កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បាន​សម្រេច​ជា​ប្រវត្តិសាស្រ្ត​

ក្រុម​មន្រ្តី​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​កិច្ចពិភាក្សា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បាន​សម្រេច​ជា​ប្រវត្តិសាស្រ្ត​។

ក្រុម​ប្រទេស​មហាអំណាច​ពិភពលោក​បាន​ឈាន​ដល់កិច្ចព្រម​ព្រៀង​ជាមួយ​នឹង​អ៊ីរ៉ង​ហើយ​ ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​កម្រិត​កម្មវិធី​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់​ ក្នុង​ការ​ដោះដូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ក៏​ដូចជា​បញ្ចប់​ការចរចា​ដ៏​លំបាក​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ។

លោក​ប្រធានាធិបតី​ស.រ.អា​បារ៉ាក់ ​អូបាម៉ា​បានថ្លែង​ថា៖ ​«កិច្ចព្រមព្រៀង​នេះ​បង្ហាញ​ថា កិច្ចការ​ទូត​របស់​អាមេរិកាំង​អាច​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ពិតប្រាកដ​ និង​ប្រកប​ដោយ​អត្ថន័យ»។

លោក​អូបាម៉ា​បាន​បន្តថា៖​«កិច្ចព្រមព្រៀង​ដ៏​សំខាន់​ច្បាស់លាស់​ និងមាន​រយៈពេល​វែង​ជាមួយ​នឹងអ៊ីរ៉ង់​ នឹង​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ»។

លោក​អូបាម៉ា​បានថ្លែងដូច្នេះ​ភ្លាមៗ​បន្ទាប់​ពីការ​ប្រកាស​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ ក្នុង​ទីក្រុង​វីយេន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អឺរ៉ុប​ Federica ​Mogherini ​និង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ​Javad Zarif ​បន្ទាប់​ពី​មានការ​ចរចា​អស់​រយៈពេលជាច្រើន​សប្តាហ៍​ ដើម្បីពិភាក្សា​បញ្ហា​លម្អិត​ ដែល​តម្រូវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ដោយ​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អ.ស.ប៕