របាយការណ៍​ពី​មន្ទីរពេទ្យ៖ មនុស្ស​១៨​នាក់​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះគ្រាប់បែក​​​​នៅ​ទីក្រុង​បាងកក

ក្រុមការងារ​សង្គ្រោះ​កំពុង​លើក​មនុស្ស​ដែល​រង​របួស​បន្ទាប់​ពី​គ្រាប់​បែក​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​ទីសក្ការបូជា​នៅ​កណ្តាល​ទីក្រុង​បាងកក​ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។

មាន​មនុស្ស​យ៉ាង​តិច​ណាស់​១៨​នាក់​បាន​ស្លាប់​និងមនុស្ស​នៅ​ជិតខាង​ជា​ច្រើន​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​ជិត​កន្លែង​មួយ​ដែល​ពួក​ទេសចរ​ចូលចិត្ត​ទៅ​លេង​នៅ​កណ្តាល​ក្រុង​បាងកក។​

ការ​ផ្ទុះ​នេះ​បាន​កើតមាន​ឡើងនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម ​Ratchaprasong ​ដែល​នៅ​ជិត​ទីសក្ការបូជា​ Erawan ​នៃ​សាសនា​ហិណ្ឌូ (Hindu)។​

ការផ្ទុះ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ បាន​យក​ជា​ទីដៅ​នូវ​តំបន់​មួយ​ដែល​ទាក់ទាញ​ពួក​ទេសចរ​និង​ពួក​អ្នកទិញ​អីវ៉ាន់ ​ហើយ​នៅ​ទី​នោះ​មាន​សណ្ឋាគារ​ផ្កាយ​ប្រាំ​និង​ហាង​លក់​ទំនិញ​ប្រណីតៗ។​ ម៉ាស៊ីនថត​វីដេអូ​ឃ្លាំ​មើល​បាន​ថត​ទិដ្ឋភាព​នៅ​ពេល​ដែល​គ្រាប់បែក​នោះ​ផ្ទុះ​នៅ​ពេល​ឡាន​និង​ម៉ូតូ​បើក​កាត់​ផ្លូវ​កែង​មាន​ចរាចរណ៍​មមាញឹក។​

នៅ​ពេល​ទៅ​ដល់​កន្លែង​កើត​ហេតុ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ការផ្ទុះ​គ្រាប់បែក​នេះ​ លោក ​Steve Herman​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វីអូអេ​បាន​ឃើញ​សាកសពគ្រប​ដោយ​ក្រណាត់​ពណ៌​ស​និង​បំណែក​រាង​កាយ​មនុស្ស​ខ្ទាត​នៅ​ពេញ​ផ្លូវ។​

មជ្ឈមណ្ឌល​ពេទ្យ​ Erawan ​រាយ​ការណ៍​ថា ​ជន​រងគ្រោះ​១២នាក់​ស្លាប់​នៅ​នឹង​កន្លែង​ហើយ​៦​នាក់​ទៀត​ស្លាប់​នៅ​ឯមន្ទីរពទ្យ។ ​មាន​មនុស្ស​ជាង​១០០​នាក់​បាន​ត្រូវ​របួស។​

ទី​សក្ការបូជា​ Erawan នៅ​កណ្តាល​ក្រុង​បាងកក​ ជាធម្មតា​មាន​ពួក​ទេសចរ​និង​ជនជាតិ​ថៃ​ជា​ច្រើន​នាក់​ទៅ​ទី​នោះ​ដើម្បី​ថ្វាយ​ដង្វាយ​ដល់​រូប​បដិមា​មួយ​ដែល​តំណាង​ព្រះ​វិស្ណុ​តាម​ជំនឿ​របស់​ថៃ​ដែល​ជា​ព្រះ​អាទិទេព​នៃការ​បង្កើត​តាម​សាសនាហិណ្ឌូ​ (Hindu)។ ​លោក Herman បន្ថែម​ថា​ នៅ​ពេល​ល្ងាច​ដែល​មាន​ការ​ផ្ទុះ​នោះ​អាច​មាន​មនុស្ស​រាប់រយ​នាក់​បាន​ទៅ​តំបន់​នោះ៕