លោក Donald Tsang អតីតប្រធានប្រតិបត្តិនៃដែនដីហុងកុងត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវចំនួនពីរ ហើយលោកបានក្លាយទៅជាមន្ត្រីរដ្ឋាភិបាលហុងកុងមានឋានៈខ្ពស់បំផុតដែលប្រឈមមុខនឹងរឿងអាស្រូវពុករលួយ។
គណៈកម្មការឯករាជ្យប្រឆាំងនឹងអំពើពុករលួយបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ដោយមានរៀបរាប់យ៉ាងល្អិតល្អន់អំពីការចោទប្រកាន់ទាំងនេះ ប្រឆាំងនឹងលោក Tsang អាយុ៧០ឆ្នាំ ដែលបានបម្រើការជាមេដឹកនាំដែនដីហុងកុងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១២។
លោកត្រូវបានចោទប្រកាន់ថា លោកមិនបានបង្ហាញពីការជួលផ្ទះ Apartment ប្រណីតមួយនៅក្នុងទីក្រុង Shenzen នៃប្រទេសចិន ពីអ្នកបណ្តាក់ទុនម្នាក់ដែលបានស្វះស្វែងសុំអាជ្ញាបណ្ណពីរដ្ឋាភិបាលហុងកុង។
គណៈកម្មការនេះក៏បានចោទប្រកាន់លោក Tsang ថា លោកមិនបានប្រាប់ឱ្យដឹងថាលោកបានស្នើការផ្តល់រង្វាន់មួយពីរដ្ឋាភិបាលឱ្យស្ថាបត្យករម្នាក់ដែលលោកបានជួលឱ្យតុបតែងផ្ទះ Apartment នោះ។
លោក Tsang ត្រូវបានដោះលែងដោយមានការបង់ប្រាក់ធានានៅក្រៅឃុំក្រោយពីលោកបានចេញបង្ហាញខ្លួននៅចំពោះមុខតុលាការមួយនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់។
លោកបានប្រកាសអំពីភាពគ្មានទោសពៃរ៍របស់លោកនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែតSouth China Morning Post ដោយលោកបាននិយាយថា សតិសម្បជញ្ញៈលោកមានភាពច្បាស់លាស់។ លោកបានសរសេរថា «លោកមានការទុកចិត្តថា តុលាការនឹងសម្រេចឱ្យខ្ញុំរួចទោសនៅក្រោយការកាត់ក្តី»៕