នាយកប្រតិបត្តិទីក្រុងហុងកុងលោកស្រី Carrie Lam នៅថ្ងៃអង្គារនេះបានថ្លែងថា លោកស្រីបើកចំហរដើម្បីធ្វើការសន្ទនាជាមួយនឹងក្រុមបាតុករ ក៏ប៉ុន្តែថារដ្ឋាភិបាលនឹងមិនអត់ធ្មត់ចំពោះអំពើហិង្សាទេ។
លោកស្រី Lam បានថ្លែងដូច្នេះថា «ប្រសិនបើអំពើហិង្សានៅតែបន្តកើតឡើង រឿងតែមួយគត់ដែលយើងគួរធ្វើគឺត្រូវបំបាត់អំពើហិង្សាតាមរយៈការអនុវត្តច្បាប់»។
លោកស្រីបានថ្លែងបន្ថែមទៀតថា វាជាការមិនសមរម្យទាល់តែសោះដែលរដ្ឋាភិបាលត្រូវយល់ព្រមតាមការទាមទាររបស់ក្រុមបាតុករដែលជាភាគីបង្កហិង្សានិងការយាយី។
លោកស្រី Lam បានថ្លែងបន្តទៀតថា «យើងចង់បញ្ចប់ស្ថានភាពវឹកវរនៅក្នុងទីក្រុងហុងកុង តាមរយៈការពង្រឹងច្បាប់។ ហើយស្របពេលជាមួយគ្នានេះយើងនឹងមិនបោះបង់ចោលការបង្កើតវេទិកាសន្ទនានោះទេ»។
លោកស្រី Lam បានធ្វើអត្ថាធិប្បាយជាសាធារណៈពីរបីលើករួចមកហើយ នៅអំឡុងពេលបាតុកម្មជាច្រើនខែមកនេះ ដែលផ្តើមចេញពីការអំពាវនាវឲ្យបញ្ឈប់សំណើច្បាប់បត្យាប័ន ហើយបន្ទាប់មកបាតុករបានបន្ថែមការទាមទារមួយចំនួនទៀត រួមទាំងលទ្ធិប្រជាធិបតេយ្យពេញលេញផងដែរ។
ក្រុមបាតុករមានគម្រោងបន្តបាតុកម្ម ដែលជាការគំរាមកំហែងខ្លាំងបំផុតចំពោះសន្តិភាពនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅតំបន់អាស៊ីមួយនេះ ចាប់តាំងពីអង់គ្លេសបានប្រគល់ទឹកដីហុងកុងឲ្យទៅប្រទេសចិនវិញកាលពីឆ្នាំ១៩៩៧។ ក្រុមបាតុករបាននិយាយថា ពួកគេកំពុងធ្វើបាតុកម្មប្រឆាំងទៅនឹងអ្វីដែលពួកគេមើលឃើញថាជាការលុបបំបាត់សិទ្ធិនានានៅក្រោមការរៀបចំ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលស្ថិតក្រោមការសន្មតរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការគ្រប់គ្រងដែនដីមួយនេះ។
ប៉ូលិសបានចាប់ខ្លួនមនុស្សជាង៨០នាក់នៅអំឡុងពេលបាតុកម្មកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលរួមទាំងការប៉ះទង្គិចគ្នាជាមួយមន្ត្រីប៉ូលិសផងដែរ៕