ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​អង់គ្លេស​រង​ការ​ស្តី​បន្ទោស​ចំពោះ​អំពើ​ពុករលួយ​ដែល​កំពុង​តែ​រាតត្បាត


មេដឹកនាំ​មួយ​ចំនួន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៦។
មេដឹកនាំ​មួយ​ចំនួន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៦។

កិច្ចប្រជុំ​កំពូល​លំដាប់​ពិភពលោក​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​គឺ​ជា​ពេលវេលា​មួយដែលប្រទេស​អង់គ្លេស​និង​សហរដ្ឋអាមេរិកត្រូវ​ក្រឡេក​ទៅ​មើល​គោលនយោបាយ​និង​តួនាទី​របស់​ពួកគេ​រៀងៗ​ខ្លួន ខណៈ​ដែល​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​លួច​ដោយ​អ្នក​នយោបាយ​ដែល​ពុករលួយ​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង​ឡុងដ៏​បាន​ងាក​ការ​ផ្តោតសំខាន់​របស់​ខ្លួន​ទៅពិភាក្សា​លើ​អំពើ​ពុករលួយ​ជា​សាកល ​ដែល​បាន​បញ្ចៀស​ការ​ស្តីបន្ទោស​ទៅលើ​មេដឹកនាំ​នៅ​អាហ្វ្រិក មេដឹកនាំ​ផ្តាច់ការ​និង​ពុករលួយ ​តែ​បែរ​ជា​ស្តី​បន្ទោស​ទៅ​លើ​បណ្តា​ប្រទេស​អ្នក​មាន​ទៅ​វិញ ដែល​ធនាគារ​និងឈ្មួញ​កណ្តាល​អចលនទ្រព្យ​ក្នុងប្រទេស​អ្នក​មាន​ទាំង​នោះ​ បាន​ក្លាយ​ជា​អ្នក​ទទួល​ផល​ប្រយោជន៍​ពីបណ្តា​ប្រទេស​ដែល​ត្រូវ​បាន​គេ​លួច​ទ្រព្យសម្បត្តិ​ទាំង​នោះ។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក John Kerry បាន​មាន​ប្រសាសន៍​ថា ទឹក​ប្រាក់​រាប់​ម៉ឺនលាន​ដុល្លារ​ត្រូវ​បាន​គេ​លួច ដែលទឹកប្រាក់​ទាំង​នោះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​វិស័យ​អប់រំ​ឬ​សាងសង់​ស្ពាន​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​ទឹកប្រាក់​ទាំង​នោះ ត្រូវ​បាន​លាក់​នៅ​ក្នុង​ធនាគារ​ក្នុង «បណ្តា​ប្រទេស​នានា ដែល​រួម​មាន​ទាំងនៅ​ក្នុង​ប្រទេសរបស់​យើង​ផង​ដែរ»។​

លោក Kerry ក៏​បាន​ថ្លែង​ប្រាប់​គណៈប្រតិភូ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ថា «យើង​កំពុង​តែ​វាយប្រយុទ្ធ​ក្នុង​សមរភូមិ​មួយ ដើម្បី​រដ្ឋ​របស់​យើង​ ប្រទេស​របស់​យើង។ អំពើ​ពុករលួយ​ប្រៀប​ដូច​ជា​សត្រូវ​របស់យើង​ ដោយសារ​តែ​វា​បំផ្លាញ​បណ្តា​ប្រទេស​នានា​ ប្រៀប​ដូចជា​ក្រុម​ជន​ជ្រុលនិយម​ដែល​ពួកយើង​កំពុង​តែ​វាយ​ប្រយុទ្ធ​អញ្ចឹង»៕

XS
SM
MD
LG