អាជ្ញាធរខាងការពង្រឹងច្បាប់សហព័ន្ធកំពុងខិតខំព្យាយាមរកឱ្យឃើញអំពីមូលហេតុដែលនាំឲ្យមានកំណើនឃាតកម្មកាលពីពេលថ្មីៗនេះនៅក្នុងក្រុងជាង២៤នៅក្នុងស.រ.អា.។
ទិន្នន័យដែលបានត្រូវផ្សព្វផ្សាយកាលពីពេលថ្មីៗនេះដោយសមាគមមេប៉ូលិសក្នុងក្រុងធំៗបង្ហាញថា ឃាតកម្មនៅក្នុងត្រីមាសទីមួយបានកើនឡើងនៅក្នុងប្រមាណជាពាក់កណ្តាលនៃមន្ទីរប៉ូលិស៦៣ដែលបានត្រូវបង្ហាញនៅក្នុងសេចក្តីរាយការណ៍នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុននេះ។ ភា្នក់ងារពង្រឹងច្បាប់ឯទៀតៗបាននិយាយថា អត្រាឃាតកម្មគ្មានការប្រែប្រួលទេឬមានទាបជាងកម្រិតកាលពីឆ្នាំទៅមិញ។
ឃាតកម្មមានការកើនឡើងខ្លាំងនៅក្នុងក្រុង Chicago ក្រុ Dallas ក្រុង Las Vegas និងក្រុង Los Angeles ដែលនាំឱ្យមានការពន្យល់ផ្សេងៗគ្នាពីពួកអ្នកជំនាញការខាងឧក្រិដ្ឋកម្មនិងពួកមន្ត្រីខាងការពង្រឹងច្បាប់។
លោក James Comey នាយកការិយាល័យ FBI បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃពុធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «ខ្ញុំមិនដឹងអ្វីជាចម្លើយទេ ក៏ប៉ុន្តែយើងមានបញ្ហាដោយពិតប្រាកដ»។
លោក Comey បានយល់ឃើញថាឃាតកម្មបានកើនឡើងជាងមុនប្រហែលដោយសារអ្វីដែលបានត្រូវស្គាល់ថាជា«ផលនៃការសម្លាប់នៅ Ferguson»ដែលជាពាក្យពេចន៍មួយដែលបានរាលដាលនៅក្រោយប៉ូលិសស្បែកសម្នាក់បានបាញ់សម្លាប់បុរសគ្មានអាវុធម្នាក់ឈ្មោះ Michael Brown អាយុ១៨ឆ្នាំនៅក្នុងក្រុង Ferguson រដ្ឋ Missouri កាលពីឆ្នាំ២០១៤។ Brown ជាជនជាតិអាមេរិកាំងអំបូរអាហ្វ្រិក។
ការសម្លាប់បុរសនេះនិងបាតុកម្មដែលមាននៅពេលបន្ទាប់មកបានជួយនាំឱ្យមានរយៈពេលថ្មីមួយនៃការពិនិត្យពិច័យពួកប៉ូលិសដែលលោក Comey មានជំនឿថាបានធ្វើឱ្យពួកប៉ូលិសមានភាពគឃ្លើនតិចជាងមុន។
លោក Darrel Stephens នាយកផ្នែកចាត់ចែងកិច្ចការនៃក្រុមដែលបានចេញផ្សាយសេចក្តីរាយការណ៍នេះបានទទួលស្គាល់ថា លោក Comey មិនមែនជាមនុស្សតែម្នាក់គត់ដែលមានការយល់ឃើញដូចនេះទេ ក៏ប៉ុន្តែលោកបានថ្លែងបន្ថែមថា ការយល់ឃើញនេះមិនមែនដូចទស្សនៈខ្ញុំទេ»។
កំណត់សម្គាល់របស់នាយក FBI ក៏បាននាំឱ្យមានប្រតិកម្មពីលោក Josh Earnest អ្នកនាំពាក្យសេតវិមានដែលនៅក្នុងការនិយាយត្រួសៗមួយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃសុក្រ លោកបានថ្លែងថា «រដ្ឋបាលនេះធ្វើសេចក្តីសម្រេចចិត្តខាងគោលនយោបាយដែលមានឫសគល់ក្នុងភ័ស្តុតាង ដែលមានឫសគល់ក្នុងវិទ្យាសាស្ត្រ»៕