ប៉ូលិសក្រុងហុងកុងបានបំបែកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីក្រុមអ្នកតវ៉ាទាំងនោះបានស្រែកចំអកដាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនខណៈពេលមន្ត្រីរូបនោះព្យាយាមពន្យល់អំពីសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្រុងប៉េកាំង លើការរឹតបន្តឹងការជ្រើសរើស តំណាងបេក្ខភាពសម្រាប់តំណែងអ្នកគ្រប់គ្រងថ្មីលើដែនដីហុងកុង។
អ្នកតវ៉ាលម្អៀងទៅលទ្ធិប្រជាធិបតេយ្យបានស្រែកចំអកដាក់លោក Li Fei នាយករងគណៈកម្មាធិការអចិន្ត្រៃយ៍សភាជាតិរបស់ប្រជាជនចិននៅពេលដែលមន្ត្រីជាន់ខ្ពស់ចិនរូបនោះផ្ដើមថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាហុងកុងកាលពីថ្ងៃម្សិលមិញ។
ទោះបីជាយ៉ាងណាក្ដីលោក Li បានបន្តថ្លែងសុន្ទរកថារបស់លោកក្រោយពេលដែលប៉ូលិសបានប្រើកម្លាំងបណ្ដេញក្រុមបាតុករចេញពីទីកន្លែងប្រជុំ។លោក អះអាងថាសេចក្ដីសម្រេចរបស់ទីក្រុងប៉េកាំងធ្វើឡើងដើម្បីការពារវិធានច្បាប់នឹងថែរក្សាស្ថិរភាពនៅក្នុងទីក្រុងហុងកុង។ក៏ប៉ុន្តែលោក Lester Shum អគ្គលេខាធិការរងនៃសហព័ន្ធនិស្សិតហុងកុងនិយាយថា ការស្រែកចំអករបស់ក្រុមអ្នកតវ៉ាដាក់ឲ្យលោក Li គឺជាការសម្ដែងការអាម៉ាស់និងការខូចចិត្តរបស់ប្រជារាស្ត្រហុងកុង៕