសព្ទមួយដែលនៅក្នុងនោះលោក Trump បានសុំ៨ដងឱ្យលោកប្រធានាធិបតីអ៊ុយក្រែន Voloddymyr Zelensky ធ្វើការស៊ើបអង្កេតលោកអតីតអនុប្រធានាធិបតី Joe Biden បេក្ខជនប្រធានាធិបតីនាំមុខគេខាងគណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០២០និងកូនប្រុសលោក Biden៕