មេដឹកនាំក្រុងហុងកុងបាននិយាយថា ទីក្រុងនេះបានត្រៀមខ្លួនរួចហើយដើម្បីស្វាគមន៍ពិភពលោកចូលមកកាន់ទីក្រុងនេះឡើងវិញដោយលោកបានផ្តល់សំបុត្រយន្តហោះមិនគិតថ្លៃ និងការផ្សព្វផ្សាយវិជ្ជមានដើម្បីធ្វើឱ្យទីក្រុងដែលធ្លាប់ជាមជ្ឈមណ្ឌលដ៏រស់រវើកមួយរបស់ពិភពលោក វិលទៅរកសភាពដើមវិញ បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការដាក់ទីក្រុងនេះឱ្យស្ថិតនៅដាច់តែឯងដោយសារជំងឺរាតត្បាតកូវីដ១៩នោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
យុទ្ធនាការផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្រុងហុងកុង ក្រោមប្រធានបទ«សួស្តីហុងកុង»ដែលជាកិច្ចប្រឹងប្រែងមួយនិយាយពីរឿងល្អៗរបស់ក្រុងហុងកុង ក្រោយពីមានការគាបសង្កត់ផ្នែកនយោបាយអស់ពេលជាច្រើនឆ្នាំ ក៏ដូចជាជំងឺរាតត្បាតកូវីដ១៩ផងដែរនោះបានបំផ្លាញនូវកេរ្តិ៍ឈ្មោះខាងពាណិជ្ជកម្មដ៏ល្អរបស់ខ្លួន។
នៅក្នុងសន្ទរកថាមួយទៅកាន់ក្រុមហ៊ុនទេសចរណ៍និងអ្នកជំនួញធំៗនោះ ប្រធានប្រតិបត្តិទីក្រុងហុងកុងលោក John Lee បានសន្យាថា នឹងគ្មានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ មិនមានការធ្វើចត្តាឡីស័កនិងមិនមានការរឹតបន្តឹងអ្វីនោះឡើយហើយលោកក៏បានប្រកាសផ្តល់ជូនសំបុត្រយន្តហោះអត់គិតថ្លៃប្រមាណ៥សែនសំបុត្រដល់ភ្ញៀវទេសចរទាំងឡាយដែលចង់មកឃើញទីក្រុងហុងកុងដ៏មមាញឹកនេះ។
ការផ្តល់សំបុត្រយន្តហោះដោយមិនគិតថ្លៃនេះ នឹងបើកដំណើរការក្នុងខែមីនាខាងមុខនេះ ហើយសំបុត្រយន្តហោះមិនគិតថ្លៃចំនួន៨ម៉ឺនសំបុត្រផ្សេងទៀតគឺសម្រាប់ពលរដ្ឋហុងកុងមកទទួលយកសម្រាប់រដូវក្តៅខាងមុខនេះ។
នាយកប្រតិបត្តិក្រុងហុងកុងរូបនេះក៏បាននិយាយផងដែរថា នេះប្រហែលជាការស្វាគមន៏ដ៏ធំបំផុតមួយរបស់ពិភពលោកដែលមិនធ្លាប់កើតមានឡើយក្នុងពេលកន្លងមក។
មានក្រុមហ៊ុនអន្តរជាតិប្រមាណ១៣០ក្រុមហ៊ុន បានចាកចេញពីការិយាល័យរបស់គេក្នុងក្រុងហុងកុងក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ ខណៈពេលដែលការស្ទង់មតិមួយនាពេលថ្មីនេះ ទៅលើក្រុមហ៊ុនជប៉ុនប្រមាណ២៥៣ក្រុមហ៊ុនបានបង្ហាញថា ការរកបុគ្គលិកប្រកបដោយគុណភាពជាកត្តាព្រួយបារម្ភដ៏ចម្បងរបស់ពួកគេ៕