មាន​ក្តី​សង្ឃឹម​ថា​បច្ចេកវិទ្យា​បញ្ញា​និម្មិត​AI អាច​ទប់ស្កាត់​ការ​បៀបបៀន​ចំពោះ​ស្ត្រី

  • Phil Mercer

មនុស្ស​ម្នា​ស្ថិតនៅស្ថានីយ៍​រថភ្លើងក្រោម​ស្លាកសញ្ញាដែល​លើកទឹកចិត្ត​ឲ្យពាក់ម៉ាស់ក្នុងទីក្រុងស៊ីដនី។

បច្ចេកវិទ្យា​បញ្ញានិម្មិត ឬ​ AI​ដែល​អាច​រក​ឃើញ​ឥរិយាបទ​គំរាមកំហែង​ដោយ​ស្វ័យប្រវត្តិ​នៅ​តាមស្ថានីយ៍​រថភ្លើង​នានា​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សាកល្បង​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​សម្រាប់​ស្ត្រី​ដែល​ធ្វើ​ដំណើរ​នៅ​ពេល​យប់​ក្នុង​ប្រទេស​អូស្ត្រាលី។

អាជ្ញាធររបស់​រដ្ឋ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា​ស្ត្រី​ជនជាតិ​អូស្ត្រាលី​៩​នាក់​ក្នុង​ចំណោម​ស្ត្រី១០នាក់​ធ្លាប់​បាន​ត្រូវ​គេ​បៀតបៀន​តាម​ផ្លូវ។ អាជ្ញាធរ​នៃ​រដ្ឋនេះបាន​អំពាវនាវ​ឲ្យ​អ្នក​ស្រាវជ្រាវ​ដាក់ ស្នើ​គំនិត​ដើម្បី​ធ្វើ​ឲ្យ​សុវត្ថិភាព​ប្រសើរ​ជាង​មុននៅ​ក្នុង​កម្មវិធី​ប្រកួត​ការ​ច្នៃប្រឌិតថ្មី​ដើម្បី​សុវត្ថិភាព​បន្ទាប់​ពី​ពេល​ងងឹត (Safety After Dark Innovation Challenge)។ ការ​ចូល​រួម​ចំនួន​បួន​ត្រូវបាន​ជ្រើសរើស​ហើយ​នឹងត្រូវ​ធ្វើតេស្ត​សាកល្បង​ក្នុង​រយៈពេល​៦ខែ​ខាង​មុខ។

ក្រុម​មួយ​មក​ពី​សាកលវិទ្យាល័យ Wollongong នឹង​បង្កើត​កម្មវិធីប្រើ​បច្ចេកវិទ្យាបញ្ញានិម្មិត​A.I. ដែល​នឹង​ត្រួត​ពិនិត្យ​រូបភាព​បញ្ជូន​ភ្លាមៗ​តាម​កាមេរ៉ា​សុវត្ថិភាព ហើយ​ឲ្យ​ដំណឹង​ទៅ​អ្នកប្រតិបត្តិ​នៅពេល​ដែល​វា​រកឃើញ​សកម្មភាព​គួរឲ្យ​សង្ស័យ​ឬ​បរិយាកាស​មិនសុវត្ថិភាព។​

កម្មវិធីផ្អែក​លើ​បញ្ញានិម្មិត​AI​នេះ​នឹង​ត្រូវ​បានបង្វឹក​ឲ្យ​ចេះរក​មនុស្សដែល​កំពុង​វាយឈ្លោះ​គ្នា អាកប្បកិរិយា​រំខាន បុគ្គល​ដែល​ត្រូវបានគេ​ដើរ​តាម​ឬ​ជម្លោះ​ផ្សេងៗ។ ក្រុម​របស់​សាកលវិទ្យាល័យ​នេះ​និយាយ​ថា​កម្មវិធី​នេះ​គឺជាកម្មវិធី​ដំបូង​ក្នុង​ពិភពលោក​ហើយ​ពួក​គេ​«កំពុង​រុញ​ដែន​កំណត់នៃបច្ចេកវិទ្យា»​នេះ។

អ្នកស្រាវជ្រាវ​ម្នាក់​គឺ​អ្នក​ស្រី Elizabeth Muscat ជា​អ្នក​រៀប​គម្រោង​គមនាគមន៍​កំពុង​អភិវឌ្ឍ​រូបមន្ត​កូដ​កុំព្យូទ័រដែល​បង្កើត​ផ្លូវ​សុវត្ថិភាព​សម្រាប់​អ្នក​ដំណើរ​ជា​ស្ត្រី។

អ្នក​ស្រី​ពន្យល់​ថា៖ «វានឹង​ផ្តល់ឱកាស​ដល់​ស្ត្រីអាច​សម្រេចចិត្ត​តាម​ការ​ជូនដំណឹង​ល្អ​ប្រសើរ​ជាង​មុនអំពី​ផ្លូវ​ធ្វើ​ដំណើរ​ដែល​ពួកគេអាច​ជ្រើសរើស។ ដូច្នេះ​ជាឧទាហរណ៍ពួក​គេ​អាច​ជ្រើស​រើស​ផ្លូវ​ធ្វើ​ដំណើរ​មួយ​ដែល​មាន​ការ​ឃ្លាំ​មើលដោយ​ប្រយោល​ដែលនេះ​មាន​ន័យថា​ផ្លូវ​នោះ​មាន​មនុស្សម្នា​ធ្វើ​ដំណើរ​ច្រើន ឬ​មាន​អាជីវកម្ម​នៅ​បើក​ឬ​មាន​ភ្លើង​បំភ្លឺ​ល្អ។លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បង្កើត​នេះ​អាច​ជា​កម្មវិធី​app តាម​ទូរស័ព្ទមួយ​ដែល​ស្ត្រី​អាចប្រើ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ គឺ​ស្រដៀង​នឹង​ផែនទី​ Google Maps ឬ​កម្មវិធី​បង្ហាញ​ផ្លូវ​ផ្សេង​ទៀត ដែល​នឹង​អនុញ្ញាត​ឲ្យ​ស្រ្តី​អាច​ជ្រើស​រើស​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​បាន»។

អាជ្ញាធរ​ក្នុង​រដ្ឋ New South Wales​ដែល​ជា​រដ្ឋ​ដែល​មានប្រជាជន​រស់នៅ​ច្រើនជាង​គេ​របស់​អូស្ត្រាលី​បាន​និយាយ​ថា​បច្ចេក​វិទ្យា​ជា​ច្រើន​គឺ​«គួរ​ឲ្យចាប់​អារម្មណ៍»។

ការ​ស្រាវជ្រាវ​កាលពី​ឆ្នាំ​២០១៨​បាន​បង្ហាញ​ថា​២០​ភាគរយ​នៃ​ស្ត្រី​ក្នុង​ទីក្រុង​ស៊ីដនី​មាន​អារម្មណ៍​មិន​សុវត្ថិភាព​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ