ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​ពង្រឹង​អំណាច​របស់​លោក Xi Jinping ស្មើ​នឹង​ការ​គាប​សង្កត់​នៅ​ចិន​និង​ជម្លោះ​នៅ​បរទេស


ការ​ផ្សាយ​ផ្ទាល់​​ព័ត៌មាន​តាម​ទូរទស្សន៍​បង្ហាញ​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​សម្រាប់​អាណត្តិ​ទី​៣​នៅ​សភា​ប្រជាជន​ចិន​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣។
ការ​ផ្សាយ​ផ្ទាល់​​ព័ត៌មាន​តាម​ទូរទស្សន៍​បង្ហាញ​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​សម្រាប់​អាណត្តិ​ទី​៣​នៅ​សភា​ប្រជាជន​ចិន​ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣។

វិធានការ​ថ្មី​ចុងក្រោយ​បង្អស់​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ក្នុង​ការ​ពង្រឹង​អំណាច​គណបក្ស​កុម្មុយនីស្ត​ចិន​និង​ការ​ក្ដោបក្ដាប់​អំណាច​លើ​សង្គម​គឺ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​មនោគមវិជ្ជា​កុម្មុយនីស្ត​ហើយទំនងជា​នឹង​បណ្ដាល​ឱ្យ​មាន​ការ​គាបសង្កត់កើនឡើង​នៅ​ក្នុង​ប្រទេស​និង​បង្ក​ជម្លោះ​តានតឹង​ឡើង​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ជាតិ​ចិន​ដែល​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី ១៣ ខែ​មីនា​កន្លង​ទៅ​នេះ បាន​គាំទ្រ​កំណែ​ទម្រង់​នានា​ដែល​នឹង​ពង្រឹង​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​លើ​ស្ថាប័ន​រដ្ឋ។

ចាប់​តាំងពី​ពេល​ដែល​លោក Xi បាន​ឡើង​កាន់​អំណាច​មក លោក​បាន​ដឹកនាំ​ឱ្យ​មាន​កំណែ​ទម្រង់​ពីរ​លើក​ទីមួយ​នៅ​ឆ្នាំ ២០១៣ និង​មួយ​ទៀត​នៅ​ឆ្នាំ ២០១៨ ​ដោយ​បង្កើត​ក្រុម​នានា​ក្នុង​ជួរ​គណបក្ស​ដើម្បី​មើល​ការ​ខុសត្រូវ​លើ​ការ​កែប្រែ​គោល​នយោបាយ​ក្នុង​ផ្នែក​ច្បាប់​ទម្លាប់ ​កិច្ចការ​បរទេស ​ហិរញ្ញវត្ថុ ​និង​សន្តិសុខ។

នៅ​ក្នុង​ឆ្នាំ ២០១៨ សមាជិក​សភា​ចិន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយ​លុបចោល​នូវ​ការកំណត់​អាណត្តិ​ប្រធានាធិបតី ​ដោយ​បើក​ផ្លូវ​ឱ្យ​លោក Xi ​អាច​កាន់​អំណាច​បាន​មួយ​ជីវិត។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ការ​កែ​ទម្រង់​របស់​លោក Xi គឺ​ផ្ទុយ​ពី​គោល​នយោបាយ «កំណែ​ទម្រង់​និង​បើក​ចំហ» ដែល​ដាក់​ឱ្យ​អនុវត្ត​ដោយ​អតីត​មហា​អគ្គមគ្គុទេសក៍​ចិន​លោក Deng Xiaoping នៅ​ក្នុង​ឆ្នាំ ១៩៧៨ ដើម្បី​លុបចោល​តួនាទី​របស់​គណបក្ស​នៅ​ក្នុង​រដ្ឋាភិបាល។

អ្នក​វិភាគ​ទាំង​នោះ​បាន​បន្ថែម​ថា របៀបវារៈ​របស់​លោក Xi នឹង​ផ្ដល់​អំណាច​ដ៏​ធំ​ដល់​គណបក្ស​កុម្មុយនីស្ត​ចិន​ដើម្បី​កំណត់​គោល​នយោបាយ ចំណែក​ឯ​ក្រុមប្រឹក្សា​រដ្ឋ​ដែល​ជា​រដ្ឋាភិបាល​ចិន​និង​ក្រសួង​នានាគ្រាន់តែ​មាន​តួនាទី​មើលថា​គោល​នយោបាយ​ទាំង​នោះ​ត្រូវ​បាន​អនុវត្ត​យ៉ាងណា។

លោក Willy Lam អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​អង្គការ Jamestown Foundation ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «លោក Xi គិត​ថា​លោក​គឺជា​លោក ម៉ៅ សេទុង [Mao Zedong] នៅ​សតវត្សរ៍​ទី ២១។ លោក​មាន​ជំនឿ​មុតមាំ​លើ​លទ្ធិ​សង្គម​និយម ហើយ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​សម្រេច​កិច្ចការ​បាន​ច្រើន»។

លោក​សាស្ត្រាចារ្យ Chung Kim-wah ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​សង្គម​ធ្លាប់​បង្រៀន​នៅ​សាកលវិទ្យាល័យ​ពហុបច្ចេកវិទ្យា​ហុងកុង (Hong Kong Polytechnic University) បាន​និយាយ​ថា ការ​ធ្វើ​ផ្ទុយ​របស់​លោក Xi ពី​របៀបវារៈ​កំណែ​ទម្រង់​របស់​លោក Deng Xiaoping ការ​ចាត់ទុក​ឱ្យ​គេ​គោរព​លោក​ជា​មេដឹកនាំ​អស្ចារ្យ និង​ការ​វាយ​ប្រហារ​លើ​សេរីភាព​បញ្ចេញ​មតិ​និង​សេរីភាព​ពលរដ្ឋ បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ឃ្លាត​ឆ្ងាយ​ពី​សហគមន៍​អន្តរជាតិ។

លោក​បាន​បញ្ជាក់​ថា៖ «មនុស្ស​ធ្លាប់​សង្ឃឹម​ថា​ការ​កែទម្រង់​សេដ្ឋកិច្ច​នឹង​បណ្ដាល​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ...ខ្ញុំ​គិត​ថា​ឥឡូវ​នេះ​គ្មាន​នរណា​ម្នាក់​ទុក​ការ​យល់​ឃើញ​បែប​នេះ​នៅ​ក្នុង​ចិត្ត​ទៀត​នោះ​ទេ»។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ការ​ពង្រឹង​អំណាច​របស់​លោក Xi ក៏​នឹង​បណ្ដាល​ឱ្យ​មាន​បញ្ហា​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ពេល​ខាង​មុខ​ផង​ដែរ។

កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន វិធានការ​តឹងតែង​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​ចិន និង​បណ្ដាល​ឱ្យ​មាន​ការ​អំពាវនាវ​ពី​អ្នក​តវ៉ា​នូវ​សេរីភាព​បន្ថែម​ទៀត។ ពលរដ្ឋ​ចិន​វ័យ​ចំណាស់​ក៏​បាន​តវ៉ា​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​ផ្នែក​សុខភាព។ បើ​ទោះបីជា​ការ​តវ៉ា​នេះ​ត្រូវ​បាន​បង្ក្រាប​ភ្លាមៗ​ក៏ដោយ ក៏​ការ​ខកចិត្ត​របស់​ពលរដ្ឋ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើនឡើង។

គណៈប្រតិភូ​ទះដៃ​ខណៈ​លោក​ប្រធានាធិបតី​ចិន​លោក Xi Jinping មក​ដល់​ពិធី​បិទកិច្ច​ប្រជុំ​សភា​ប្រជាជន ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៣។
គណៈប្រតិភូ​ទះដៃ​ខណៈ​លោក​ប្រធានាធិបតី​ចិន​លោក Xi Jinping មក​ដល់​ពិធី​បិទកិច្ច​ប្រជុំ​សភា​ប្រជាជន ក្នុង​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៣។

ការ​ពង្រឹង​អំណាច​របស់​លោក Xi អាច​បណ្ដាល​ឱ្យ​មាន​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើង។ លោក Lam បាន​និយាយ​ថា អាជ្ញាធរ​អាច​បង្កើន​ការ​ត្រួតត្រា​សង្គម​និង​បង្អាក់​មិន​ឱ្យ​មាន​ភាព​ចលាចល​ណា​មួយ​កើតឡើង​ម្ដង​ទៀត​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​មុន ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ព័ត៌មាន​ដែល​ប្រមូល​ដោយ​ការិយាល័យ​ទិន្នន័យ​ដែល​ទើប​បង្កើត​ឡើង​ថ្មី​របស់​ចិន។

លោក Chung បាន​និយាយ​ថា ការ​ប្រមូល​ផ្ដុំ​អំណាច​របស់​លោក Xi អាច​ប៉ះពាល់​ដល់​នយោបាយ​និង​សេដ្ឋកិច្ច​អន្តរជាតិ។

លោក Chung បាន​ចោទ​ជា​សំណួរ​ដូច្នេះ​ថា៖ «សម្រាប់​កម្រិត​មួយ​ចំនួន ខ្ញុំ​គិត​ថា​សង្គ្រាម​ត្រជាក់​បាន​ត្រឡប់​មក​វិញ​ហើយ។ ការ​ពង្រឹង​អំណាច​បន្ថែម​នេះ​ធ្វើ​ឱ្យ​ដំណើរការ​ទាំងមូល​កាន់តែ​ពិបាក​ជាង​មុន​នៅ​ក្នុង​ការ​ត្រឡប់​ក្រោយ​វិញ។ តើ​ប្រទេស​ចិន​ហ៊ាន​ប្រថុយ​ផ្នែក​យោធា​បន្ថែម​ទៀត​ដើម្បី​ការពារ​ខ្លួន​ដែរ​ឬ​ទេ?»។

លោក Li Shaomin សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Old Dominion University នៅ​រដ្ឋ Virginia សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា វា​ជា​ការ​សំខាន់​នៅ​ក្នុង​ការ​ចងចាំ​ថា​គណបក្ស​កុម្មុយនីស្ត​ចិន​មិន​ដែល​លះបង់​ភាព​ផ្ដាច់ការ​បែប​ឯក​បក្ស​នោះ​ទេ។

លោក Li បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​កិច្ចការ​បច្ចុប្បន្ន​របស់ VOA ភាសា​ចិន​ដូច្នេះ​ថា៖ «ឥឡូវ​នេះ ប្រទេស​ចិន​មាន​ភាព​រឹងមាំ​របស់​ជាតិ ដោយ​យល់​ថា​ខ្លួន​អាច​អនុវត្ត​អំណាច​ដាច់ណាត់​បាន។ ចិន​អាច​យារ​ដាវ​របស់​ខ្លួន​នៅ​ពី​មុខ​ពិភពលោក​បាន»៕

ប្រែសម្រួល​ដោយ​លោក ​ភី សុភាដា

XS
SM
MD
LG