ភាពយន្ត​របស់​ហុងកុង​បង្ហាញ​ពី​អនាគត​​ខ្មៅ​ងងឹត​របស់​ក្រុង​នេះ

ក្រុម​បាតុករ​ដុត​ភ្លើង​ប្រឆាំង​នឹង​ប៉ូលិស​ក្នុង​ស្រុក Mong Kok ក្រុង​ហុងកុង កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ភាពយន្ត​ឯករាជ្យ​​ស្តីពី​ការ​ស្វែង​រក​អំពី​ការ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ​នៅ​ក្នុង​ទីក្រុង​ហុងកុង កំពុង​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ទស្សនា និង​មាន​ការ​ខឹង​សម្បារ​ពី​រដ្ឋាភិបាល​កណ្តាល​របស់​ចិន។

ភាពយន្ត​ឯករាជ្យ​ដែល​ត្រូវ​បាន​ចំណាយ​ប្រាក់​តិចតួច​ក្នុង​ការ​ផលិត​នៅ​ទីក្រុង​ហុងកុង​ ទទួល​បាន​ប្រជាប្រិយភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ហើយ​សាច់រឿង​ស្តីពី​ការ​ស្វែង​រក​អំពី​ការ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ​នៅ​ក្នុង​ទីក្រុង​ហុងកុង កំពុង​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ទស្សនា និង​មាន​ការ​ខឹង​សម្បារ​ពី​រដ្ឋាភិបាល​កណ្តាល​របស់​ចិន។

ភាពយន្ត​ដ៏​ល្បី​លក្ខណៈ​អន្តរជាតិ​ ដែល​មាន​ចំណង​ជើង​ថា​ Star Wars ធ្វើ​ឲ្យ​កក្រើក​ក្នុង​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​ ប៉ុន្តែ​ យ៉ាង​ហោច​ណាស់​នៅ​ក្នុង​រោងភាពយន្ត​មួយ​នៅ​កោះ​ហុងកុង​ ភាពយន្ត​ផលិត​ក្នុង​ស្រុក​ Ten Years បាន​ស្ថិតនៅ​ចំណាត់​កំពូល​លើ​ភាពយន្ត Star Wars។ ភាពយន្ត Ten Years ពិពណ៌នា​ពី​ទិដ្ឋភាព​នៃ​កោះ​អតីត​អាណានិគម​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ​អាច​ទៅ​ជា​យ៉ាង​ណា​ក្នុង​ឆ្នាំ​២០២៥​ នៅ​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ផ្តាច់​ការ​របស់​ចិន​ដី​គោក។​

លោក Joseph Cheung ដែល​ជា​សកម្មជន​នយោបាយ​ម្នាក់​និយាយ​ថា ភាព​ជោគជ័យ​របស់​ភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​ដែល​ពលរដ្ឋ​មាន​ចំពោះ​អតីតកាល​របស់​ហុងកុង និង​ការ​ភ័យ​ខ្លាច​នា​ពេល​អនាគត។

«ដូច្នេះ​ យើង​ឃើញ​ថា​ ពលរដ្ឋ​ហុងកុង​ជាច្រើន​ចង់​ធានា​ឲ្យ​បាន​ថា ពួកគេ​អាច​ប្រើប្រាស់​ឱកាស​ទាំង​អស់​ដើម្បី​បំពេញ​នូវ​ក្តី​ប្រាថ្នា​ ក៏ដូចជា​គោលបំណង​របស់​ពួកគេ​ ដើម្បី​ការពារ​គុណ​តម្លៃ​មូលដ្ឋាន​ និង​របៀប​រស់​នៅ​របស់​ពួកគេ។ ខ្ញុំ​ជឿ​ថា​ អត្រា​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​ចំនួន​៤៧​ភាគរយ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ស្រុក​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន​ជា​ទកល្ហីករ​ស្រាប់»។

ភាពយន្ត​នេះ​ត្រូវ​បាន​ផលិត​ និង​ដឹកនាំ​ដោយ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជាច្រើន​ ហើយ​រួម​មាន​រឿង​ខ្លីៗ​ចំនួន​៥​ ដែល​ទស្សន៍ទាយ​ពី​អនាគត​ខ្មៅ​ងងឹត​សម្រាប់​ទីក្រុង​នេះ។​ រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំង​នោះ​បង្ហាញ​ពី​អ្នក​តវ៉ា​ម្នាក់​ដែល​បាន​ធ្វើ​អត្តឃាត​នៅ​ពី​មុខ​កុងស៊ុល​របស់​ចក្រភព​អង់គ្លេស​ ហើយ​រឿង​ផ្សេង​ទៀត​បង្ហាញ​ពី​ការ​វាយ​កម្ទេច​តូប​សៀវភៅ​ក្នុង​ស្រុក​របស់​មន្រ្តី​ប៉ូលិស​ក្មេងៗ​ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ​ដែល​និយាយ​ភាសា​ចិន​កាតាំង (Cantonese)។

លោក Andrew Choi ដែល​ជា​ផលិតករ​ភាពយន្ត​នេះ​បាន​និយាយ​ថា​ លោក​ និង​ក្រុម​ការងារ​របស់​លោក​មិន​បាន​គិត​ថា វា​ទទួល​ជោគជ័យ​ឬ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បែប​នេះ​ទេ។

«ខ្ញុំ​គ្រាន់​តែ​គិត​ថា​ បរិយាកាស​ទូទៅ​នៅ​ក្នុង​ក្រុង​ហុងកុង​គឺ​ថា​ ពលរដ្ឋ​កំពុង​បាត់បង់​ក្តី​សង្ឃឹម​ទៅ​លើ​រដ្ឋាភិបាល​ហុងកុង ព្រម​ទាំង​រដ្ឋាភិបាល​ចិន​ផង​ដែរ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​មូលហេតុ​មួយ​ដែល​វា​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ទៅ​លើ​ប្រធានបទ​នេះ»។

កាសែត Global Times ដែល​ជា​កាសែត​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន​ បាន​រិះគន់​លើ​ភាពយន្ត​នេះ ដោយ​បាន​ហៅ​ភាពយន្ត​នេះ​ថា​ ជា​ភាពយន្ត «ឆ្កួតៗ» ហើយ​បាន​ព្រមាន​ថា​ «ប្រសិន​បើ​ផលិតករ​ខ្សែ​ភាពយន្ត​នេះ​ចង់​បំភ័យ​សាធារណជន​នៅ​ក្នុង​ក្រុង​ហុងកុង និង​បង្ក​ភាព​វឹកវរ​ ពួកគេ​គួរ​គិត​ពី​ផល​លំបាក​អ្វី​ដែល​វា​មាន​ទៅ​លើ​ទីក្រុង​នេះ»។

លោក Choi និយាយ​ថា​ ទន្ទឹមនឹង​ការបង្ហាញ​អំពី​អនាគត​ខ្មៅ​ងងឹង​របស់​ក្រុង​ហុងកុង​ ភាពយន្តនេះ​ក៏​ជា​ការ​ដាស់តឿន​ដល់​សេរីភាព​ដែល​ពលរដ្ឋ​ហុងកុង​មាន​នា​ពេល​សព្វថ្ងៃ។​

«ខ្ញុំ​គិត​ថា​ យើង​ចង់​មើល​បញ្ហា​នេះ​ក្នុង​ផ្លូវ​វិជ្ជមាន​ ដោយ​សារ​តែ​នៅ​ហុងកុង​ ប្រសិន​បើ​យើង​ផលិត​ខ្សែ​ភាពយន្ត​នេះ​ វា​មាន​ន័យ​ថា​ យើង​នៅ​តែ​មាន​សេរីភាព។​ យើង​ចង់​ឲ្យ​មាន​សេរីភាព ហើយ​បន្ត​មាន​សេរីភាព​នេះ​នៅ​ហុងកុង»។

ការ​ចេញ​ផ្សាយ​ភាពយន្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ពេល​ដែល​អ្នក​បោះ​ពុម្ពសៀវភៅ​លក់ក្នុង​ក្រុង​ហុងកុង​មួយ​ចំនួន​បាន​បាត់​ខ្លួន​ ដោយសារ​តែ​បាន​បោះពុម្ព​សៀវភៅ​រិះគន់​រដ្ឋាភិបាល​ចិន​ដី​គោក។​ សកម្មជន​នយោបាយ​ក៏​បាន​រិះគន់​ពេល​ថ្មីៗ​នេះ​ ទៅ​លើ​ការ​វាយប្រហារ​នា​ប្រឆាំង​នឹង​អ្នក​កាសែត​ហុងកុង​ និង​ការ​រឹតត្បិត​ខ្លឹមសារ​មួយ​ចំនួន​ទៅ​លើ​កាសែត​ក្នុង​ស្រុក។ ភាពយន្ត​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​និស្សិត​ ដែល​មានវ័យ​២០​ឆ្នាំ​មួយ​ចំនួន​ដូចជា​ Nora Lam ដែល​ជា​សិក្សា​នៅ​សកល​វិទ្យាល័យ​ហុងកុង។

«ខ្ញុំ​គិត​ថា​ វា​ពេញ​និយម​ ដោយសារ​យើង​មិន​ដែល​បាន​ឃើញ​ភាពយន្ត​បែប​នេះ​ អស់​រយៈពេល​ជា​យូរ​មក​ហើយ។​ មុន​ឆ្នាំ១៩៩៧​ មាន​ភាពយន្ត​ក្នុង​ស្រុក​ជាច្រើន​អំពី​នយោបាយ​របស់​ចិន​ដី​គោក។​ ប៉ុន្តែ​ ក្រោយ​ឆ្នាំ​១៩៩៧​ បញ្ហា​នេះ​មិន​ដែល​ត្រូវ​បាន​គេ​លើក​មក​និយាយ​នោះ​ទេ ដូច្នេះ​ ខ្ញុំ​គិត​ថា​ នេះ​ជា​មូលហេតុ​ដែល​ភាពយន្ត​នេះ​ល្បី»។

ពី​ដំបូង​ ភាពយន្ត​នេះ​ត្រូវ​បញ្ចាំង​ក្នុង​រោង​ភាពយន្ត​តែ​មួយ​ប៉ុណ្ណោះ​ ក្នុង​ក្រុង​ហុងកុង​ ប៉ុន្តែ​ ឥឡូវ​នេះ​កំពុង​ចាក់​បញ្ចាំង​នៅ​ក្នុង​រោង​ភាពយន្ត​មួយ​ចំនួន​ ហើយ​ផលិតករ​និយាយ​ថា​ ពួកគេ​កំពុង​ចរចា​ជាមួយ​អ្នក​ចែកចាយ​អន្តរជាតិ៕​

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ