មេដឹកនាំក្រុងហុងកុង អ្នកស្រី Carrie Lam ថ្លែងកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលហុងកុងនឹងពន្យារពេលការបោះឆ្នោតសភាដែលគេបានរំពឹងទុកយ៉ាងខ្លាំងនោះរយៈពេល១ឆ្នាំ ដោយលើកពីស្ថានភាពការឆ្លងរាតត្បាតជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរនៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តរបស់ចិនមួយនេះ។
អាជ្ញាធរហុងកុងបានប្រើប្រាស់បទបញ្ជាគ្រាអាសន្នមួយដើម្បីពន្យារការបោះឆ្នោតនេះ។
អ្នកស្រី Lam ថារដ្ឋាភិបាលហុងកុងទទួលបានការគាំទ្រពីរដ្ឋាភិបាលចិនចំពោះការសម្រេចនេះ។
នៅទីក្រុងហុងកុងដែលមានពលរដ្ឋចំនួន៧,៥លាននាក់ មានការកើនឡើងករណីឆ្លងកូវីដ១៩យ៉ាងខ្លាំងតាំងពីដើមខែកក្កដាមក។ គិតមកត្រឹមថ្ងៃសុក្រ ហុងកុងបានរាយការណ៍ការឆ្លង៣.២៧៣ករណី គឺជាងទ្វេដងនៃចំនួនកាលពីដើមខែកក្កដា។
ការលើកពេលការបោះឆ្នោតនេះជាខាតបង់ខ្លាំងមួយសម្រាប់ក្រុមប្រឆាំងហុងកុង ដែលបានសង្ឃឹមថានឹងទទួលបានការគាំទ្រកាន់តែច្រើនពីពលរដ្ឋដែលកំពុងមិនសប្បាយចិត្តនឹងសភាដែលមានតំណាងរាស្ត្រគាំទ្រទីក្រុងប៉េកាំងភាគច្រើន។
អ្នកតាក់តែងច្បាប់ហុងកុងបានចោទប្រកាន់រដ្ឋាភិបាលថាបានប្រើប្រាស់ការផ្ទុះរាតត្បាតនេះជាលេសដើម្បីពន្យារពេលការបោះឆ្នោត៕