លោក Richard Tsoi កំពុងសិក្សាជំនាញគណិតវិទ្យានៅសាកល វិទ្យាល័យមួយក្នុងក្រុងហុងកុង នៅពេលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យបានផ្ទុះឡើងនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង នាឆ្នាំ១៩៨៩។ លោកជាមេដឹកនាំនិស្សិតកាលពីពេលនោះ លោកTsoi បានរៀបចំក្បួនបាតុកម្មនៅក្រុងហុងកុងដែលស្ថិតក្រោមអាណានិគមរបស់អង់គ្លេសនាពេលនោះហើយដែលត្រូវបានប្រគល់ត្រឡប់មកជាដែនដីរបស់ចិនវិញនាឆ្នាំ១៩៩៧ដើម្បីគាំទ្រពួកបាតុករនៅចិនដីគោក។
លោកបានថ្លែងថា៖ «យើងចង់ឲ្យក្រុងហុងកុងមានលទ្ធិប្រជាធិបតេយ្យ ហើយពិត ណាស់ យើងចង់គាំទ្រនិស្សិតនៅចិនដីគោក ក៏ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួក យើងទស្សន៍ទាយថា នៅថ្ងៃទី៣ និងទី៤ ខែមិថុនា រថក្រោះនឹងចូលក្នុងទីក្រុង ហើយបាញ់ប្រហារមកលើប្រជាពលរដ្ឋនោះទេ។ វាជារឿងគួរឲ្យរន្ធត់» ដោយលោកបានរំឭកពីការណ៍ដែលលោកនិងនិស្សិតដទៃទៀតមិនអាចទទួលដំណេកលក់នៅយប់ថ្ងៃទី៣ ខែមិថុនា ខណៈពេលពួកគេមើលសេចក្តីរាយការណ៍ពីការបង្រ្កាបប្រកបដោយការបង្ហូរឈាមតាមបុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ។
លោក Tsoi បានបន្តថា៖«ខ្ញុំមានអារម្មណ៍សោកសៅនិងខឹងសម្បារយ៉ាងខ្លាំង។ យើងមិនអាចទទួលយកការបាញ់ប្រហារដោយរដ្ឋាភិបាលមកលើជនស៊ីវិលនិងនិស្សិត ដែលគ្មានប្រដាប់អាវុធនោះបានទេ។ បន្ទាប់ពីឃើញអ្វីដែលកើតឡើងកាលពីយប់នោះ ខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ធ្វើអ្វីដែលអាចធ្វើបានដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅចិន»។
ហើយលោកមិនបានព្យាករណ៍ទុកនោះទេថា នាពេលក្រោយមក លោកបានក្លាយជាអនុប្រធាននៃក្រុមសម្ព័ន្ធគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្រុងហុងកុងដែល៣៤ឆ្នាំកន្លងមកនេះបានរៀបចំជាពិធីកាន់ភ្លើងទៀនប្រចាំឆ្នាំដែលជាពិធីរំឮកវិញ្ញាណក្ខន្ធជាសាធា រណៈតែមួយគត់ដែលត្រូវបានអនុញ្ញាតឱ្យធ្វើឡើងនៅចិន និងជាការប្រមូលផ្តុំធំបំផុតមួយនៅលើពិភពលោកដើម្បីចងចាំជនរងគ្រោះពីការបង្រ្កាបដែលបានសម្លាប់មនុស្សរាប់រយនាក់ ហើយប្រហែលអាចដល់២.០០០នាក់ បើតាមការប៉ាន់ប្រមាណខ្លះ។
មួយថ្ងៃមុនការរំឭកខួបលើកទី៣៤ ភាពសោកសៅមួយបានក្លាយជាការពិតសម្រាប់លោកTsoi និងសកម្មជនដទៃទៀត ដោយសារតែពិធីដុតភ្លើងទៀនរំឮកខួបដែលបានទាក់ទាញមនុស្សរាប់សិបម៉ឺននាក់មកចូលរួមនៅទីលាន Victoria Park ជារៀងរាល់ឆ្នាំ ប្រហែលលែងអាចធ្វើទៅបានតទៅទៀត។
លោក Wu'er Kaixi អតីតមេដឹកនាំនិស្សិតអំឡុងពេលបាតុកម្មនៅទីលានTiananmen បាននិយាយថា៖ «នៅពេលនេះ មិនត្រឹមតែក្រុងហុងកុងលែងអាចគាំទ្រចលនាលទ្ធិ ប្រជាធិបតេយ្យនៅចិនបាននោះទេ ក្រុងហុងកុងក៏លែងអាចធ្វើពីរំឮកខួបបានតទៅទៀតផងដែរ។ អ្នករៀបចំសំខាន់ៗនៃពិធីរំឮកខួបនៅទីលាន Victoria Park ទាំងអស់កំពុងស្ថិតក្នុងពន្ធនាគារ។ ពួកគេកំពុងស្ថិតនៅក្រោមការវាយប្រហារជាប្រព័ន្ធ។ ក្រុងហុងកុងបានបាត់បង់សេរីភាព។ ក្រុងហុងកុងបានបរាជ័យ»។
ពិធីរំឮកខួបធំជាងគេចុងក្រោយបង្អស់ត្រូវបានធ្វើឡើងនៅឆ្នាំ ២០១៩។ កាលពីឆ្នាំនោះ មានបាតុកម្មទ្រង់ទ្រាយធំ ហើយពេលខ្លះប្រកបដោយអំពើហិង្សានៅហុងកុងប្រឆាំងនឹងច្បាប់ស្តីពីការធ្វើបត្យាប័ន ដែលក្រោយមកត្រូវបានទម្លាក់ចោលវិញ ដែលច្បាប់នោះមានគោលដៅបញ្ជូនជនសង្ស័យទៅចិនដីគោកដើម្បីកាត់ទោស។ ជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តច្បាប់សន្តិសុខជាតិនាឆ្នាំបន្ទាប់ ដោយចាត់ទុកជាការខុសច្បាប់ចំពោះការធ្វើអបគមន៍ ការធ្វើវិទ្ធង្សនានិងការឃុបឃិតជា មួយនឹងកម្លាំងបរទេស និងភេរវកម្ម។
អ្នកវិភាគលោក Tso Chen-dong បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានទ្រាំទ្រនឹងការធ្វើខួបរំឮកអស់ពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែបាតុកម្មកាលពីឆ្នាំ២០១៩ នៅក្រុងហុងកុងបានផ្លាស់ប្តូរអ្វីៗទាំងអស់។
លោក Tso ដែលសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់បានថ្លែងថា៖ «បាតុកម្មកាលពីឆ្នាំ ២០១៩ ជាហេតុការណ៍អកុសលមួយ។ វាបាននាំឲ្យមានការបាត់បង់ជំនឿចិត្តពីសំណាក់គណបក្សកុម្មុយនីស្តចិនមកលើក្រុងហុងកុង ដូច្នេះគណបក្សនេះកំពុងពង្រឹងការគ្រប់គ្រងដោយផ្ទាល់មកលើក្រុងហុង កុង»។
លោកបានបន្តទៀតថា៖ «នេះមិនមែនគ្រាន់តែពាក់ព័ន្ធនឹងសកម្មភាពធ្វើពីធីរំឮកខួបប៉ុណ្ណោះទេ គណបក្សកុម្មុយនីស្តចិនត្រូវការពង្រឹងការគ្រប់គ្រង និងរារាំងកម្លាំងនយោ បាយដែលត្រូវបានចាត់ទុកថាគំរាមកំហែងមកលើគណបក្សមិនឲ្យរីកលូតលាស់នៅក្រុងហុងកុង»។
កាលពីឆ្នាំ២០២០និង២០២១ រដ្ឋាភិបាលចិនបានដាក់បម្រាមលើការធ្វើខួបរំឮកការ បង្រ្កាបនៅទីលានTiananmen ដោយលើកឡើងពីការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ ១៩។ មនុស្សរាប់ពាន់នាក់បានតវ៉ាប្រឆាំងនឹងបម្រាមនេះ ហើយមនុស្ស២៦នាក់ត្រូវបានចាប់ខ្លួន។ កាលពីឆ្នាំ២០២១ ប៉ូលិសបានបិទទីលាននេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា