ច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសដែលចិនបានអនុម័តកាលពីពេលថ្មីៗនេះសម្រាប់ទីក្រុងហុងកុងបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមសង្គមស៊ីវិលដ៏រឹងមាំ និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលប្រើដែនដីនោះជាមជ្ឈមណ្ឌលប្រចាំតំបន់។ ការណ៍នេះបានបង្កឲ្យអង្គការមួយចំនួនផ្លាស់ប្តូរទីតាំងបុគ្គលិក និងអង្គការមួយចំនួនទៀតបារម្ភពីជោគវាសនារបស់ខ្លួននៅក្រោមច្បាប់ថ្មីនេះ។
បន្ទាប់ពីទីក្រុងហុងកុងត្រូវបានចក្រភពអង់គ្លេសប្រគល់ឲ្យចិនគ្រប់គ្រងវិញកាលពីឆ្នាំ ១៩៩៧ មក គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» បានអនុញ្ញាតឲ្យសង្គមស៊ីវិលសេរី រួមមានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិជាច្រើន បន្តប្រតិបត្តិរបស់ខ្លួនបាន។ ប៉ុន្តែច្បាប់សន្តិសុខជាតិថ្មីដែលត្រូវបានអនុម័តកាលពីថ្ងៃទី ១ ខែកក្កដា កន្លងទៅនេះ បានធ្វើឲ្យអង្គការមិនស្វែងរកប្រាក់កម្រៃនានាមានការព្រួយបារម្ភ។
ក្រុមអង្គការមិនស្វែងរកប្រាក់កម្រៃជាច្រើនបានបញ្ជាក់ថា ពួកគេបារម្ភអំពីការជាប់ពាក់ព័ន្ធដោយសារច្បាប់នេះ ដែលច្បាប់នេះមានបំណង «បង្ការ បង្ក្រាប និងដាក់ទណ្ឌកម្ម» លើការផ្ដាច់ខ្លួន ការធ្វើវិទ្ធង្សនា អំពើភេរវកម្ម និង «ការឃុបឃិតជាមួយបរទេស ឬជាមួយក្រុមខាងក្រៅណាដែលមានបំណងធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ»។
អាជ្ញាធរបានសង្កត់ធ្ងន់អំពីតម្រូវការច្បាប់ដែលមានវិសាលភាពធំទូលាយដើម្បីលុបបំបាត់បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅទីក្រុងហុងកុងអស់រយៈពេលពេលមួយឆ្នាំកន្លងមក ដែលជារឿយៗបាតុកម្មទាំងនេះបានក្លាយជាអំពើហិង្សា។
កាលពីថ្ងៃទី ២០ ខែកក្កដា ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោកCui Tiankai បានទទូចថា ច្បាប់នេះនឹងធ្វើឲ្យបរិយាកាសពាណិជ្ជកម្មនៅទីក្រុងហុងកុង «មានស្ថិរភាព និងសុវត្ថិភាពជាងមុន»។ មន្ត្រីចិននានាបាននិយាយថា ច្បាប់នេះមានគោលបំណងធ្វើជា «ការរារាំង» និងជាការបំភ័យដល់ជនបង្កបញ្ហា។
ច្បាប់នេះហាក់ដូចជាសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងការបំភិតបំភ័យ។
យ៉ាងហោចណាស់មានអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយបានផ្លាស់បុគ្គលិកខ្លួនទាំងអស់ចេញពីទីក្រុងហុងកុង រីឯអង្គការផ្សេងទៀតគ្រោងនឹងប្តូរប្រតិបត្តិការរបស់ខ្លួនមួយចំនួនទៅក្រៅប្រទេស។
បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានលាឈប់ពីការងារ ចំណែកឯអ្នកឯទៀតបានផ្លាស់ទៅក្រៅប្រទេស ឬស្វែងរកការផ្លាស់ទីកន្លែង។ សម្រាប់ពេលឥឡូវនេះ អ្នកដែលសម្រេចចិត្តថាបន្តនៅទីក្រុងហុងកុងបាននិយាយថា ពួកគេត្រូវតែប្រុងប្រយ័ត្នពេលធ្វើការងាររបស់ពួកគេ ដើម្បីចៀសវាងកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់សន្តិសុខជាតិថ្មីនេះ ដែលចែងទូលំទូលាយពេក និងមិនច្បាស់លាស់អំពីឧក្រិដ្ឋកម្មសន្តិសុខ។ អ្នកដែលនិយាយជាមួយនឹង VOA ទាំងអស់ បដិសេធមិនបញ្ជាក់អំពីអត្តសញ្ញាណរបស់ពួកគេ ដោយខ្លាចអាជ្ញាធរដាក់ទោស។
អ្នកធ្វើការផ្នែកសិទ្ធិមនុស្សជើងចាស់ម្នាក់ បាននិយាយថា៖ «វាគឺជាពេលវេលាដ៏លំបាកបំផុតមួយសម្រាប់អង្គការក្រៅរដ្ឋាភិបាលជាច្រើន។ យើងមិនដឹងថាតើច្បាប់នេះនឹងត្រូវអនុវត្តយ៉ាងណា ឬកម្រិតណានោះទេ។ មនុស្សគ្រប់គ្នាគឺពិតជាមានការភ័យខ្លាច»។
បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនានានិយាយថា ប្រការនៅក្នុងច្បាប់នេះ ជាពិសេសប្រការដែលចាត់ទុកថាជាបទឧក្រិដ្ឋចំពោះ «ការឃុបឃិត» ជាមួយ ឬការទទួលបានការណែនាំ ឬទទួលបានមូលនិធិ ឬក៏ការគាំទ្រពីបរទេស ឬពីអង្គការក្រៅប្រទេស គឺធ្វើឲ្យពួកគេងាយនឹងរងគ្រោះ។
ក្រុមដែលបានគាំទ្រលទ្ធិប្រជាធិបតេយ្យ ឬបានរិះគន់ឥរិយាបថផ្តាច់ការរបស់គណបក្សកុម្មុយនីស្តចិន ក៏អាចជួបហានិភ័យក្នុងការមានទោសពីបទ «ផ្លាស់ប្ដូរដោយប្រើមធ្យោបាយខុសច្បាប់លើភាពស្របច្បាប់» នៃរបបដឹកនាំរបស់ចិន ឬបទ «ញុះញង់ឲ្យមានការស្អប់គុំកួន» ចំពោះរដ្ឋាភិបាលចិន ឬរដ្ឋាភិបាលហុងកុង ដូចដែលបានចែងនៅក្នុងច្បាប់នោះ។
បុគ្គលិកអង្គការ NGO អន្តរជាតិម្នាក់ បាននិយាយថា ទីក្រុងហុងកុងធ្លាប់ជាកន្លែងមួយ ដែលមានភាពងាយស្រួលនៅក្នុងការធ្វើការលើគម្រោងនៅប្រទេសចិន ហើយស្របពេលនោះដែរនៅអាចរក្សាទំនាក់ទំនងជាមួយនឹងសហគមន៍អន្តរជាតិបាន ប៉ុន្តែគុណសម្បត្តិទាំងនេះមិនអាចមានទៀតទេនៅក្រោមច្បាប់សន្តិសុខជាតិថ្មីនេះ។
បុគ្គលិកអង្គការរូបនេះបាននិយាយដូច្នេះថា៖ «សេរីភាពបែបនេះលែងមានទៀតហើយ។ អរិភាពរបស់អាជ្ញាធរគឺអាចឃើញយ៉ាងច្បាស់នឹងភ្នែក ហើយពួកគេអាចចាប់ខ្លួនមនុស្សបានគ្រប់ពេលវេលាទាំងអស់ នៅក្រោមច្បាប់ដែលចែងមិនច្បាស់លាស់នេះ។ នៅពេលដែលយើងស្ថិតក្រោមការគំរាមកំហែង និងការដាក់កំហិតបែបនេះ វាពិតជាពិបាកនៅក្នុងការធ្វើការណាស់»។
អ្នកស្រីបានបន្ថែមថា ជោគវាសនាដូចជនជាតិកាណាដាពីរនាក់ គឺលោក Michael Kovrig និងលោក Michael Spavor ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆ្នាំ ២០១៨ ហើយឥឡូវនេះត្រូវបានចោទប្រកាន់ពីបទចារកម្មនោះ គឺអាចកើតឡើងដោយងាយស្រួលបំផុតលើជនបរទេស ឬអ្នកដែលកំពុងធ្វើការឲ្យអង្គការ NGO អន្តរជាតិនានានៅក្នុងទីក្រុងហុងកុងនៅពេលបច្ចុប្បន្ននេះ។
សមាជិកក្រុមប្រឹក្សាភិបាលម្នាក់របស់អង្គការសិទ្ធិមនុស្សតូចមួយបាននិយាយថា បុគ្គលិករបស់ខ្លួនភាគច្រើនបានលាឈប់ពីការងារ ហើយអង្គការនេះត្រូវតែរៀបចំរចនាសម្ព័ន្ធការងាររបស់ខ្លួនឡើងវិញទាំងស្រុង និងប្តូរគម្រោងមួយចំនួនចេញពីទីក្រុងហុងកុង។
សមាជិកក្រុមប្រឹក្សាភិបាលរូបនេះនិយាយដូច្នេះថា៖ «បុគ្គលិករបស់យើងបារម្ភ យើងអាចយល់បាន»។ លោកបានបន្ថែមថា អង្គការរបស់លោកនឹងត្រូវលះបង់មូលនិធិមួយចំនួនពីបរទេសដោយសារតែការរឹតបន្តឹងរបស់ច្បាប់សន្តិសុខជាតិថ្មីនេះលើ «ការឃុបឃិត» ជាមួយបរទេស។
សមាជិករូបនេះបានបញ្ជាក់បន្តថា៖ «ច្បាប់ដ៏ទូលំទូលាយនេះមានភាពមិនច្បាស់លាស់ជាច្រើន ហើយយើងអាចនឹងត្រូវបានគេចោទប្រកាន់ដោយងាយពីការឃុបឃិតជាមួយមហាអំណាចបរទេស សម្រាប់កិច្ចការតស៊ូមតិអន្តរជាតិរបស់យើង»។
អង្គការផ្សេងទៀតដែលមានគម្រោងនៅចិនដីគោក បានជួបប្រទះនឹងការរឹតបន្តឹងធ្ងន់ធ្ងរក្រោមច្បាប់សន្តិសុខជាតិរបស់ប្រទេសចិនរួចមកហើយ រហូតទៅដល់កម្រិតមួយដែលពួកគេមិនអាចបន្តប្រតិបត្តិនៅទីនោះបានតទៅទៀត។
ប្រធានអង្គការតូចមួយនៅទីក្រុងហុងកុងបាននិយាយថា ក្រុមរបស់អ្នកស្រីបានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសចិនអស់រយៈពេលពីរបីឆ្នាំមកហើយ បន្ទាប់ពីមានការអនុវត្តច្បាប់សន្តិសុខជាតិមួយកាលពីឆ្នាំ ២០១៥ និងការអនុវត្តច្បាប់អង្គការ NGO បរទេសកាលពីឆ្នាំ ២០១៧ មក។ ឥឡូវអ្នកស្រីមានអារម្មណ៏ថា វិធានការតឹងរ៉ឹងទាំងនេះ និងការត្រួតត្រាគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលលើសង្គមបានរីកមកដល់ទីក្រុងហុងកុង។
អ្នកស្រីនិយាយថា៖ «ច្បាប់សន្តិសុខជាតិគឺគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ»។ អ្នកស្រីបានសង្កត់ធ្ងន់ថា ការបង្រ្កាបគ្រប់ជ្រុងជ្រោយរបស់ចិនលើសង្គមស៊ីវិលនៅទីបំផុតនឹងធ្វើឲ្យមានការបញ្ឈប់ប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលនានានៅទីក្រុងហុងកុង។
អ្នកស្រីបាននិយាយថា អង្គការរបស់អ្នកស្រីនឹងព្យាយាមបន្តធ្វើការក្នុងទីក្រុងហុងកុងឲ្យបានយូរតាមតែអាចធ្វើទៅបាន ប៉ុន្តែពួកគេនឹងត្រូវធ្វើការក្រោមការកម្រិតដ៏តឹងតែងបំផុតដើម្បីចៀសវាងការរំលោភច្បាប់។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ពួកគេអនុម័តច្បាប់នេះដើម្បីបំភិតបំភ័យអង្គការនានា ហើយសង្ឃឹមថាអង្គការទាំងនោះនឹងបិទប្រតិបត្តិការរបស់ខ្លួនដោយមិនចាំបាច់មានវិធានការពីអាជ្ញាធរ។ នៅពេលដែលសង្គមស៊ីវិលរួមតូចគ្រប់គ្រាន់ វានឹងមានការចំណាយតិចក្នុងការដោះស្រាយជាមួយអង្គការទាំងនោះ»។
អ្នកស្រីបន្ថែមដូច្នេះថា៖ «គោលបំណងរបស់ពួកគេគឺដើម្បីគ្រប់គ្រងអង្គការទាំងនោះ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ