ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​​​និយាយ​ថា​ខ្លួន​គឺ​ជា​មនុស្ស​«​ពាក់​មួក​»​នៅ​ព្រលាន​យន្តហោះ​ក្រុងប៊្រុចសែល


ជន​សង្ស័យ​នៃ​ការ​វាយប្រហារ​នៅ​ក្រុង​ប៉ារីស និង​ក្រុង​ប៊្រុចសែល​ Mohamed Abrini​ ​ត្រូវ​បាន​ចាប់​នឹង​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​ប៊ែល​ហ្ស៊ិក។
ជន​សង្ស័យ​នៃ​ការ​វាយប្រហារ​នៅ​ក្រុង​ប៉ារីស និង​ក្រុង​ប៊្រុចសែល​ Mohamed Abrini​ ​ត្រូវ​បាន​ចាប់​នឹង​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​ប៊ែល​ហ្ស៊ិក។

រាជអាជ្ញា​សហព័ន្ធ​នៃ​ប្រទេស​ប៊ែលហ្ស៊ិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ឈ្មោះ Mohamed Abrini ​ដែល​ជា​ជន​ជាប់​សង្ស័យ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស​ បាន​និយាយ​ប្រាប់​ពួក​អ្នកស៊ើប​អង្កេត​ថា​ គាត់ជា​«បុរស​ពាក់មួក»​ដែល​គេ​បាន​ឃើញ​ជាមួយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់​នៅ​ឯ​ចំណត​យន្ត​ហោះ Zaventem ​នៃ​ក្រុង​ប៊្រុចសែល​ កាល​ពី​ថ្ងៃ​ទី​២២ខែ​មីនា​កន្លង​ទៅ។

នៅ​ក្នុងការ​ឆ្មក់​មួយ​ចំនួន​កាលពី​ថ្ងៃ​សុក្រ​ ពួក​ប៉ូលិស​ប៊ែលហ្ស៊ិក​ ចាប់​បាន​មនុស្ស​ប្រាំ​នាក់​ដោយ​មាន​រួម​បញ្ចូល​ឈ្មោះ​ Abrini ​អាយុ​៣១ឆ្នាំ​ ដែល​ជា​ពលរដ្ឋ​ ប៊ែលហ្ស៊ិក​ដើម​កំណើត​ម៉ារ៉ុក​ដែល​ជាប់សង្ស័យ​ថា​មាន​ទាក់​ទិន​ជាមួយ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ក្រុង​ប៉ារីស​ និង​ក្រុង​ប៊្រុចសែល។

កាលពី​ថ្ងៃ​សៅរ៍​ ពួករាជ​អាជ្ញា​នៃ​ប្រទេស​ប៊ែលហ្ស៊ិក​ បាន​ចោទ​ប្រកាន់​ជន​ជាប់​សង្ស័យ​បួន​នាក់​ទៀត​ដែល​មាន​ទាក់​ទិន​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ដ៏​ប្រល័យ​នៅ​ក្នុង​ក្រុង​ប៊្រុចសែល​ កាល​ពី​ខែ​មុន​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៣២​នាក់​ស្លាប់​និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស។

ពួក​មន្ត្រី​អយ្យការ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ជន​ជាប់​សង្ស័យ​ដែល​បាន​ជាប់​ឃុំឃាំង​មាន​រួម​បញ្ចូល​ឈ្មោះ ​Abrini, ឈ្មោះ ​Osama​. ឈ្មោះ​ Herve B.M. និង​ឈ្មោះ Bilal E.M. ​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់ថា​បាន​ចូល​រួម​ក្នុង​«ឃាតកម្ម​បែប​ភេរវកម្ម»​និង​ចូលរួម​ក្នុង​«សកម្មភាព​របស់​ពួក​ភេរវជន​មួយ​ក្រុម»​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​មីនា​នៅ​ឯអាកាស​យានដ្ឋានក្រុង​ប៊្រុចសែល និង​នៅ​ឯ​ស្ថានីយ៍​រទេះ​ភ្លើង​ក្រោម​ដី​មួយ​កន្លែង។

កាលពី​សៅរ៍ដែរ អាជ្ញាធរ​ប៊ែលហ្ស៊ិក​ បាន​បញ្ជាក់​ថា​ពិត​អំពី​ចាប់​ខ្លួន​មនុស្ស​ទី​៦​ដែល​មាន​ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​នៅក្រុង​ប៊្រុចសែល​ តែ​មិន​បាន​ផ្តល់​សេចក្តី លម្អិត​ថែម​ទៀត​ទេ។

ការ​វាយ​ឆ្មក់មួយ​ដោយ​ពួក​ប៉ូលិស​បាន​ត្រូវ​ធ្វើ​កាល​ពី​ថ្ងៃ​សៅរ៍​ដែរ​ នៅ​ក្នុង​សង្កាត់Ettrbeek ​នៅ​កណ្តាល​ក្រុង​ប៊្រុចសែល​ ក៏ប៉ុន្តែ​គ្មាន​ការ​ចាប់​ខ្លួន​មនុស្ស​ណា​ម្នាក់​ទេ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា​ ជន​ជាប់​សង្ស័យ​ពីរ​នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សប្តាហ៍​នេះ​បាន​ត្រូវដោះ​លែង​ហើយ​«ក្រោយ​ពីមាន​ការ​សាក​សួរ​ចម្លើយ​យ៉ាង​ច្រើន​មក»។

ទោះណាជា​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ច្រើន​នាក់​ទាក់​ទិន​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នៅ​ក្នុង​ក្រុង​ប៉ារីស​ និង​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ក្នុង​ក្រុង​ប៊្រុចសែល​ កាល​ពី​ខែ​មីនា​ក៏​ដោយ ក៏​រាជធានី​នៃ​ប្រទេស ប៊ែលហ្ស៊ិក​ នៅ​តែ​ឋិត​នៅ​ក្រោម​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កម្រិត​ទីពីរ​ពី​ព្រោះ​ទំនង​ជា​នឹង​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​លើក​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG