សភា​ក្រុង​ហុងកុង​ពន្យារពេល​ពិភាក្សា​អំពី​សំណើ​ច្បាប់​បត្យាប័ន​ដ៏​ប្រទាំង​ប្រទើស

ប៉ូលិសបង្រ្កាបបាតុកម្មបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅខាងក្រៅសភាកោះហុងកុង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

អ្នកស្រី Carrie Lam ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង គាំទ្រ​ចំពោះ​សំណើ​ច្បាប់​នេះ ដោយ​មិន​ខ្វល់​អំពី​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​ពលរដ្ឋ​ហុងកុង​រាប់​សែន​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នោះ​ទេ។

នៅ​ថ្ងៃ​ពុធ​នេះ ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​អាគារ​នានា​របស់​រដ្ឋាភិបាល។ ក្រុម​បាតុករ​ទាំង​នេះ​តវ៉ា​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន​ថ្មី​របស់​ទីក្រុង​ហុងកុង។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​ប្រកាស​ថា សភា​នឹង​ពន្យារពេល​ការ​ប្រជុំ​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ អំពី​ការ​ដេញដោល​រឿង​សំណើ​ច្បាប់​ដ៏​ប្រទាំង​ប្រទើស​នេះ។ សំណើ​ច្បាប់​នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ជាង​មុន​ដល់​អាជ្ញាធរ​នៅ​ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ប្រទេស​ណា​ដែល​ទីក្រុង​ហុងកុង​គ្មាន​កិច្ច​ព្រមព្រៀង​រយៈពេល​វែង​ជាមួយ ដូចជា​ប្រទេស​ចិន​ដី​គោក​ជា​ដើម។កន្លែង​អាជីវកម្ម​រាប់​រយ​កន្លែង​បាន​ប្រកាស​អំពី​គោល​បំណង​របស់​ខ្លួន​នៅ​ក្នុង​ការ​បិទ​ហាង ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទៅ​ចូលរួម​បាតុកម្ម​ដែល​គ្រោង​ទុក​រួច​ហើយ។

សភា​ក្រុង​ហុងកុង​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​បញ្ជាក់​ថា ការ​ប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ​ត្រូវ​ប្ដូរ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ។

អ្នកស្រី Carrie Lam ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង គាំទ្រ​ចំពោះ​សំណើ​ច្បាប់​នេះ ដោយ​មិន​ខ្វល់​អំពី​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​ពលរដ្ឋ​ហុងកុង​រាប់​សែន​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នោះ​ទេ។

ការ​ធ្វើ​បត្យាប័ន​បញ្ជូន​មនុស្ស​ទៅ​កាន់​ប្រទេស​ចិន​ដី​គោក ដែល​ជា​អ្វី​ដែល​គេ​រំពឹង​ទុក​ជា​ពិសេស​នៅ​ក្នុង​សំណើ​ច្បាប់​នេះ គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រុង​ហុងកុង ដែល​មាន​តាំង​ពី​ក្រុមហ៊ុន​អាជីវកម្ម​អន្តរជាតិ​នានា​រហូត​ដល់​ក្រុម​អ្នក​ច្បាប់ និង​សកម្មជន​ប្រជាធិបតេយ្យ​ជា​ដើម មាន​ការ​ព្រួយ​បារម្ភ។ សំណើ​ច្បាប់​នេះ​ក៏​រង​ការ​រិះគន់​ផង​ដែរ​ពី​សហគមន៍​អន្តរជាតិ ដែល​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ទីក្រុង​ហុងកុង ដែល​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ជូន​ប្រទេស​ចិន​វិញ​កាល​ពី​ឆ្នាំ ១៩៩៧ ទទួល​បាន​សិទ្ធិ​ជា​តំបន់​ស្វយ័ត​ពិសេស​រយៈពេល ៥០ ឆ្នាំ។ ប៉ុន្តែ ពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ហុងកុង​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​ចិន​កំពុង​ទន្ទ្រាន​បន្តិច​ម្ដងៗ​លើ​សិទ្ធិ​ស្វយ័ត​នេះ និង​ពង្រីក​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ទីក្រុង​នេះ៕