លោក Jason Chan បានមានប្រសាសន៍ថា គាត់នៅតែមានសំណួរច្រើនជាងចម្លើយជុំវិញបញ្ហាដែលថា តើអង្គការការពារសិទ្ធិកម្មកររបស់គាត់អាចបន្តការងារខ្លួននៅក្នុងប្រទេសចិន ក្រោមច្បាប់អង្គការថ្មីដែលដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំងដោយរបៀបណា។
បើទោះបីជាតាមផ្លូវច្បាប់ ទីក្រុងហុងកុង និងម៉ាកាវជាផ្នែកមួយនៃប្រទេសចិនយ៉ាងណាក្តី ច្បាប់អង្គការថ្មីចែងថា អង្គការដែលមានការិយាល័យនៅក្នុងតំបន់ទាំងពីរនេះ នឹងត្រូវស្ថិតក្រោមច្បាប់តែមួយដូចបណ្តាអង្គការក្រៅរដ្ឋាភិបាលបរទេសដែរ។ ច្បាប់នេះបានចែងច្បាស់ថា រាល់អង្គការក្រៅរដ្ឋាភិបាលទាំងអស់ មិនត្រូវធ្វើអ្វីដែល«ប៉ះពាល់ដល់ឯកភាពជាតិ សន្តិសុខជាតិ ឬឯកភាពជាតិសាសន៍នៃប្រទេសចិន ហើយមិនត្រូវបង្កឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិចិន ប្រយោជន៍សាធារណៈ និងសង្គម ក៏ដូចជាសិទ្ធិសេរីភាពដែលស្របទៅតាមផ្លូវច្បាប់ និងផលប្រយោជន៍ពលរដ្ឋ ក្រុមការងារផ្នែកច្បាប់ និងអង្គការនានានៅក្នុងប្រទេសចិននោះឡើយ»។
ក្នុងកិច្ចសម្ភាសន៍នៅការិយាល័យអង្គការរបស់លោកនៅក្រុងហុងកុង លោក Jason Chan ដែលជាអគ្គនាយកអង្គការ Labor Action China បានថ្លែងថា៖ «យើងចង់ដឹងណាស់ថា តើពាក្យសន្តិសុខជាតិហ្នឹងមានន័យថាយ៉ាងម៉េច?» លោកបានបន្តទៀតថា «បើមើលទៅវាហាក់បីដូចជាច្បាប់ហ្នឹងឲ្យអំណាចទៅក្រសួងសន្តិសុខសាធារណៈក្រោមពាក្យថា សន្តិសុខជាតិ ហ្នឹងខ្លាំងពេក»។
រដ្ឋាភិបាលចិនមិនបានបញ្ជាក់ថាសកម្មភាពបែបណាអាចប៉ះពាល់ដល់សន្តិសុខ និងឯកភាពជាតិនោះទេ ដែលនេះជាហេតុធ្វើឲ្យអង្គការនានាដូច អង្គការរបស់លោក Chan ជាដើមអាចស្ថិតនៅក្នុងភាពងាយរងគ្រោះ។
ច្បាប់នេះក៏តម្រូវឲ្យអង្គការដែលមានការិយាល័យក្រៅប្រទេសចិនឲ្យមានអ្នកធានា ឬបុគ្គលតំណាងជាជនជាតិចិនតាមផ្លូវការ ហើយដាក់កំហិតមិនឲ្យពួកគេរៃអង្គាសថវិកាសម្រាប់សកម្មភាពនយោបាយនៅក្នុងប្រទេសចិនឡើយ។
ច្បាប់នេះក៏ផ្តល់អំណាចដល់ប៉ូលិសច្រើនជាងមុនទៅលើអង្គការទាំងនោះ ហើយអនុញ្ញាតឲ្យអាជ្ញាធរអាចត្រួតពិនិត្យការិយាល័យ ហិរញ្ញវត្ថុ ឬរាល់សកម្មភាពនានារបស់អង្គការពេលណាក៏បាន។ អ្នករិះគន់រដ្ឋាភិបាលនិយាយថា ពួកគេធ្វើនេះគឺដើម្បីធ្វើបង្រួមឥទ្ធិពលក្រុមសង្គមស៊ីវិល និងអ្នកតស៊ូមតិ និងធ្វើឲ្យពួកគេពិបាកធ្វើការនៅក្នុងប្រទេសចិន។
អង្គការ China Labor Bulletinធ្វើការដើម្បីលើកកម្ពស់សិទ្ធិកម្មករនៅក្នុងប្រទេសចិន។
អង្គការ China Labor Bulletin មានការិយាល័យកណ្តាលនៅទីក្រុងហុងកុង ប៉ុន្តែអង្គការនេះមានដៃគូសហការការងារជាច្រើននៅក្នុងប្រទេសចិនដីគោក។ លោក Geoffrey Crothall ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ China Labor Bulletin បានមានប្រសាសន៍ថា ការងាររបស់អង្គការលោកបានចាប់ផ្តើមទទួលរងផលប៉ះពាល់ជាអវិជ្ជមានរួចទៅហើយ ដោយសារច្បាប់នេះមានភាពរឹតត្បិតកាន់តែខ្លាំងចំពោះអង្គការចិនជាដៃគូរបស់លោក។
គាត់បានថ្លែងបន្តទៀតថា៖ «បរិយាកាសឥឡូវនេះ គឺពិតជាពិបាកធ្វើការណាស់។ អង្គការមួយក្នុងចំណោមអង្គការផ្សេងទៀតដែលយើងធ្វើការជាមួយនៅខេត្តក្វាងទុង និងចិនភាគខាងត្បូងត្រូវបិទទ្វារ ហើយមន្ត្រីអង្គការជាន់ខ្ពស់ពីរនាក់ត្រូវបានចាប់ខ្លួន និងកំពុងរង់ចាំការកាត់ក្តី ដូច្នេះនេះគឺបញ្ហាប្រឈមដ៏ធំសម្រាប់យើង។ ប៉ុន្តែអង្គការផ្សេងនៅតែអាចបន្តការងារធ្វើបានដូចកាលពីមុន គ្រាន់តែថាលទ្ធភាពធ្វើការគឺមានកំណត់»។
សូម្បីតែអង្គការដែលមិនធ្វើការខាងផ្នែកនីតិរដ្ឋ ឬសិទ្ធិកម្មករ ដូចជាមូលនិធិសត្វអាស៊ី (Animals Asia Foundation) ដែលមានទីតាំងនៅក្រុងហុងកុងក៏និយាយដែរថា ពួកគេនឹងតាមដានការអនុវត្តច្បាប់នេះឲ្យដិតដល់។
លោកស្រី Jill Robinson ស្ថាបនិកនៃមូលនិធិសត្វអាស៊ីបានថ្លែងថា៖ «និយាយទៅ យើងត្រូវតែខំតាមដានច្បាប់នេះឲ្យមែនទែននៅពេលដែលគេចាប់ផ្តើមអនុវត្ត។ ច្បាប់នេះនៅមិនទាន់ចូលជាធរមាននៅឡើយទេ ទាល់តែដល់ខែមករា ឆ្នាំ២០១៧ ហើយយើងក៏ព្យាយាមធ្វើការជាមួយក្រសួងយុត្តិធម៌ប្រទេសចិនផងដែរ ដើម្បីឲ្យយល់ច្បាស់ពីគោលដៅទូទៅនៃច្បាប់នេះ ធ្វើដូចនេះយើងនឹងអាចត្រៀមខ្លួនបានរួចរាល់»។
លោកស្រីបន្តទៀតថា៖ «មកទល់ពេលនេះ មូលនិធិសត្វអាស៊ីមិនមានក្តីបារម្ភពីច្បាប់នេះប៉ុន្មានទេ ក៏ប៉ុន្តែដូចដែលខ្ញុំបាននិយាយអ៊ីចឹងគឺថា អង្គការយើងគឺជាអង្គការមួយក្នុងចំណោមអង្គការរាប់ពាន់ផ្សេងទៀត ហើយអង្គការនេះនឹងនៅតែបន្តធ្វើអ្វីទៅតាមទិសដៅដែលជាតម្រូវការ ដូចជាចុះឈ្មោះអង្គការដែលរដ្ឋាភិបាលចិនដាក់ឲ្យ»៕
ប្រែសម្រួលដោយ ហឿន សុភ័ក្រ្ត