ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​លើ​ផ្នែក​អប់រំ​បង្ក​ភាព​ចម្រូងចម្រាស​នៅ​ហុងកុង


និស្សិត​ចូលរួម​ក្នុង​បាតុកម្ម​មួយ​នៅ​ឯបរិវេណ​​សាកល​វិទ្យាល័យ​ Hong Kong University ឈាន​មុខ​មួយ​នៅ​ហុងកុង ថ្ងៃ​ទី​២០ ខែ​មករា​ ឆ្នាំ​២០១៦។​​
និស្សិត​ចូលរួម​ក្នុង​បាតុកម្ម​មួយ​នៅ​ឯបរិវេណ​​សាកល​វិទ្យាល័យ​ Hong Kong University ឈាន​មុខ​មួយ​នៅ​ហុងកុង ថ្ងៃ​ទី​២០ ខែ​មករា​ ឆ្នាំ​២០១៦។​​

ការ​អំពាវនាវ​​ឲ្យ​សិស្ស​​និស្សិត​នៅ​ក្រុង​ហុងកុង​ទទួល​បាន​ការ​បង្រៀន​ដែល​មាន​ទស្សនៈ​វិជ្ជមាន​ជាង​មុន​ទៅ​លើ​ចិន​ដី​គោក​ កំពុង​តែ​បង្ក​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ។

ការ​អំពាវនាវឲ្យ​សិស្សនិស្សិត​នៅ​ក្រុង​ហុងកុង​ទទួល​បាន​ការ​បង្រៀន​ដែល​មាន​ទស្សនៈ​វិជ្ជមាន​ជាង​មុន​ទៅ​លើ​ចិន​ដី​គោក​ កំពុង​តែ​បង្ក​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ។

អតីត​ប្រមុខ​ក្រុម​ប្រឹក្សា​នីតិបញ្ញត្តិ​នៅ​ក្រុង​ហុងកុង​នា​ពេល​ថ្មីៗ​បាន​និយាយ​ថា​ សាលា​នៅ​ហុងកុង​ផ្តល់​ទស្សនៈ​លម្អៀង​ដល់​សិស្សានុសិស្ស​អំពី​ចិន​ដី​គោក។

ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ចិន​ Xinhua លោកស្រី Rita Fan ​ដែល​បច្ចុប្បន្ន​ជា​សមាជិក​គណៈកម្មាការ​អចិន្រ្តៃយ៍​នៃ​សមាជប្រជាជន​ចិន​ បាន​និយាយ​ថា​ សិស្ស​នៅ​ហុងកុង​បាន​យល់​ដឹង​អំពី​កំហុស​របស់​រដ្ឋាភិបាល​កណ្តាល​ចិន​ ប៉ុន្តែ​ពួក​គេ​បាន​ដឹង​អំពីសមិទ្ធផល​របស់​រដ្ឋាភិបាល​បន្តិច​បន្តួច​ប៉ុណ្ណោះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាការ​អចិន្ត្រៃយ៍​សមាជ​ប្រជាជនចិន​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​ លោកស្រី Fan ក៏​បាន​និយាយ​ដែរ​ថា​ យុវជន​នៅហុងកុង​មិន​បាន​ដឹង​គ្រប់គ្រាន់​អំពី​ប្រវត្តិសាស្រ្ត​របស់​ចិន​ទេ។

សេចក្តី​អធិប្បាយ​របស់​លោកស្រី​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​លោកស្រី ​Emily Lau ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ (Democratic Party)។

លោកស្រី​ Lau ​បាន​មាន​ប្រសាសន៍​ថា​ អ្នក​តំណាង​ឲ្យ​ក្រុង​ហុងកុង​ប្រចាំ​រដ្ឋធានី​ប៉េកាំង​គួរ​តែ​តំណាង​ឲ្យ​ការ​ព្រួយ​បារម្ភ​និង​ទុក្ខ​ព្រួយ​របស់​ប្រជាជន​របស់​ក្រុង​នេះ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ។

លោកស្រី ​Lau ​បាន​លើក​ឡើង​ពី​ការ​ធ្វើ​បាតុកម្ម​នា​ពេល​ថ្មីៗ​នៅ​កោះ​ហុងកុង​ថា៖ «ពួកគេ​គួរ​តែ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​ជាង​នេះ​ អំពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ទី​នេះ។ ដូច្នេះ ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​ប៉េកាំង​ ពួក​គេ​អាច​ផ្តល់​នូវ​រួបភាព​ជាក់​លាក់​ និង​អ្វី​ដែលតំណាង​ឲ្យ​ទីក្រុង​នេះ​ ទៅ​កាន់​រដ្ឋាភិបាល​កណ្តាល​ច្បាស់​លាស់​ជាង​មុន»។

នៅ​ក្នុង​ឆ្នាំ​ ២០១២ កូន​សៀវភៅ​តូច​មួយ​ឈ្មោះ​ថា​ «គំរូ​ចិន» ឬ​ The China Model បានគូស​បញ្ជាក់​អំពីកំណែ​ទម្រង់​ដែល​គេ​បាន​គ្រង​ទុក​ សម្រាប់​ប្រព័ន្ធ​អប់រំ​នៅ​ទីក្រុង​ហុងកុង​ ហើយ​កូន​សៀវ​ភៅ​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ។ កូន​សៀវភៅ​នោះ​បាន​សរសើរគំរូ​អភិបាលកិច្ច​របស់​ប្រទេស​ចិន​ ហើយ​បាន​រិះគន់​លើ​ប្រព័ន្ធ​ពហុបក្ស។ សៀវភៅ​នោះ​ក៏​បានបញ្ចូល​នូវ​រូបភាព​មេដឹកនាំ​ចិន​ និង​បាន​សរសេរ​ថា​ បក្ស​កុម្មុយនីស្ត​ចិន​ «មាន​ការ​វិវត្ត​ទៅ​មុខ​ មិន​អាត្មានិយម​ និង​រួបរួមគ្នា»។

ប្រជាជន​រាប់​ពាន់​នាក់​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សិស្ស​វ័យ​ជំទង់​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កំណែ​ទម្រង់​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នោះ។

លោក​ Joseph Cheng ​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យបាន​និយាយ​ថា​ នេះគ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ជំរុញ​ជា​បន្តបន្ទាប់​ឲ្យ​មាន​កម្មវិធី​សិក្សា​មួយ​ ដែល​នឹង​បំផុស​គំនិត​ជាតិនិយម​នៅ​ក្នុង​ចំណោម​យុវជន​នៅ​កោះ​ហុងកុង។
លោក Cheng បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​មាន​ជំនឿ​ថា​ វិស័យ​អប់រំ​ នៅ​បឋមសិក្សា​និង​មធ្យម​សិក្សា​ ឥឡូវ​នេះ​កំពុង​ក្លាយ​ជា​ចំណុច​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​សំខាន់​របស់​រណសិរ្ស​រួបរួម​ដែល​គាំទ្រ​រដ្ឋាភិបាល​ចិន។​ ពួកគេ​ពិត​ជា​កំពុង​តែ​ទាមទារ​នូវ​កម្មវិធី​សិក្សា​បែប​ជាតិ​និយម​ខ្លាំង​ជាង​មុន​ យ៉ាង​ជាក់​ច្បាស់»។

កាល​ពី​ខែ​មុន​ ការិយាល័យ​អប់រំ​របស់​ក្រុង​ហុងកុង​បាន​បញ្ចេញ​នូវ​ឯកសារ​សម្រាប់​ប្រឹក្សា​យោបល់​ ដែល​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​នៅ​ហុងកុង​ «ទទួល​ស្គាល់​និង​អាន​ភាសា​ចិន​ដែល​ត្រូវ​បាន​សម្រួល​ ដើម្បី​ពង្រីក​ជម្រើស​អំនាន​របស់​សិស្ស​ ក៏​ដូចជា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សិស្ស​នៅ​ចិន​ដីគោក​ និង​នៅ​បរទេស»។

​ទីក្រុង​ហុងកុងប្រើ​អក្សរ​ចិន​បែប​ប្រពៃណី ចំណែកចិន​ដី​គោក​ប្រើ​យ៉ាង​ទូលំទូលាយ​នូវអក្សរ​កែ​សម្រួលដោយ​បាន​កាត់​បន្ថយ​គំនូស​ជាច្រើន​ពី​អក្សរ​បុរាណ​នោះ។​ ឯកសារ​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​និង​ការ​តវ៉ា​ផ្សេងៗ ហើយ​ចាប់​តាំង​ពី​ការ​បញ្ចេញ​នូវ​ឯកសារ​ទាំងនោះ​មក​ ការិយាល័យ​អប់រំ​បាន​និយាយ​ថា​ ខ្លួន​មិន​មាន​បំណង​ណា​មួយក្នុង​ការ​ជំនួស​អក្សរ​បែប​ប្រពៃណី ​(បុរាណ)​ ដោយ​ការ​ជ្រើស​យក​ទម្រង់​បែប​សាមញ្ញ​ជាង​មុន​ឡើយ។

ការ​ជជែក​ដេញដោល​ពាក់ព័ន្ធ​នឹង​អក្សរ​ចិន​បាន​កើត​ឡើង​នៅ​ក្នុង​ខែ​តែ​មួយ ​នៅ​ពេលដែល​កុប្បកម្ម​បាន​ផ្ទុះ​ឡើង​នៅ​តំបន់​ Mong Kok ទី​ដែល​ក្រុម​បាតុករ​បាន​និយាយ​ថា​ ពួកគេ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ភាព​រិចរិល​នៃ​វប្បធម៌​ប្រពៃណី​របស់​ទីក្រុង​ហុងកុង។

នាង Sally Tang ​Mei-Ching ​ប្រមុខ​អង្គភាព​នយោបាយ​ Socialist Action និយាយ​ថា​ យុវជន​នៅ​ទីក្រុង​ហុងកុង​ប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​នឹង​កំណើន​ឥទ្ធិពល​ផ្នែក​នយោបាយ​និង​វប្បធម៌​ពី​សំណាក់​ចិន​ដី​គោក​ទៅ​លើ​ទីក្រុង​នេះ។

នាង​បាន​និយាយ​ថា៖ «ពួកគេ​បង្រៀន​សិស្ស​ឲ្យ​ចេះឲ្យ​តម្លៃ​វិជ្ជមាន​ទៅ​លើ​បក្សកុម្មុយនីស្ត​ ប៉ុន្តែ​នៅ​ក្នុង​បែប​ផែន​មួយ​ដែល​លម្អៀង​យ៉ាង​ខ្លាំង។​ ដូច្នេះ​ហើយ​ បាន​ជា​ប្រជាជន​វ័យ​ក្មេង​ពិត​ជា​មាន​ការ​ស្អប់​ខ្ពើម​ប្រទេស​ចិន​យ៉ាង​ខ្លាំង​ មិនមែន​ប្រទេស​ចិន​ទាំង​មូល​ទេ ប៉ុន្តែ​របប​ដឹកនាំ​របស់​ប្រទេស​ចិន​ ពីព្រោះ​យើង​ចង់​បាន​សិទ្ធិ​តាម​បែប​ប្រជាធិបតេយ្យ»។

កាល​ពី​សប្តាហ៍​មុន​ លោក ​Joshua Wong​ សកម្មជន​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ ​ដែល​បាន​បង្កើត​ក្រុម​និស្សិត​សកម្មជន​ ឬ​ Scholarism ​នៅ​ក្នុង​ឆ្នាំ​២០១១​ បាន​ប្រកាស​ពី​ការ​រំសាយ​ក្រុម​របស់​ខ្លួន។ ក្រុម​នោះ​ គឺ​ជា​ក្រុម​មួយ​ដែល​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​តវ៉ា​នៅ​ឆ្នាំ​២០១២​ ប្រឆាំង​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​ទីក្រុង​ហុងកុង។

នៅ​ក្នុង​ខែ​នេះ​ លោក​ Wong ​គ្រោង​នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ ហើយ​ឥឡូវ​នេះ​លោក​កំពុងកោះ​ហៅ​ឲ្យ​ទីក្រុង​ហុងកុង​ប្រកាស​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ​២០៤៧​ ជា​ពេលដែលកិច្ចព្រម​ព្រៀង​នៃ​ការ​ប្រគល់​ទីក្រុង​ហុងកុង​រវាង​ប្រទេស​ចិន​និង​អង់គ្លេស​ត្រូវ​ផុត​កំណត់៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG