បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងបានឆាឆៅប្រធានប្រតិបត្តិរបស់ដែនដីនោះនៅថ្ងៃពុធនេះក្នុងអំឡុងពេលនៃពិធីដើម្បីប្រារព្ធខួបលើកទី៦៥នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។
នៅឯពិធីមួយនៃការលើកទង់ជាតិនៅទីលាន Bauhinia ពួកសកម្មជនខ្លះបានស្រែករិះគន់ក្នុងអំឡុងពេលនៃការគោរពភ្លេងជាតិ។ បាតុករខ្លះទៀតបែរខ្នងដាក់ទង់ជាតិ។ អ្នកខ្លះទៀត ស្រែកទាមទារឲ្យប្រធានប្រតិបត្តិ Leung Chun –Ying ចុះចេញពីតំណែង។
ពិធីនោះកត់សម្គាល់ថ្ងៃបុណ្យជាតិនៃប្រទេសចិន បានកើតមានឡើងនៅពេលដែលបាតុកររាប់ម៉ឺននាក់បន្តកាន់កាប់តំបន់សំខាន់ៗ៣នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តរបស់ចិននៅក្នុងការខំប្រឹងប្រែងមួយដើម្បីជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យ។
គ្មានសេចក្តីរាយការណ៍ពីអំពើហិង្សាទេចាប់តាំងពីថ្ងៃអាទិត្យមកនៅពេលដែលប៉ូលិសបានប្រើគ្រាប់បែកផ្សែងយ៉ាងច្រើនហើយនិងការបាញ់ឲ្យឈ្លក់ ដែលមិនបានទទួលជោគជ័យនៅក្នុងការប៉ុនប៉ងបំបែកហ្វូងបាតុករនោះ។
បាតុករកំពុងទាមទារឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងបោះបង់ចោលផែនការរបស់ខ្លួនដើម្បីធ្វើការបោះឆ្នោតឆ្នាំ២០១៧ដោយអនុញ្ញាតិឲ្យមានការបោះឆ្នោតសាធារណៈ ក៏ប៉ុន្តែនឹងតែងតាំងគណៈកម្មាធិការមួយដើម្បីជ្រើសរើសបេក្ខជនមួយដើម្បីពិនិត្យអ្នកដាក់ពាក្យសុំឈរឈ្មោះ។
នៅក្នុងសន្ទរកថា លោក Leung ប្រធានប្រតិបត្តិបាននិយាយថា ផែនការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមានភាពប្រសើរជាងវិធីនៅពេលបច្ចុប្បន្ននេះ៕