មហាវិថី Champs-Elysees ដែលជាវិថីនិមិត្តរូបរបស់ទីក្រុងប៉ារីស បានត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានសម្លាប់ប៉ូលិសម្នាក់កាលពីថ្ងៃព្រហស្បតិ៍ និងបានធ្វើឲ្យរបួសមនុស្ស២នាក់ផ្សេងទៀតនៅលើដងផ្លូវល្បីល្បាញលំដាប់ពិភពលោកមួយនេះ។
ប្រធានាធិបតីបារាំង លោក Francois Hollande បានមានប្រសាសន៍ថា លោកជឿថា «ការសម្លាប់ដ៏កំសាកនេះ» គឺជាសកម្មភាពភេរវកម្ម។ នៅថ្ងៃសុក្រនេះ មេដឹកនាំបារាំងរូបនេះបានកោះហៅក្រុមប្រឹក្សាសន្តិសុខរបស់រដ្ឋាភិបាល និងអ្នកដែលអាចបន្តតំណែងពីលោកនៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីពិភាក្សាគ្នាថាតើការវាយប្រហារនេះអាច ឬផ្តល់ផលប៉ះពាល់យ៉ាងដូចម្តេចខ្លះនៅក្នុងការសម្រេចចិត្តក្នុងការបោះឆ្នោត។
កិច្ចប្រជុំក្រុមប្រឹក្សាការពារ និងសន្តិសុខរបស់លោក Hollande គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពារការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដែលនឹងធ្វើឡើងក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹង។
លោកបានថ្លែងទៅកាន់សាធារណជនលើកញ្ចក់ទូរទស្សន៍ថា «យើងនឹងប្រុងប្រយ័ត្នបំផុត ជាពិសេសនៅពេលពាក់ព័ន្ធនឹងការបោះឆ្នោត»។
ដោយចងក្រងសេចក្តីរាយការណ៍ពីសាក្សីទាំងអស់បញ្ចូលគ្នា ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ខ្មាន់កាំភ្លើងបានលោតចេញពីរថយន្តមួយគ្រឿងក្បែរស្ថានីយរថភ្លើងក្រោមដីមួយ និងបានបើកការបាញ់ប្រហារទៅរថយន្តរបស់ប៉ូលិសដោយប្រើកាំភ្លើងស្វ័យប្រវត្តិមួយ។ ខ្មាន់កាំភ្លើងរូបនោះត្រូវបានសម្លាប់ដោយប៉ូលិស។ នៅមិនច្បាស់នៅឡើយទេថាមានអ្នកផ្សេងទៀតពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ឬយ៉ាងណា៕