យុវជនមួយចំនួនដែលចូលរួមក្នុងការតវ៉ាប្រឆាំងនឹងគោលនយោបាយ«គ្មានកូវីដ» របស់ប្រទេសចិនបានប្រាប់អ្នកសារព័ត៌មានថា ពួកគេមានអារម្មណ៍ថា វាជាទំនួលខុសត្រូវរបស់ពួកគេក្នុងការធ្វើបាតុកម្ម ដែលនេះជាការរំឭកពីអារម្មណ៍ដែលបង្ហាញដោយអ្នកចូលរួមមួយចំនួននៅក្នុងការតវ៉ានៅទីលានធានអានមេន (Tiananmen) នៅឆ្នាំ ១៩៨៩។
វីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការតវ៉ា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដោយយុវជនប្រហែល ១.០០០ នាក់ ដែលភាគច្រើននៅក្នុងទីក្រុងប៉េកាំងបង្ហាញអ្នកយកព័ត៌មានម្នាក់បានសួរអ្នកតវ៉ាខ្លះថា «ហេតុអ្វីបានជាអ្នកមកទីនេះ?»
យុវជនម្នាក់ ពាក់មួកកីឡាបេស្បល និងអាវយឺតមានឃ្លុបក្បាលពណ៌ក្រហមក្រមៅ ឆ្លើយថា៖ «វាជាកាតព្វកិច្ចរបស់យើង»។
នារីវ័យក្មេងម្នាក់ដែលឈរក្បែរបុរសនោះបន្ថែមថា៖ «ខ្ញុំមកពីប្រទេសចិន»។
ការផ្ដោះផ្ដងនេះត្រូវបានចែករំលែករាប់ពាន់ដងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដែលយុវជន និងនារីវ័យក្មេងនោះ ត្រូវបានគេដាក់ឈ្មោះថា «យុវជនកាតព្វកិច្ច»(Brother Duty) និង «យុវតីកាតព្វកិច្ច» (Sister Duty) ប្រចាំឆ្នាំ ២០២២។
អ្នកខ្លះបានបង្ហោះវីដេអូឃ្លីបនេះ អមនឹងទិដ្ឋភាពមួយកាលពីឆ្នាំ ១៩៨៩។ ក្នុងឆ្នាំនោះ យុវជនរាប់ពាន់នាក់បានកាន់កាប់ទីលាន Tiananmen កណ្ដាលទីក្រុងប៉េកាំងអស់រយៈពេលជាងប្រាំមួយសប្ដាហ៍ មុនពេលត្រូវបានបំបែកដោយហិង្សាដោយកងទ័ពដែលមានរថក្រោះមកជាមួយ។
វីដេអូឃ្លីបដែលមាន «យុវជនកាតព្វកិច្ ចឆ្នាំ ១៩៨៩» មិនបង្ហាញពីការបង្ក្រាបដ៏បង្ហូរឈាម ឬឈុតឆាកនៃទីលានដែលត្រូវបានកាន់កាប់ដោយក្រុមអ្នកតវ៉ាទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ វាបានបង្ហាញយុវជនម្នាក់កំពុងជិះកង់នៅតាមដងផ្លូវក្នុងទីក្រុងប៉េកាំង ដោយធ្វើដំណើរទៅកន្លែងណាមួយ។
យុវជនម្នាក់ពាក់ខ្សែរុំក្បាលពណ៌ក្រហម និងវ៉ែនតា បាននិយាយទៅកាន់អ្នកយកព័ត៌មានថា៖ «ទៅធ្វើបាតុកម្មនៅទីលាន Tiananmen»។
«ហេតុអ្វី?» អ្នកកាសែតសួរ។
«តើលោកគិតថាដូចម្ដេចដែរ?» គាត់សួរវិញមុនពេលផ្ដល់ចម្លើយរបស់គាត់។
«វាជាកាតព្វកិច្ចរបស់ខ្ញុំ» យុវជននោះនិយាយទាំងមុខញញឹម មុនពេលជិះកង់ជាមួយសិស្សជាច្រើននាក់ទៀតចេញទៅ។
ការបង្ហាញវីដេអូទន្ទឹមគ្នាបានផ្ដល់នូវអារម្មណ៍នៃការអះអាងមុតមាំសម្រាប់លោក Wei Jingsheng អ្នកប្រឆាំង ដែលកើតនៅទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៥០ ដែលបាននិយាយជាមួយ VOA តាមទូរស័ព្ទពីជាយនៃរដ្ឋធានី Washington ជាទីដែលគាត់រស់នៅនិរទេសខ្លួន។
លោក Wei ដែលបានក្លាយជាអ្នកទោសនយោបាយក្នុងទសវត្សរ៍ ១៩៧០ និងបានចំណាយពេលសរុប ១៨ ឆ្នាំជាប់គុកបាននិយាយថា៖
«ខ្ញុំតែងតែជឿថា យើងគួរតែមានជំនឿលើមនុស្សជំនាន់ក្រោយ»។ លោកបានបន្ថែមថា៖ «យុវជនរបស់ប្រទេសចិនជំនាន់នីមួយៗកំពុងរីកចម្រើនខ្លាំងនិងមានសមត្ថភាពជាងជំនាន់មុន»។
លោក Wei បាននិយាយថា ទោះបីជាមានការខិតខំប្រឹងប្រែងដ៏ខ្លាំងបំផុតពីអាជ្ញាធរដើម្បីរឹតបន្តឹងការចូលប្រើប្រាស់ព័ត៌មានដែលគ្មានការអនុញ្ញាតក៏ដោយ ក៏អ៊ីនធឺណិតបានផ្ដល់ឱ្យយុវជនចិននាពេលបច្ចុប្បន្ននេះនូវបញ្ហាពិភពលោកកាន់តែទូលំទូលាយជាងជំនាន់មុនៗ។
លោកបានថ្លែងថា៖ «ពួកគេមានព័ត៌មានច្រើនជាងយើង ហើយមានភាពក្លាហានមិនតិចជាងអ្នកមុនទេ»។
លោក Orville Schell ដែលជាអ្នកឃ្លាំមើលប្រទេសចិនយូរមកហើយ និងជានាយកមជ្ឈមណ្ឌលទំនាក់ទំនងអាមេរិក-ចិននៅអង្គការ Asia Society ថ្មីៗនេះបានសរសេរអត្ថបទមួយដោយនិយាយថាការតវ៉ានាពេលថ្មីៗនេះនៅក្នុងប្រទេសចិនបានធ្វើឱ្យរស់ឡើងវិញនូវ «ប្រពៃណីដ៏យូរអង្វែងនៃការមិនចុះសម្រុងរបស់ចិន» ។
លោកបានរំលឹកពីចលនាដែលមានអាយុកាលតាំងពីឆ្នាំ ១៩១៩ ហើយបន្តរហូតដល់ចុងទសវត្សរ៍ ១៩៧០ នៅពេលដែល លោក Wei និងអ្នកផ្សេងទៀតនៃជំនាន់របស់គាត់សកម្ម។ លោកSchell ក៏បានលើកឡើងពីការមិនពេញចិត្តដែលសម្ដែងដោយអ្នកវិទ្យាសាស្ត្ររូបវិទ្យា លោក Fang Lizhi នៅពាក់កណ្ដាលទសវត្សរ៍១៩៨០ និងចលនាធម្មនុញ្ញទី ០៨ ឆ្នាំ ២០០៨ ដែលដឹកនាំដោយ លោក Liu Xiaobo ដែលត្រូវបានកាត់ទោសឱ្យជាប់គុកដោយសារដឹកនាំការតវ៉ា ក្នុងពេលមួយឆ្នាំក្រោយមក និងបន្ទាប់មកបានស្លាប់នៅក្នុងគុក។
វីដេអូនៃការតវ៉ានៅថ្ងៃទី ២៧ ខែវិច្ឆិកា និងនៅទីលាន Tiananmen ត្រូវបានលុបចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ប៉ុន្តែនៅតែអាចមើលឃើញដោយសារ អង្គការនានាដូចជា China Digital Times ដែលជាក្រុមមិនស្វែងរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅ សាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ា UC-Berkeley ដែលរក្សាការបង្ហោះតាមអ៊ីនធឺណិតរបស់ចិន មុនពេលដែលឯកសារទាំងនោះបាត់ទៅវិញដោយសារតែការត្រួតពិនិត្យរបស់រដ្ឋាភិបាល។
ការអត្ថាធិប្បាយមួយនៅលើគេហទំព័រ Digital Times ដោយសំដៅទៅលើវីដេអូ ទីលាន Tiananmen ឆ្នាំ១៩៨៩ បានសរសេរថា៖ «នៅប្រហែលខួបលើកទី ៣០ នៃថ្ងៃទី ៤ ខែមិថុនា ខ្ញុំបានបង្ហាញវីដេអូឃ្លីបនេះដល់ប្ដីរបស់ខ្ញុំ។ គាត់បាននិយាយថាគាត់មិនជឿថា កាលពី ៣០ ឆ្នាំមុនមានរឿងដូចនេះសោះ ហើយគាត់រំជើបរំជួល។ ក្រោយមកគាត់បានចាប់អារម្មណ៍ក្នុងការស្វែងរកវីដេអូនៅលើ YouTube អំពីថ្ងៃទី ៤ ខែមិថុនា ហើយបន្តមើលតាមផ្លូវទៅធ្វើការ និងតាមផ្លូវមកផ្ទះវិញ»។
ការរកឃើញនោះបានដឹកនាំស្វាមីរបស់អ្នកស្រីឱ្យស្វែងរកការពិតទាក់ទងនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងទៀត រួមទាំង «ចលនាមហាលោតផ្លោះ» និងគ្រោះទុរ្ភិក្សដ៏ធំ ដែលមនុស្សរាប់សិបលាននាក់បានស្លាប់ដោយសារការអត់ឃ្លាន។
លោក Wei បាននិយាយថា លោកជឿថាអ្នកដែលចេញមុខមកតវ៉ានាពេលថ្មីៗនេះបាន «ដឹងពីហានិភ័យចំពោះខ្លួនគេហើយនៅតែមានឆន្ទៈក្នុងការលះបង់ខ្លួនឯងចំពោះបុព្វហេតុនៃសេរីភាពនៅក្នុងប្រទេសចិន» គឺលះបង់ច្រើនដូចដែលលោកបានធ្វើដោយខ្លួនឯងក្នុងទសវត្សរ៍ ១៩៧០។
លោកបានបន្ថែមថា៖ «ការពិតដែលថារដ្ឋាភិបាលបានផ្លាស់ប្ដូរគោលនយោបាយគ្មានកូវីដរបស់ខ្លួនដោយសារមានការតវ៉ា អាចបណ្ដុះអារម្មណ៍ជ័យជម្នះនៅក្នុងចិត្តរបស់បាតុករ។ ជាមួយនឹងអារម្មណ៍នៃជ័យជម្នះនេះ អារម្មណ៍នៃការភ័យខ្លាចនឹងរសាយនៅក្នុងចិត្តមនុស្សកាន់តែច្រើនឡើង»៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង