លោក លឿម ឡោម វ័យ៥២ ឆ្នាំ ស្ថិតនៅក្នុងចំណោម ប្រជាពលរដ្ឋ២៩២នាក់ ដែលត្រូវបានរកឃើញថា បានឆ្លងមេរោគអេដស៍ កាលពីពីរឆ្នាំមុន នៅក្នុងហេតុការណ៍ផ្ទុះការឆ្លងមេរោគអេដស៍ដ៏កម្រមាន នៅក្នុងភូមិនិងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ពីរឆ្នាំកន្លងផុតទៅ លោក ឡោម វ័យ បានប្រែក្លាយខ្លួន ជាអ្នកស្ម័គ្រចិត្ត ធ្វើការជួយអ្នកឆ្លងមេរោគអេដស៍ដូចរូបលោកឲ្យទទួលការព្យាបាល ក្រោយការផ្ទុះឡើងនៃការចម្លងមេរោគអេដស៍នោះ ហើយលោកក៏កំពុងទាមទារសំណងពីគ្រូពេទ្យ យ៉ែម ជ្រិន ដែលអ្នកភូមិរកាចោទថា បានបង្កការឆ្លងនេះ តាមរយៈការប្រើម្ជុលចាក់ថ្នាំរួមគ្នា។
អង្គុយនៅក្នុងមណ្ឌលពុទ្ធសាសនាដើម្បីការអភិវឌ្ឍ ស្ថិតក្នុងវត្តរការស្មីនៅឃុំរកា លោក លឿម ឡោម បានប្រាប់ VOA ថា អ្នកភូមិមួយចំនួន និងរូបលោក នៅពុំទាន់ទទួលបានសំណងជំងឺចិត្ត ពីការឆ្លងមេរោគអេដស៍ ដែលមិនអាចព្យាបាលឲ្យជាសះស្បើយនោះឡើយ។
«ខ្ញុំអត់បាននៅឡើយ។ ខ្ញុំកាត់យកធុនទាប ក្នុងម្នាក់ខ្ញុំ គ្រួសារខ្ញុំ អត់ទាន់[គិត]ផង។ ខ្ញុំម្នាក់ខ្ញុំ ខ្ញុំនិយាយធុនទាបណា៎ វ៉ៃធុនតិចណាស់ក៏ ចូលម៉ឺនដុល្លារហើយ។ ខ្ញុំនិយាយអញ្ចឹង ខ្ញុំចុះមកវិញ ខ្ញុំចង់និយាយពីចិត្តខ្លួនខ្ញុំ ស្រាប់ វាច្រើនណាស់។ ខ្ញុំយកតែ៤,០០០ដុល្លារទេ ខ្លួនខ្ញុំមួយ»។
បើយោងទៅតាមសាលក្រមប្រកាសដោយចៅក្រមនៃសាលាដំបូងខេត្តបាត់ដំបងកាលពីឆ្នាំ ២០១៥ លោក យ៉ែម ជ្រិន ត្រូវបានផ្ដន្ទាទោស «ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥.០០០.០០០ (ប្រាំលាន) រៀល ចូលថវិការដ្ឋ ពីបទបើកកន្លែងពិគ្រោះព្យាបាលជំងឺ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល បទប្រព្រឹត្តក្នុងចេតនាចម្លងមេរោគអេដស៍ទៅអ្នកដទៃ និងបទទារុណកម្ម ដែលមានស្ថានទម្ងន់ទោស»។
សាលក្រម បានបញ្ជាក់ពីសំណងសម្រាប់អ្នករងគ្រោះដែលមានចំនួន ជាង៨០លានរៀល ឬ ជាង ២ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់បន្ថែម ពីលោក ឡេង មុន្នីនាថ អតីតមន្ត្រីពេទ្យនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានតាមដានសំណុំរឿងឆ្លងមេរោគអេដស៍នេះ។
ក៏ប៉ុន្តែ លោក ហេង លុយ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានប្រាប់ VOA ថា ជនរងគ្រោះពុំទាន់បានដាក់ពាក្យបណ្ដឹង សុំឲ្យតុលាការអនុវត្តសាលក្រម ដើម្បីទូទាត់សំណងនេះទេ។
«គាត់អត់ដាក់ពាក្យសុំអនុវត្តន៍ ហើយខ្ញុំអត់ទាន់ដឹងថា ឥឡូវដូចជា គាត់អត់ប្ដឹងតវ៉ាទេ មិនដឹងសាលក្រម»។
VOA មិនទាន់អាចទាក់ទង លោក ឯម សុវណ្ណ មេធាវីការពារសិទ្ធិឲ្យលោក យ៉ែម ជ្រិន ដើម្បីសុំការអធិប្បាយអំពីសំណងនេះបានទេ ដោយទូរស័ព្ទរបស់លោករោទ៍ តែពុំមានអ្នកទទួល។
រីឯ អ្នកស្រី យិច ឈាណាវី ចៅក្រមសាលាដំបូងខេត្តបាត់ដំបង បដិសេធ មិនធ្វើការអធិប្បាយ។
ដោយសារតែតុលាការមិនទាន់បានពិនិត្យលើនីតិវិធី នៃការសងជំងឺចិត្តសម្រាប់ជនរងគ្រោះ លោក លឿម ឡោម និយាយថា លោកនឹងស្វែងរកជំនួយផ្លូវច្បាប់ ដើម្បីទាមទារសំណងនេះ។
លោកបញ្ជាក់ថា ដីស្រែរបស់លោក មួយចំនួន ត្រូវបានក្រុមគ្រួសាររបស់លោកលក់ ដើម្បីព្យាបាលជំងឺ នៅមុនពេលលោក មិនទាន់បានដឹងថា លោក មានផ្ទុកមេរោគអេដស៍។
«ខ្ញុំមើលឡើងអស់ ឡើងមិនចេះតិច។ ខ្ញុំមើលអស់ តាំងពីស្រែ តាំងពីគោក្របី ខ្ញុំមើលអស់គ្មានសល់ទេ។ គិតជាលុយ លក់គោ ជាង ១០ម៉ឺនបាត។ លក់ស្រែ លក់ជាស្រូវវិញ ច្រើនណាស់ មិនតិចទេ»។
អ្នកភូមិរកាមួយចំនួនទៀត ដែលរងគ្រោះដោយការឆ្លងនៃមេរោគអេដស៍នេះ ក៏បានបញ្ជាក់ពីការចង់បានសំណងនេះដែរ។
អ្នកស្រី សាយ សៅ បានប្រាប់ VOA នៅក្នុង មណ្ឌលពុទ្ធសាសនាដើម្បីការអភិវឌ្ឍ ថា រហូតមកដល់ពេលនេះ ពុំមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីតុលាការ មកប្រាប់ប្រជាពលរដ្ឋរងគ្រោះដោយការឆ្លងមេរោគនេះ អំពីការទូទាត់សំណងជំងឺចិត្តនោះទេ។
អ្នកស្រីនិយាយថា អ្នករងគ្រោះផ្សេងទៀត នឹងនៅតែបន្តទាមទារឲ្យមានការសងជំងឺចិត្ត ព្រោះអ្នកស្រីបានចំណាយលុយជាច្រើន ដើម្បីទទួលបានការព្យាបាលពីលោក យ៉ែម ជ្រិន។
«មូលហេតុអី បានប្ដឹង ចូលប្ដឹងតុលាការហ្នឹងហើយ បានអីទុកជាអសារបង់ ឬយ៉ាងម៉េច? ខ្ញុំនៅឆ្ងល់ ត្រង់ហ្នឹង។ មកប្ដឹងយូរ មកពីហ្នឹងមកហើយ ចេះតែស្ងាត់ឈឹង ចេះតែស្ងាត់ឈឹង។ អ្នកណា ភូមិឃុំ ក៏មិនឮ និយាយស្អីណា ក៏មិនឮនិយាយ ដូចស្ងាត់ឈឹង ឬមួយតុលាការទុកជាអសារបង់ ឬយ៉ាងម៉េច?»។
កាលពីឆ្នាំ ២០១៤ ប្រជាពលរដ្ឋនៅភូមិរកា មានការភ័យតក់ស្លុត និងជ្រួលច្របល់ ចំពោះការផ្ទុះឡើងនៃការឆ្លងមេរោគអេដស៍នេះ។
សព្វថ្ងៃនេះ មានប្រជាពលរដ្ឋប្រមាណ២៧៦នាក់ កំពុងទទួលការព្យាបាល ដោយការប្រើថ្នាំ បន្ថយមេរោគអេដស៍នេះ។
ប្រជាពលរដ្ឋទាំងក្មេង និងចាស់ ដែលបានរកឃើញថា មានផ្ទុកមេរោគអេដស៍នេះ មានចំនួនសរុប ២៩២នាក់ ហើយនៅក្នុងនោះ ១៦នាក់បានទទួលមរណភាព។
អ្នកដែលបានស្លាប់ មានទាំងកុមារ និងអ្នកមានវ័យចាស់ៗ។ នេះបើយោងទៅតាមការបញ្ជាក់ ពី អ្នកស្រី ស៊ីម ពៅ មេឃុំ រកា។
អ្នកស្រីបានប្រាប់ VOA នៅក្នុងសាលាឃុំរកា កាលពីថ្ងៃពុធសប្ដាហ៍ មុននេះថា បន្ទាប់ពីមានការផ្ទុះឡើង នៃការចម្លងមេរោគអេដស៍នេះមក មន្ត្រីពាក់ពន្ធនានាក្នុងវិស័យសុខាភិបាល បានចុះមកផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងសុខភាព ដល់ប្រជាពលរដ្ឋនៅក្នុងឃុំ តែមិនបានលើកឡើងពីការសងជំងឺចិត្តនោះទេ។
យ៉ាងណាក៏ដោយ អ្នកស្រីមានប្រសាសន៍ថា មានតែប្រជាពលរដ្ឋរងគ្រោះប៉ុណ្ណោះ ដែលអាចសម្រេចថា ការផ្ដន្ទាទោសតុលាការ អាចទទួលយកបាន ឬយ៉ាងណានោះ។
«ខ្ញុំសំខាន់ លើប្រជាពលរដ្ឋ។ បើគាត់ទទួលយកបាន គឺគាត់ទទួល បើគាត់ទទួលយកមិនបាន សំខាន់គឺលើអ្នកដែលគេ ដែលរងគ្រោះខ្លាំងជាងគេហ្នឹង។ ខ្ញុំសំខាន់ សំខាន់លើគេដែល ខាងតុលាការកាត់ទោស ដែលតាមរបស់គេ ដែលគេ ទង្វើរបស់គេធ្វើ»។
លោក យ៉ែម ជ្រិន វ័យ៥៧ ឆ្នាំ ដែលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងពន្ធនាគារខេត្តបាត់ដំបង ត្រូវបានតុលាការហាមឃាត់ផងដែរ មិនឲ្យប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និង ជំនួយវេជ្ជសាស្ត្រជាស្ថាពរ។
នៅគ្រាដែលប្រជាពលរដ្ឋរងគ្រោះដោយការឆ្លងមេរោគអេដស៍បន្តទាមទារសំណងពីលោក យ៉ែម ជ្រិន ផ្ទះរបស់លោកដែលនៅមិនឆ្ងាយពីមណ្ឌលសុខភាពឃុំ រកា ត្រូវបានប្រជាពលរដ្ឋរងគ្រោះដោយការឆ្លងមេរោគអេដស៍នេះ ហាមឃាត់មិនឲ្យមានការរុះរើ។
នាង ជ្រិន រក្សា វ័យ២៧ឆ្នាំ កូនស្រីម្នាក់របស់ លោក យ៉ែម ជ្រិន ថ្លែងថា នាងមានក្ដីបារម្ភអំពីការប្ដឹងទារសំណងជំងឺចិត្ត តែមិនអាចបញ្ជាក់បានថា ក្រុមគ្រួសារនាង អាចមានលទ្ធភាពសងសំណងប្រសិន បើមានការប្ដឹងផ្ដល់ជាថ្មីទៀត។
នាងបន្ថែមថា បច្ចុប្បន្ននេះ ក្រុមគ្រួសារនាង បានត្រឹមតែខិតខំរកប្រាក់ សម្រាប់ផ្គត់ផ្គង់អាហារដល់លោក យ៉ែម ជ្រិន ប៉ុណ្ណោះ។
«រាល់ថ្ងៃ ខំតែរកលុយឲ្យគាត់ ទិញអីឲ្យគាត់ហូបក្នុងគុក ឆ្អែតៗប៉ុណ្ណឹងឯង ព្រោះអាយុគាត់ គាត់ចាស់ហើយ»។
ក្រៅពីការទាមទាសំណង អ្នករងគ្រោះដោយការឆ្លងមេរោគអេដស៍ បានបន្ទោសដល់មន្ត្រីពេទ្យឃុំរកា ដែលមិនបានផ្ដល់សេវាពិនិត្យសុខភាព និងព្យាបាលប្រជាពលរដ្ឋដិតដល់ ជាហេតុធ្វើឲ្យអ្នកភូមិផ្ដេកផ្ដួលខ្លាំងលើលោក យ៉ែម ជ្រិន។
លោក លឿម ឡោម អ្នកស្ម័គ្រចិត្តនៃមណ្ឌលពុទ្ធសាសនាសម្រាប់ការអភិវឌ្ឍ បាននិយាយថា មណ្ឌលសុខភាព មានភាពយឺតយ៉ាវ នៅក្នុងការផ្ដល់សេវាពិនិត្យព្យាបាលប្រជាពលរដ្ឋ ទើបធ្វើឲ្យប្រជាពលរដ្ឋងាកមករកការព្យាបាលជាមួយ លោក យ៉ែម ជ្រិន។
«ក្នុងពេទ្យសុខភាព ក្នុងមណ្ឌលយើងនេះ ឃុំរកាយឺតយ៉ាវ ដល់យឺតយ៉ាវ អាត្រង់ថា មកយឺតយ៉ាវមួយៗ មកចូលដល់ពេទ្យហ្នឹងសុទ្ធតែរក អ្នកឯងមានប័ណ្ណក្រីក្រ បានខ្ញុំមិនឲ្យបង់ថ្លៃថ្នាំអីអីចឹង។ បើអ្នកណាអត់មានទេ គឺអត់ទាល់តែបង់ថ្លៃឲ្យ សេវាឲ្យទៅ បានបានថ្នាំលេប»។
អ្នកស្រី សាយ សៅ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ និយាយថា អ្នកភូមិមានការលំបាកក្នុងការជួបមន្ត្រីពេទ្យនៅក្នុងមណ្ឌល សុខភាព ឃុំ រកានេះដែរ។
«ពេលយើងមក អត់ជួបពេទ្យ។ ពេលយើងទៅ ពេទ្យមកអីចឹងទៅណា៎»។
អ្នកស្រី សឿន សុផាត់ បុគ្គលិកពេទ្យនៃមណ្ឌលសុខភាពឃុំរកា បានទទួលស្គាល់ពីការឆកល្វែងនៃការផ្លាស់ប្ដូរវេនរបស់មន្ត្រី សម្រាប់ជួបអ្នកជំងឺ។
អ្នកស្រីបន្តថា មណ្ឌលសុខភាព មិនមានសេវាផ្ដល់ការចាក់ថ្នាំព្យាបាលជំងឺ ដូចពេទ្យឯកជននោះដែរ។
«ធម្មតាមណ្ឌលសុខភាព គេមិនឲ្យយើងចាក់ថ្នាំឯណា លើកលែងតែវ៉ាក់សាំងមួយ គេឲ្យចាក់។ អីចឹង ជំងឺទូទៅ គេមិនឲ្យចាក់ថ្នាំទេ ហើយមានតែពេទ្យឯកជនទៅថ្មើរណា ជួបថ្មើរហ្នឹង ហើយគេចាក់ថ្នាំ ចាក់អីអីចឹង។ អីចឹង វាខុសសេវាគ្នា»។
អ្នកស្រីបន្ថែមថា មណ្ឌលសុខភាពឃុំរកា ពុំមានផ្ដល់សេវាព្យាបាលជំងឺធ្ងន់ធ្ងរនោះទេ ពោលគឺមានតែការផ្ដល់សេវាព្យាបាលជំងឺទូទៅដែលមិនធ្ងន់ធ្ងរ សេវាពន្យារកំណើត ពិនិត្យផ្ទៃពោះ និងសម្រាលកូន។
ក្រោយការផ្ទុះនៃការឆ្លងមេរោគអេដស៍នេះ មណ្ឌលសុខភាពនេះ បានផ្ដល់ថ្នាំកាត់បន្ថយមេរោគអេដស៍ដល់ប្រជាពលរដ្ឋរងគ្រោះ។
ទោះណាជា មិនទាន់មានការសងជំងឺចិត្តដល់អ្នកឆ្លងមេរោគអេដស៍នេះក្ដី លោក លឿម ឡោម និង អ្នកស្រី សាយ សៅ បានខិតខំថែទាំសុខភាព និងពុះពាររស់នៅ ដោយក្ដីសង្ឃឹម។
លោក លឿម ឡោម និយាយថា ការមាក់ងាយនិងការរើសអើងមកលើ អ្នករងគ្រោះពីការឆ្លងមេរោគនេះ បានបន្តធ្លាក់ចុះ មិនដូចពេលដែលមានការផ្ទុះឡើងភ្លាមៗនៃការឆ្លងមេរោគនេះទេ។
យ៉ាងណាក៏ដោយ លោកបានស្នើឲ្យសប្បុរសជន បន្តឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះ ដោយហេតុថា ពួកគេពុំអាចធ្វើចំណាកស្រុក រកការងារធ្វើបានដូចអ្នកសាមញ្ញបានឡើយ។
លោក លឿម ឡោម និយាយថា អ្នករងគ្រោះមិនអាចទៅណាឆ្ងាយស្រុក ក្នុងរយៈពេល២ទៅ៣ខែបានទេ ព្រោះត្រូវទទួលថ្នាំសម្រាប់ព្យាបាល។
ទាក់ទិននឹងប្រតិបត្តិការរបស់មណ្ឌលសុខភាពឃុំ រកា លោកលឿម ឡោម បានបញ្ជាក់ថា មន្ត្រីពេទ្យរបស់មណ្ឌល បានខិតខំពង្រឹងផ្តល់សេវាថែទាំសុខភាពរបស់ខ្លួន បានល្អប្រសើរជាងមុន។
លោកបន្ថែមថា ប្រជាពលរដ្ឋក្នុងឃុំរកា ឈប់ទទួលការព្យាបាលពីពេទ្យឯកជនដែលចុះដល់ផ្ទះ ស្របពេលដែលរដ្ឋាភិបាល បានហាមឃាត់មិនឲ្យគ្រូពេទ្យឯកជន ដូចលោក យ៉ែម ជ្រិន ចុះព្យាបាលជំងឺដល់ប្រជាពលរដ្ឋនោះ។
ហើយប្រជាពលរដ្ឋបានងាកមករកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬគ្លីនិកព្យាបាលជំងឺឯកជនដែលទុកចិត្តបាន។
ក្នុងសំណុំរឿងការផ្ទុះនៃការឆ្លងមេរោគអេដស៍នេះ ពុំមានមន្ត្រីសុខាភិបាល រូបណាចេញមុខទទួលខុសត្រូវ ឬសុំអភ័យទោសជាសាធារណៈចំពោះប្រជាពលរដ្ឋរងគ្រោះនោះទេ។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកភូមិរកា។
ដោយឡែក កម្ពុជាធ្លាប់ជាប្រទេសដែលមានការឆ្លងរាលដាលមេរោគអេដស៍យ៉ាងខ្លាំង ដែលមានអត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍រហូតដល់២,៦ភាគរយនៅឆ្នាំ២០០២ ប៉ុន្តែបានខិតខំទប់ស្កាត់ និងបានទម្លាក់មកដល់០,៧ភាគរយនៅឆ្នាំ២០១០។
លទ្ធផលសម្រេចបាននេះ គឺលឿនជាងគោលដៅដែលដាក់នៅក្នុងឆ្នាំ២០០៣ថា នឹងទម្លាក់មកត្រឹមតែ១,៨ ភាគរយ ប៉ុណ្ណោះនៅឆ្នាំ២០១៥។
លោក Michel Sidibe នាយកប្រតិបត្តិនៃអង្គការ UNAIDS បានបញ្ជាក់នៅក្នុងអត្ថបទបញ្ចេញមតិរបស់លោកដែលចេញផ្សាយតាមព្រឹត្តិប័ត្រព័ត៌មានក្នុងស្រុក The Cambodia Daily កាលពីថ្ងៃទី៨ មិថុនាថា ប្រទេសកម្ពុជា បានកាត់បន្ថយ ចំនួនការឆ្លងមេរោគអេដស៍ថ្មីៗ មកទាបជាង ១,០០០នាក់ នៅក្នុងឆ្នាំ ២០១៥ និងបានផ្ដល់ការព្យាបាលមេរោគនេះ ចំនួន៧៥ភាគរយនៃមនុស្សដែលកំពុងរស់នៅជាមួយមេរោគអេដស៍នៅក្នុងប្រទេស៕