ក្រុមអង្គការសិទ្ធិមនុស្សជាច្រើននៅទីក្រុងហុងកុង បានប្រកាសថារំលាយខ្លួនកាលពីថ្ងៃអង្គារកន្លងទៅ គឺនៅប៉ុន្មានម៉ោងក្រោយពីស្ថាប័ននីតិបញ្ញត្តិរបស់ចិនអនុម័តច្បាប់ស្តីពីសន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង។
ច្បាប់ថ្មីនេះ នឹងដាក់ទោសទណ្ឌធ្ងន់ធ្ងរលើអំពើល្មើសច្បាប់ទាំងឡាយណាដែលប្រឆាំងនឹងរដ្ឋ ហើយនឹងបញ្ចប់សិទ្ធិសេរីភាពសំខាន់ៗជាច្រើន ដែលប្រជាជនក្នុងទីក្រុងមួយនេះ ធ្លាប់មានកន្លងមក។
អ្នកនាងIris Tong អ្នករាយការណ៍ព័ត៌មាន VOA ជាភាសាចិន បានសន្ទនាជាមួយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ៣ រូប អំពីប្រតិកម្មរបស់ពួកគេចំពោះច្បាប់ថ្មីនេះ និងអនាគតរបស់ទីក្រុងហុងកុង។
យុវជន Tony Chung វ័យ១៩ ឆ្នាំ នៃអង្គការ Studentlocalism
យុវជន Chung គឺជាអ្នកចាត់ចែងអង្គការ Studentlocalism ជាស្ថាប័ននយោបាយមួយដែលប្រមូលផ្តុំយុវសិស្សភាគច្រើនរៀននៅថ្នាក់អនុវិទ្យាល័យ ធ្វើការតស៊ូមតិដើម្បីឯករាជ្យភាពទីក្រុងហុងកុង។ យុវជនរូបនេះបាននិយាយថា បើស្ថានការណ៍បែបនេះមែន អង្គការរបស់លោកនឹងមិនស្ថិតស្ថេរយូរទេ ព្រោះថា បើសមាជិកក្រុមរបស់លោកគ្រាន់តែចែកខិត្តប័ណ្ណ និងស្រែកតាមពាក្យស្លោក ហើយពួកគេនឹងត្រូវរងការគំរាមកំហែងពីបទរំលោភច្បាប់នោះ។ យុវជនរូបនេះ បាននិយាយទៀតថា៖
«យើងចង់ផ្ទេរកិច្ចការដែលយើងធ្វើរាល់ថ្ងៃដល់សមាជិកក្រុមយើងនៅក្រៅប្រទេស។ អ្នកនៅក្រៅប្រទេសអាចផ្សព្វផ្សាយទស្សនៈរបស់យើង តាមរយៈសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត និងគេហទំព័រនានា»។
យុវជន Chung យល់ឃើញថា ច្បាប់ថ្មីនេះ នឹងធ្វើឱ្យស្ថានភាពនយោបាយនៅទីក្រុងហុងកុងប្រេះឆាកាន់តែខ្លាំង។
យុវជន Chung បាននិយាយថា៖ «ពេលនោះនឹងមានក្រុមមួយគោរពច្បាប់កាន់តែខ្លាំង។ ព្រោះពួកគេដឹងថា ពួកគេមិនអាចបញ្ចេញមតិ ឬ ត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំងនៅពេលពួកចង់បញ្ចេញទស្សនៈរបស់ពួកគេ។ ហើយក្រុមផ្សេងទៀតនឹងប្រើកម្លាំង។ ពួកគេនឹងនិយាយថា ការបញ្ចេញទស្សនៈគ្មានប្រយោជន៍ទៀតទេ ដូច្នេះពួកគេប្រហែលជាជ្រើសរើសប្រើប្រាស់កម្លាំងវិញ។ ខ្ញុំគិតថាការវាយប្រហារដោយអាវុធ និងជម្លោះតូចតាចមួយចំនួននឹងកើតឡើង»។
យុវជនVentus Lau វ័យ២៦ឆ្នាំ មកពីក្រុមសភាស៊ីវិលទីក្រុងហុងកុង (Hong Kong Civil Assembly Team)
យុវជន Lau គឺជាអ្នកនាំពាក្យនៃក្រុមសភាស៊ីវិលទីក្រុងហុងកុង ដែលជាក្រុមសិទ្ធិមនុស្សជួយទ្រទ្រង់ដល់ក្រុមសិទ្ធិមនុស្សផ្សេងៗទៀត នៅអំឡុងពេលបាតុកម្មតវ៉ាប្រឆាំងការធ្វើបត្យាប័នកាលពីឆ្នាំមុន។ យុវជនរូបនេះនិយាយថា រឿងពិត គឺថាគ្មាននរណាដឹងពីខ្លឹមសារច្បាស់លាស់នៃច្បាប់ថ្មីនេះទេ។
យុវជនរូបនេះ បានបន្ថែមថា៖ «រឿងដែលគួរឱ្យអស់សំណើចគឺថា យើងមិនទាំងដឹងថា តើពេលនេះយើងកំពុងរំលោភច្បាប់ដែរ ឬ យ៉ាងណាផង។ ឧទាហរណ៍ប្រសិនបើយើងលួចរបស់ទ្រព្យអ្វីមួយ យើងដឹងថា យើងបានប្រព្រឹត្តបទល្មើស និងប្រឈមមុខនឹងការចាប់ខ្លួន ប៉ុន្តែតាមរយៈច្បាប់ស្តីពីសន្តិសុខជាតិនេះ យើងមិនបានដឹងថាតើយើងបានប្រព្រឹត្តបទល្មើស ឬ យ៉ាងណាទេ ឬក៏ទង្វើពីអតីតកាលរបស់យើងអាចត្រូវរាប់ចូលក្នុងអំណាចច្បាប់នេះ ឬ យ៉ាងណាដែរ។ យើងកំពុងទាយពីច្បាប់នេះទាំងអស់គ្នា។ វាមិនមែនជាច្បាប់ទេ វាគ្រាន់តែជាលេសសម្រាប់គណបក្សកុម្មុនីស្តចិនកៀបសង្កត់អ្នករិះគន់តែប៉ុណ្ណោះ»។
លោក Albert Ho វ័យ៦៨ឆ្នាំ នៃសម្ព័ន្ធភាពទីក្រុងហុងកុង
លោក Ho គឺជាអនុប្រធានសម្ព័ន្ធភាពទីក្រុងហុងកុង ដែលជាស្ថាប័នគាំទ្រលទ្ធិប្រជាធិបតេយ្យបង្កើតឡើងនៅឆ្នាំ១៩៨៩ គាំទ្រដល់បាតុកម្មនៅទីលាន Tiananmen ក្នុងរដ្ឋធានីប៉េកាំង។
លោកបាននិយាយថា៖ «ខ្ញុំមិនចាំបាច់រត់ភៀសខ្លួន ឬ រំលាយស្ថាប័នរបស់ខ្ញុំឡើយ។ យើងមិនដែលធ្វើការតស៊ូមតិដើម្បីឯករាជ្យភាពទីក្រុងហុងកុងឡើយ យើងតែងតែធ្វើការតស៊ូមតិបែបសន្តិវិធីដើម្បីឱ្យមានកំណែទម្រង់ប៉ុណ្ណោះ។ យើងមិនដែលប្រាថ្នាប្រើអំពើហិង្សា ដើម្បីផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ននេះឡើយ»។
លោកយល់ថា ប្រជាជនត្រូវតែមានភាពបត់បែន និងបន្តស្មារតីតស៊ូប្រយុទ្ធរបស់ពួកគេជានិច្ច។ លោកបានលើកយកស្តូបអនុស្សាវរីយ៍រំឮកព្រឹត្តិការណ៍សម្លាប់រង្គាលនៅទីលាន Tiananmen ក្នុងឆ្នាំ១៩៨៩ ជាឧទាហរណ៍បញ្ជាក់៕
ប្រែសម្រួលដោយលោក កោះ សុគន្ធី