ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាត់​ខ្លួន​អ្នក​បោះ​ផ្សាយ​លក់​សៀវភៅ​នៅ​កោះ​ហុង​កុង​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​ឥទ្ធិពល​របស់​ចិន


បាតុករ​គណបក្ស​ស៊ីវិល​គាំទ្រ​ប្រជាធិបតេយ្យ​កាន់​រូប​អ្នក​ចុះផ្សាយ​លក់​សៀវភៅ​លោក Lee Bo (ខាងឆ្វេង) និង​ លោក Gui Minhai នៅខាង​ក្រៅ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​ចិន​ដី​គោក​នៅកោះហុងកុង​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០១៦។
បាតុករ​គណបក្ស​ស៊ីវិល​គាំទ្រ​ប្រជាធិបតេយ្យ​កាន់​រូប​អ្នក​ចុះផ្សាយ​លក់​សៀវភៅ​លោក Lee Bo (ខាងឆ្វេង) និង​ លោក Gui Minhai នៅខាង​ក្រៅ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​ចិន​ដី​គោក​នៅកោះហុងកុង​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០១៦។

នៅ​ខណៈពេល​​ដែល​អាថ៌កំបាំង​ការ​បាត់​ខ្លួន​នៃ​ក្រុម​អ្នក​លក់​សៀវភៅ​នៅ​កោះ​ហុងកុង​កំពុង​តែ​បន្ត​​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា​ អ្នក​ចុះផ្សាយ​លក់​សៀវភៅ​ពីរ​នាក់​នៅ​ក្នុង​ចំណោម​​ប្រាំ​នាក់​ដែល​បាន​បាត់​ខ្លួន​នោះ​ គឺ​ស្ថិត​នៅ​ចិន​ដី​គោក។​ ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​ការព្រួយ​បារម្ភ​នៅ​កោះ​ដែល​ជា​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​ អំពី​ចិន​ដែល​កំពុង​តែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ ដើម្បី​ធ្វើការ​គំរាម​ និង​ឃុំឃាំង​អ្នករិះគន់​ដែល​ស្ថិត​នៅ​ក្រៅ​ព្រំដែន​ចិន​ដី​គោក។​

នៅ​ពាក់កណ្តាល​ខែ​មករា​ ក្រុម​មន្រ្តី​សន្តិសុខ​ចិន​បាន​បញ្ជាក់​ថា​ អ្នក​បោះពុម្ព​សៀវភៅ​ លោក Lee Bo ស្ថិត​នៅ​ចិន​ដី​គោក។ លោក​ Lee ដែល​មាន​កាន់​លិខិត​ឆ្លង​ដែន​អង់គ្លេស​ បាន​បាត់​ខ្លួន​កាល​ពី​៣សប្តាហ៍​មុន​ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​មួយ​ទៅ​កាន់​ឃ្លាំង​របស់​ក្រុមហ៊ុនលោកនៅ​កោះ​ហុងកុង។

ការ​បញ្ជាក់​ដោយ​ក្រុម​មន្រ្តី​នៅ​ខេត្ត Guangdong ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​អ្នក​រួម​ការងារ​របស់​លោក Lee លោក Gui Minhai បាន​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ CCTV ធ្វើ​ការ​សារភាព​ពី​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​គេច​មួយ​នៅ​ចិន​ដី​គោក​កាល​ពី​ឆ្នាំ​២០០៣។​ លោក Gui បាន​បាត់​ខ្លួន​នៅ​ស្រប​ពេល​ដែល​លោក​កំពុង​ស្ថិត​នៅ​ក្នុង​វិស្សមកាល​នៅ​ប្រទេស​ថៃ។​ ពួក​គេជា​មនុស្ស​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​ចុះ​ផ្សាយ​បោះពុម្ព​ប្រាំ​នាក់​ដែល​បាន​បាត់​ខ្លួន​កាល​ពី​ពីរបី​ខែ​មុន។

លោក​ Albert Ho គឺ​ជា​តំណាងរាស្រ្ត​គណបក្ស​ប្រជាធិបតេយ្យ​កោះ​ហុងកុង (Hong Kong Democratic Party)​បាន​និយាយ​ថា​ ការ​បាត់​ខ្លួន​អ្នក​ចុះ​ផ្សាយ​លក់​សៀវភៅ​បាន​បង្កឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា​ ចិន​កំពុង​ចាប់​បង្ខាំង​ប្រជាជន​កោះ​ហុងកុង​ណា​ ដែល​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

«នេះ​ពិត​ជា​ ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​មួយទៅ​កាន់​ប្រជាជន​កោះ​ហុងកុង​ ដោយសារ​តែ​វា​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ និង​សន្តិសុខផ្ទាល់​ខ្លួនរបស់​ប្រជាជន។ វា​មាន​សារសំខាន់​ជាង​ការ​វិវត្ត​ផ្នែក​នយោបាយ​ ឬ​ប្រជាធិបតេយ្យ​នីយកម្ម។ វា​ពាក់ព័ន្ធជាមួយនឹង​ថា​តើ​រាល់​ប្រជាជន​កោះ​ហុងកុង​មាន​ភាព​ងាយ​រងគ្រោះ​នឹង​ការ​ចាប់​យក​ទុក​មួយ​កន្លែង​ ឬ​ការ​ចាប់​បង្ខាំង។

នា​សប្តាហ៍​នេះ តំណាង​រាស្រ្ត​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លោក​ Jasper Tang ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​លោក​ផង​ដែរ។ លោក​ Tsang បាន​និយាយ​ថា របាយការណ៍​ពី​ប៉ុស្តិ៍​ទូរទស្សន៍ CCTV មិន​បាន​ធ្វើ​ឲ្យ​សាធារណជន​នៅ​កោះ​ហុងកុងស្ងប់​អារម្មណ៍​នោះ​ទេ ហើយ​នៅ​ស្រប​ពេល​ដែល​ករណី​នេះ​អូស​បន្លាយ​ទៅ​មុខ​ សំណួរ​ជា​ច្រើន​នឹង​ត្រូវ​លើក​ឡើង។ លោក​បាន​និយាយ​ថា ប្រសិន​បើ​សេចក្តី​លម្អិត​ផ្សេងៗ​ទៀត​មិន​ត្រូវ​បានបំភ្លឺ​ឡើង រដ្ឋាភិបាល​កោះ​ហុងកុង​គួរ​តែ​ស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល​កណ្តាល​នៅ​ក្រុង​ប៉េកាំង។

ការ​បាត់​ខ្លូន​របស់​ក្រុម​អ្នក​ចុះ​ផ្សាយ​លក់​សៀវភៅ​បាន​បំផុស​ឲ្យ​ប្រជាជន​រាប់​ពាន់​នាក់​ធ្វើ​ការ​ដង្ហែ​ក្បួន​តវ៉ា​នៅ​កោះ​ហុងកុង​កាល​ពី​ដើម​ខែ​នេះ ដោយ​ទាមទារ​សុំ​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ក្រុម​អ្នក​ចុះ​ផ្សាយ​លក់​សៀវភៅ​ដែល​បាន​បាត់ខ្លួន​ ហើយ​បាតុករ​មួយ​ចំនួន​បាន​និយាយ​ថា រដ្ឋាភិបាល​កោះ​ហុងកុង​ត្រូវ​ធ្វើ​ការ​តំណាង​ឲ្យ​ប្រយោជន៍​ប្រជាជន​កោះ​ហុងកុង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​នៅ​ពេល​ដោះស្រាយ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក William Nee នៅ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty Internationalបាន​និយាយ​ថា «​រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​ការ​ប្រុងប្រយ័ត្ន​នៅ​ក្នុង​រយៈពេល​វែង​នៅ​ក្នុង​ការ​ធានា​ថា​ សិទ្ធិ​ដែល​ចែង​នៅ​ក្នុង​ច្បាប់​មូលដ្ឋាន​ត្រូវ​បាន​យក​មក​អនុវត្ត​យ៉ាង​ពិតប្រាកដ»។

លោក​ Lee ​លោក Gui និង​សមាជិក​រួម​ការងារ​របស់​ពួក​លោក​បាន​ចេញ​ផ្សាយ​សៀវភៅ​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ចិន​ដី​គោក ហើយ​សៀវភៅ​ទាំង​នោះ​ជា​ញឹកញាប់​មាន​ផ្ទុក​នូវ​ព័ត៌មាន​ត្រេកត្រអាល​នៃ​ជីវិត​ឯកជន​របស់​មេដឹកនាំ​ចិន។ នា​ខែ​នេះ ហាង​លក់​សៀវភៅ​មួយ​ចំនួន​នៅ​កោះ​ហុងកុង​បាន​ដក​ចេញ​សៀវភៅ​ដែល​សរសេរ​រិះគន់​រដ្ឋាភិបាល​ចិន​ចេញ​ពី​ធ្នើរ​តាំង​សៀវភៅ​របស់​ពួកគេ។​ លោកស្រី Emily Lau គឺ​ជា​ប្រមុខគណបក្ស​ប្រជាធិបតេយ្យ​កោះ​ហុងកុង។

«យើង​បាន​ឮ​សេចក្តី​រាយ​ការណ៍​អំពី​ហាង​លក់​សៀវភៅ​ដទៃ​ទៀត​ដែល​បាន​ដក​ចេញ​យ៉ាង​រហ័ស​នូវ​សៀវភៅ​ ដែល​ពួកគេ​គិត​ថា​ប្រហែល​មាន​លក្ខណៈ​វាយប្រហារ​ទៅ​លើ​ក្រុម​អាជ្ញាធរ​នៅ​ចិន​ដី​គោក​ ឬ​ថែម​ទាំង​មិន​ហ៊ាន​បោះពុម្ព​ផ្សាយ​នូវ​សៀវភៅ​មួយ​ចំនួន​ថែមទៀត​ផង»។

ប៉ូលិស​កោះ​ហុងកុង​និយាយ​ថា​ អាជ្ញាធរ​ខេត្ត​ Guandong ក៏​បាន​ផ្ញើ​បន្ត​ឲ្យ​ពួកគេ​នូវ​សំបុត្រ​ពី​លោក Lee ទៅ​កាន់​រដ្ឋាភិបាល​កោះ​ហុងកុង​។ ប៉ូលិស​និយាយ​ថា សំបុត្រ​នោះ​មាន​លក្ខណៈ​ស្រដៀង​នឹង​សំបុត្រ​ដែល​លោក Lee បាន​សរសេរ​ទៅ​កាន់​ភរិយា​របស់​លោក ដោយ​និយាយ​ថា លោក​បាន​ធ្វើ​ដំណើរ​ «ដោយ​ស្ម័គ្រចិត្ត​» ទៅ​កាន់​ចិន​ដី​គោក​ ដើម្បី​ជួយ​ក្រុម​អាជ្ញាធរ​ជាមួយ​នឹង​ការ​ស៊ើបអង្កេត​មួយ៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG