ក្រុម​និស្សិត​តវ៉ា​ហុងកុង​​សច្ចាតស៊ូ​ដល់​ទី​បញ្ចប់

ក្រុម​មេដឹកនាំ​និសិ្សត លោក ​Joshua Wong ​លោក ​Lester Shum ​និង​លោក​Alex Chow​ (រូប​ពីឆ្វេង​ទៅ​ស្តាំ) ​ចូលរួម​ការប្រមូលផ្តុំគ្នា​នៅ​តំបន់តវ៉ា​ Occupy Central ​នៅ​ខាងក្រៅ​ក្រុមប្រឹក្សានីតិបញ្ញត្តិ​នៅ​តំបន់ ​Admiralty ​ក្នុង​ទីក្រុងហុងកុង​ កាលពី​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ២០១៤។

ក្រុម​មេដឹកនាំ​និស្សិត​ហុងកុង​បាន​សច្ចាថា​នឹងនៅ​តស៊ូ​ដល់​ទី​បញ្ចប់​ខណៈ​ដែល អាជ្ញាធរ​ប្រុងប្រៀប​បោសសំអាត​ជំរុំ​បាតុកម្ម​សេសសល់​ចុងក្រោយ​មួយ​ចំនួន។

មេដឹកនាំ​ចលនា​និស្សិត​កាលពី​ល្ងាច​ថ្ងៃពុធ​បាន​អំពាវនាវ​ដល់​បាតុករ​គ្រប់​រូប​ ដែល​ចូលរួម​ក្នុង​បាតុកម្ម​កាលពី​ពីរខែ​មុន​ឲ្យ​វិល​ត្រឡប់​មក​តវ៉ា​តាមដង​ផ្លូវ​វិញ​ មុនពេល​ប៉ូលីស​បោសសំអាត​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ។

Alex Chow ​ជាអគ្គ​លេខាធិការ​នៃ​សហព័ន្ធ​និស្សិត​ហុងកុង​និយាយ​ថា​ក្រុម អាជ្ញាធរ​ បាន​ផ្តល់​ជម្រើស​តិចតួច​ដល់​ក្រុម​បាតុករ ​ក្រៅពី​ការ​ប៉ះ​ទង្គិចគ្នា​នោះ។

ជាការពិត​គ្រប់​គ្នា​អាច​ឃើញ​ថា​ចលនា​និស្សិត​ Occupy ​Movement ​បាន​តវ៉ា​ជាង​៧០ថ្ងៃ​ហើយ​ តែ​រដ្ឋាភិបាល​បាន​ជ្រើសរើស​ការឆ្លើយ​តប​ដោយការ​បង្ក្រាប​បែប នយោបាយ ​ហើយ​បោស​សំអាត ​ជាជាង​ការស្នើ​ឲ្យមាន​ដំណោះ​ស្រាយ​នយោបាយ ​សម្រាប់​បញ្ហា​នយោបាយ ​ដោយគ្មាន​ការ​សម្រប​សម្រួល​ក្នុង​គម្រោង​ការ​កែទម្រង់​នយោបាយ​នោះទេ។​ ក្រុម​សមាជិក​សភាខ្លះ​ថាពួកគេ​នឹង​ចូលរួម​ ជាមួយ​ក្រុមបាតុករ​ដើម្បី​ជាសញ្ញា​នៃការ​រួបរួម​សាមគ្គី​គ្នា៕