អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​នៅ​តែ​ពាក់​ម៉ាស​បន្ទាប់​ពីការ​លើក​បម្រាម

រូបឯកសារ៖ អ្នក​ដំណើរ​ពាក់​ម៉ាស​ឆែក​មើល​ទូរសព្ទ​របស់​ពួកគេ​នៅ​លើ​រថភ្លើង​មួយ​គ្រឿង​ក្នុង​ទីក្រុង​ហុងកុង ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​ដកចេញ​បម្រាម​ឱ្យ​ប្រជាជន​ពាក់ម៉ាស អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​ភាគច្រើន​នៅ​តែ​បន្ដ​ពាក់​ម៉ាស​ដើម្បី​ការពារ​ពី​ជំងឺ​កូវីដ១៩។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​បង្ហាញ​ការ​ព្រួយបារម្ភ​បន្ត សម្រាប់​មនុស្ស​មួយ​ចំនួន​អំពី​សុខភាព​ ហើយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត​គឺ​ជា​ការ​បង្ហាញ​អំពី​ការ​មិន​ជឿជាក់​លើ​រដ្ឋាភិបាល។ ​

លោក Tam Mei Tak ដែល​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ជជែក​កម្សាន្ដ​មួយ​តាម​វិទ្យុ និង​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​អំពី​នយោបាយ​ បាន​ថ្លែង​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ចិន​កាតាំងថា អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​ជាច្រើន​នាក់​បាន​ដឹង​ថា «ការ​ជឿទុកចិត្ត​លើ​រដ្ឋាភិបាល​គឺ​មាន​ភាព​អាក្រក់​ជាង​ពឹងផ្អែក​លើខ្លួន​ឯង​ទៅ​ទៀត»​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ​

រដ្ឋាភិបាល​ទីក្រុងហុងកុង​បាន​ដក​ចេញ​ជា​ផ្លូវការ​នូវ​បម្រាម​ពាក់​ម៉ាស​កាល​ពី​ថ្ងៃពុធ​ ទី ១ ខែ​មីនា។ ការ​តម្រូវ​ឱ្យ​ពាក់​ម៉ាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រយៈពេល​ ៣ ឆ្នាំ​ចុងក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ទីក្រុង​ដែល​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស​មួយ​ក្លាយ​ជា​ទីក្រុង​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ពិភពលោក​ដែល​លែង​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស។ ចាប់​តាំង​ពី​ដើម​ខែ​ធ្នូ​មក ភ្លាមៗ​បន្ទាប់​ពី​ចិន​បន្ធូរបន្ថយ​គោល​នយោបាយ​«សូន្យកូវីដ»​របស់​ខ្លួន ទីក្រុង​ហុងកុង​បាន​ដក​ចេញ​នូវ​ការ​រឹតត្បិត​ភាគច្រើន​របស់​ខ្លួន ដោយ​រួម​មាន​ទាំង​ការ​ដាក់​កម្រិត​លើ​ការ​ប្រមូល​ផ្ដុំ​គ្នា និង​ការ​តម្រូវ​ឱ្យ​មាន​ភស្តុតាង​អំពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដើម្បី​អាច​ចូល​ក្នុង​ភោជនីយដ្ឋាន រង្គសាល និង​កន្លែង​ផ្សេងៗ​ទៀត។ ​

អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ហុងកុង​មួយ​ចំនួន​ថ្លែង​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ចិន​កាតាំង​ថា ពួកគេ​នៅ​តែ​បន្ដ​ពាក់​ម៉ាស​ដើម្បី​បង្ការ​ជំងឺ ដែល​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​អ្នកស្រី Ah San។

អ្នកស្រី​ថ្លែង​ប្រាប់ VOA ផ្សាយ​ជា​ភាសា​ចិន​កាតាំងថា អ្នកស្រី​នៅ​តែ​បន្ដ​ពាក់ម៉ាស​ទោះ​ជា​គេ​លែង​តម្រូវ «ដោយសារ​តែ​ខ្ញុំ​មិន​ដែល​ឈឺ​ទេ​តាំង​ពី​ពាក់​ម៉ាស​មក ហើយ​ក៏​មិន​ដែល​ទៅ​ពេទ្យ​ដែរ។ ខ្ញុំ​មិន​ដែល​មាន​ជំងឺ​ផ្ដាសាយ​ទេ​ក្នុង​រយៈពេល ៣ ឆ្នាំ​មក​នេះ ដូច្នេះ​ខ្ញុំ​គិត​ថា ការ​ពាក់​ម៉ាស​គឺ​ល្អ​ជាង​ក្នុង​ការពារ​សុខភាព​របស់​ខ្ញុំ»។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា «ខណៈ​ដែល​រដ្ឋាភិបាល​មិន​ចេញ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ យើង​មិន​ដឹង​ទេ​ថា​តើ​មាន​មនុស្ស​ឆ្លង​ជំងឺ​នេះ​កំពុង​ដើរ​តាម​ផ្លូវ​ដែរ​ឬ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា វា​សំខាន់​ជាង​ក្នុង​ការ​ការពារ​ខ្លួន​ខ្ញុំ»។

អ្នកស្រី Alice ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​ម្នាក់​ដែល​បើក​ភោជនីយដ្ឋាន​បែប​ជប៉ុន និង​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​ដើម្បី​កុំ​ឱ្យ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្រុម​មន្ត្រី​ បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​ចិន​កាតាំង​ថា នៅ​ពេល​«ការ​តម្រូវ​ឱ្យ​ពាក់​ម៉ាស»​ត្រូវ​បាន​ដក​ចេញ អ្នកស្រី​បង្ហោះ​រូបថត​របស់​អ្នកស្រី​គ្មាន​ពាក់ម៉ាស​ភ្លាមៗ​លើ​បណ្ដាញ​សង្គម​។ អ្នកស្រី​និយាយ​ថា អ្នកស្រី​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទៅ​ដើរ​ទិញ​ឥវ៉ាន់​ដោយ​មិន​ចាំ​បាច់​ពាក់​ម៉ាស​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ដោយ​គិត​ថា ជីវិត​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​មុន​ពេល​មាន​កូវីដ១៩​វិញ ហើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នកស្រី​ឃើញ​មនុស្ស​ជាច្រើន​នៅ​តែ​បន្ដ​ពាក់​ម៉ាស​នៅ​តាម​ផ្លូវ អ្នកស្រី​និយាយ​ថា អ្នក​ស្រី​មាន​អារម្មណ៍​ថា​ខុស។ ​

លោក Simon Lee អ្នក​ធ្វើ​អត្ថាធិប្បាយ​អំពី​នយោបាយ​នៅ​ទីក្រុង​ហុងកុង ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​រដ្ឋ Virginia ថ្លែង​ថា ប្រតិកម្ម​របស់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​ដែល​នៅ​តែ​បន្ដ​ពាក់​ម៉ាស​ក៏​ឆ្លុះ​បញ្ចាំង​អំពី​ការ​មិន​ជឿ​ទុក​ចិត្ត​របស់​សាធារណជន​ទៅ​លើ​រដ្ឋាភិបាល​ហុងកុង​ផង​ដែរ។ លោក​និយាយ​ថា អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ហុងកុង​ជាច្រើន​ជឿ​ថា វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​របស់​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ។ ​

លោក​និយាយ​ថា វា​ច្បាស់​ណាស់​ថា​ក្នុង​រយៈពេល​៣​ឆ្នាំ​មក​នេះ «សាធារណជន​បាន​ដឹង​ច្បាស់​ថា​រដ្ឋាភិបាល​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ច្បាស់លាស់​នោះ​ទេ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង​រាតត្បាត ហើយ​ផ្ទុយ​ទៅវិញ គ្រប់​គ្នា​ធ្វើ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា