លោកស្រី Carrie Lam នាយកប្រតិបត្តិទីក្រុងហុងកុងនិយាយថា ការតវ៉ាប្រឆាំងដោយហិង្សានៅទូទាំងសហរដ្ឋអាមេរិកជាឧទាហរណ៍របស់រដ្ឋាភិបាលបរទេសអនុវត្តនូវ «ស្តង់ដារ២» នៅពេលដែលនិយាយពីវិធីដោះស្រាយរបស់ចិនដើម្បីបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងកាលពីមួយឆ្នាំមុន។
លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពី សប្តាហ៍មុនថា សហរដ្ឋអាមេរិកលែងចាត់ទុកស្វ័យភាពរបស់ទីក្រុងហុងកុងដាច់ចេញពីការគ្រប់គ្រងរបស់ចិនទៀតហើយ បន្ទាប់ពីសភាប្រថាប់ត្រារបស់ចិនដីគោកបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងរារាំង និងដាក់ទណ្ឌកម្មសកម្មភាពបំបែករដ្ឋ វិទ្ធង្សនា ឬភេរវកម្មដែលគំរាមកំហែងសន្តិសុខជាតិ និងអនុញ្ញាតឲ្យអង្គការសន្តិសុខជាតិចិនបង្កើតទីភ្នាក់ងារនៅក្នុងក្រុងហុងកុង។
លោកស្រី Lam បានប្រាប់ពួកអ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក និងរដ្ឋាភិបាលផ្សេងទៀតដែលបានរិះគន់ចិនមានការព្រួយកង្វល់អំពីសន្តិសុខជាតិរបស់ខ្លួនឯងខ្លាំងបំផុត ក៏ប៉ុន្តែស្តីពីសន្តិសុខជាតិរបស់យើង ពួកគេមិនបានគិតដល់។
លោកស្រីបានហៅការចាប់អារម្មណ៍របស់ពួកអ្នកយកព័ត៌មានដល់ប្រតិកម្មក្នុងសហរដ្ឋអាមេរិកអំពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងកាលពីឆ្នាំទៅ ហើយបានប្រៀបធៀបថាតើពួកអាជ្ញាធរមូលដ្ឋានក្នុងសហរដ្ឋអាមេរិកដោះស្រាយភាពចលាចលបណ្តាលមកពីស្លាប់របស់បុរសស្បែកខ្មៅនៅក្នុងការឃុំឃាំងរបស់ប៉ូលិសក្នុងក្រុងមីនីអាប់ប៉ូលីសកាលពីសប្តាហ៍មុននោះយ៉ាងដូចម្តេច។
ដោយមានក្រុមហ៊ុនអាមេរិកាំងចំនួន១ពាន់៣រយដែលកំពុងរកស៊ីនៅទីក្រុងហុងកុង លោកស្រី Lam បានព្រមានថា សហរដ្ឋអាមេរិកនឹងប៉ះពាល់ផលប្រយោជន៍ខ្លួនឯង ប្រសិនបើរដ្ឋបាលរបស់លោកត្រាំផ្អាកការផ្តល់ឋានៈភាពអនុគ្រោះរបស់ទីក្រុងហុងកុងដែលបានធ្វើឲ្យទីក្រុងនេះក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិកនោះ៕