ជនកាន់សាសនាហិណ្ឌូដែលបានរត់គេចពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីចុងខែសីហាមក ហើយបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសជាមួយនឹងជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម បាននិយាយថាពួកគេមិនហ៊ានត្រឡប់ទៅកាន់ភូមិរបស់ខ្លួនវិញនៅក្នុងរដ្ឋ Rakhine ទេដោយសារតែពួកគេភ័យខ្លាចក្នុងការប្រឈមនឹងអំពើហិង្សាម្តងទៀត។
ជនភៀសខ្លួនកាន់សាសនាហិណ្ឌូក្នុងប្រទេសបង់ក្លាដែសបាននិយាយថាពួកគេចង់ទៅប្រទេសឥណ្ឌាបើសិនជាអាជ្ញាធរមីយ៉ាន់ម៉ា មិនជួយពួកគេឲ្យតាំងទីលំនៅក្នុងតំបន់ដែលមានអ្នកកាន់ពុទ្ធសាសនារស់នៅច្រើនក្នុងប្រទេសនោះ។
លោក Lolimohan Sil អាយុ៥២ឆ្នាំ ជាងកាត់សក់មកពីតំបន់ Bolibazar បានប្រាប់ VOA ថា៖ «ភូមិរបស់យើងនៅក្នុងរដ្ឋ Rakhine មិនមានសុវត្ថិភាពសម្រាប់ជនជាតិហិណ្ឌូទៀតឡើយ។ យើងបានត្រៀមខ្លួនរួចជាស្រេចហើយ ប្រសិនបើជារដ្ឋាភិបាលមីយ៉ាន់ម៉ាជួយពួកយើងឲ្យផ្លាស់ទៅរស់នៅក្នុងរដ្ឋធានីរ៉ង់ហ្គូននោះ ។ បើសិនជាមីយ៉ាន់ម៉ាមិនអាចជួយពួកយើងឲ្យរស់នៅក្នុងតំបន់មានសុវត្ថិភាពនិងសន្តិភាពក្នុងប្រទេសនេះទេ យើងចង់ប្តូរទៅរស់នៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាគួរតែអាចជួយពួកយើងបាន»។
មួយខែបន្ទាប់ពីក្រុមឧទ្ទាមដែលគាំទ្រជនរ៉ូហ៊ីងយ៉ា បានវាយប្រហារប៉ុស្តិ៍ប៉ូលិសចំនួន៣០រួមទាំងជំរំទាហានមួយដែលយ៉ាងហោចណាស់បានសម្លាប់មនុស្ស១២នាក់ ដែលបង្កឲ្យមានយុទ្ធនាការបង្កើតឡើងដោយក្រុមទាហានប្រឆាំងនឹងភូមិជនជាតិរ៉ូហ៊ីងយ៉ា អាជ្ញាធរមីយ៉ាន់ម៉ាបានរាយការណ៍ពីការរកឃើញសាកសពអ្នកភូមិជនជាតិហិណ្ឌូ៤៥នាក់នៅក្នុងផ្នូរធំៗចំនួនបី។
ក្រុមមន្រ្តីរបស់មីយ៉ាន់ម៉ាបាននិយាយថានេះជាទង្វើរបស់ជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដែលបានសម្លាប់ជនជាតិហិណ្ឌូជាង៩០នាក់ រួមទាំងសាកសពផ្សេងទៀតដែលត្រូវបានរកឃើញនៅក្នុងផ្នូរទាំងនោះ។ ប៉ុន្តែក្រុមយោធាជួយសង្គ្រោះជនអំបូររ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមក្នុងរដ្ឋ Rakhine ឬ Arakan Rohingya Salvation Army (ARSA) បានបដិសេធពីការសម្លាប់ជនជាតិហិណ្ឌូ ដោយអះអាងថាខ្លួនមិនបានសំដៅលើជនស៊ីវិលណានោះទេ។
ចាប់តាំងពីថ្ងៃទី២៥ខែសីហាមក ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង៦០០.០០០នាក់បានរត់គេចពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែស។ ជនជាតិហិណ្ឌូប្រមាណ៨០០នាក់ក៏បានរត់ចេញពីប្រទេសមីយ៉ាន់ម៉ាផងដែរ។
ភ្លាមៗបន្ទាប់ពីមកដល់ប្រទេសបង់ក្លាដែស ជនភៀសខ្លួនហិណ្ឌូបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា មនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងជនកាន់សាសនាព្រះពុទ្ធក្នុងរដ្ឋ Rakhine។
ការក្រឡាស់សាច់រឿង
ប៉ុន្តែក្រោយមកជនភៀសខ្លួនហិណ្ឌូជាច្រើនបានប្តូររឿងរ៉ាវរបស់ខ្លួនទៅវិញ។
ឥឡូវនេះ មិនមានជនជាតិហិណ្ឌូណាម្នាក់និយាយថាទាហានមីយ៉ាន់ម៉ាឬអាជ្ញាក្នុងស្រុកជាអ្នកសម្លាប់ជនជាតិហិណ្ឌូនោះទេ។ ជនភៀសខ្លួនហិណ្ឌូមួយចំនួននិយាយថាពួកគេមិនអាចកំណត់អត្តសញ្ញាណរបស់ឃាតករបានទេដោយសារតែពួកគេបិតមុខ ហើយមួយចំនួនទៀតនិយាយថាជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាសម្លាប់សាច់ញាតិនិងអ្នកជិតខាងកាន់សាសនាហិណ្ឌូរបស់ពួកគេ។
ជនភៀសខ្លួនហិណ្ឌូលោក Niranjan Rudra និយាយថាលោកនឹងមិនត្រឡប់ទៅរស់នៅក្នុងភូមិ Chikonchhori ក្នុងរដ្ឋ Rakhine វិញទេ ដោយសារតែជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលលោកបានសំដៅទៅលើ «បក្ស Kala ឬ បក្សខ្មៅ» នៅតែធ្វើសកម្មភាពហើយពួកគេនឹងសំដៅទៅរកជនហិណ្ឌូ។
លោក Rudra ដែលបានមកដល់ប្រទេសបង់ក្លាដែសតាំងពីចុងខែសីហា បាននិយាយថា៖ «បក្ស Kala ឬ ក្រុម Al Yakin នៅតែជាការគំរាមកំហែងមួយនៅក្នុងភូមិរបស់យើង។ ពួកគេបានសម្លាប់ជនជាតិហិណ្ឌូជាច្រើន។ ពួកគេនឹងសម្លាប់យើងបើសិនជាយើងត្រឡប់ទៅរស់នៅក្នុងភូមិម្តងទៀត។ នៅទីនោះគ្មានប៉ូលិសឬក៏យោធាជួយការពារពួកយើងទេ។ ដូច្នេះយើងនឹងមិនទៅរស់នៅក្នុងភូមិរបស់យើងវិញទេ។ យើងគិតថាយើងនឹងមានសុវត្ថិភាព បើសិនជាយើងអាចទៅរស់នៅក្នុងរដ្ឋធានីរ៉ង់ហ្គូន។ យើងក៏នឹងមានសន្តិភាពដែរ បើសិនជាយើងអាចទៅរស់នៅក្នុងប្រទេសឥណ្ឌានោះ»។
ជនភៀសខ្លួនហិណ្ឌូលោក Milon Sil បាននិយាយថាក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាបានសម្លាប់ជនជាតិហិណ្ឌូហើយពួកគេនៅតែជាការគំរាមកំហែងមួយសម្រាប់ជនជាតិហិណ្ឌូ ដូច្នេះលោកចង់ទៅរស់នៅក្នុងតំបន់ដែលមានពុទ្ធសាសនិកច្រើនក្នុងប្រទេសមីយ៉ាន់ម៉ាជាមួយនឹងក្រុមគ្រួសាររបស់លោក។
លោកបាននិយាយថា៖ «យើងមានកន្លែងស្នាក់នៅសមរម្យក្នុងប្រទេសបង់ក្លាដែស។ ប៉ុន្តែមីយ៉ាន់ម៉ាគឺជាប្រទេសកំណើតរបស់យើង។ យើងចង់ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។ ប៉ុន្តែក្រុម Al Yakin កំពុងលាក់ខ្លួននៅក្នុងភូមិរបស់យើង។ បើសិនជារដ្ឋាភិបាលជួយឲ្យពួកយើងផ្លាស់ទៅរស់នៅក្នុងទីក្រុង Sittwe ឬរ៉ង់ហ្គូន យើងនឹងទៅបានភ្លាម»។
អ្នកសារព័ត៌មានមានការភ្ញាក់ផ្អើល
អ្នកសារព័ត៌មានមួយចំនួនដែលបានជួបនឹងជនជាតិហិណ្ឌូមកពីរដ្ឋRakhineដែលបានរួចជីវិត ភ្លាមៗនៅពេលដែលពួកគេបានមកដល់បង់ក្លាដែស ហើយពួកគេបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើល នៅពេលដែលអ្នកទាំងនោះបានផ្លាស់ប្តូរសាច់រឿងរបស់ពួកគេគ្រាន់តែប៉ុន្មានសប្តាហ៍ក្រោយមក។
លោកIslam អ្នកឆ្លើយឆ្លងពត៌មាន នៃកាសែត New Age ប្រចាំក្នុងស្រុក Cox's Bazarទីក្រុង Dhakaបាននិយាយថា លោកបានសម្ភាសអ្នកស្រី Anika Dhar កាលពីថ្ងៃទី២៨ សីហា ដែលនៅពេលនោះលោកស្រីបានប្រាប់លោកថាទាហានមីយ៉ាន់ម៉ាបានសម្លាប់ស្វាមីរបស់អ្នកស្រីនិងសាច់ញាតិចំនួនប្រាំពីរនាក់ផ្សេងទៀត។
លោក Nurul Islam បាននិយាយថា៖ «អ្នកសារព័ត៌មានផ្សេងទៀតក៏បានលឺរឿងដូចគ្នានេះពីអ្នកស្រី Dhar កាលពីចុងខែសីហាកន្លងទៅ។ ប៉ុន្តែនៅពេលដែលខ្ញុំបានជួបនឹងអ្នកស្រីម្តងទៀតកាលពីពាក់កណ្តាលខែកញ្ញាក្នុងស្រុក Cox's Bazar អ្នកស្រីបាននិយាយថាអ្នកស្រីមិនអាចកំណត់អត្តសញ្ញាណរបស់ឃាតករដែលបានសម្លាប់ស្វាមីរបស់អ្នកស្រីនិងសាច់ញាតិផ្សេងទៀតទេដោយសារតែពួកគេសុទ្ធតែបានបិទមុខ»។
អ្នកស្រី Dhar ស្ថិតក្នុងចំណោមស្រ្តីជនជាតិហិណ្ឌូប្រាំបីនាក់ដែលក្រោយមកបានត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញតាមរយៈប្រតិបត្តិការយោធាសម្ងាត់មួយ។ ស្រ្តីទាំងប្រាំបីនាក់នោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាកាលពីខែតុលាថាជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាបានសម្លាប់សាច់ញាតិនិងអ្នកជិតខាងរបស់ពួកគេ។
លោក Islamបាននិយាយថា៖ «ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានដឹងថាអ្នកស្រី Dhar បានប្តូរសាច់រឿងរបស់អ្នកស្រីជាលើកទីពីរហើយបានដាក់កំហុសទៅលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាទៅវិញ។ អត្តសញ្ញាណរបស់ឃាតករដែលបានសម្លាប់ជនជាតិហិណ្ឌូនៅតែជាអាថ៌កំបាំងនៅឡើយ»។
ការចោទប្រកាន់
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែសបាននិយាយថាអ្នករស់រានមានជីវិតជនជាតិហិណ្ឌូកំពុងតែនិយាយកុហក។
លោក Monir Ahmedជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ ដែលជាអ្នកជិតខាងរបស់អ្នកស្រី Dhar បាននិយាយថាលោកអាចរត់គេចខ្លួនបាន នៅពេលដែលទាហានមីយ៉ាន់ម៉ានិងសមាជិកកងជីវពលរដ្ឋ Rakhine បានវាយប្រហារជនជាតិរ៉ូហ៊ីងយ៉ានិងជនជាតិហិណ្ឌូក្នុងភូមិ Fakirabazar របស់លោកកាលពីថ្ងៃទី២៧ខែសីហាកន្លងទៅនេះ។
លោកបាននិយាយបន្តទៀតថា៖ «ក្រុមសកម្មប្រយុទ្ធមីយ៉ាន់ម៉ា ប៉ូលិសយាមព្រំដែន និងក្រុមបុរសមកពីរដ្ឋRakhine បានសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម៣០នាក់និងជនជាតិហិណ្ឌូ៤០នាក់ក្នុងការវាយប្រហារនោះ។ ជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាមិនបានសម្លាប់ជនជាតិហិណ្ឌូទេ។ បើសិនជាជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាសម្លាប់ពួកគេមែន ជនជាតិហិណ្ឌូដែលរួចផុតជីវិតទាំងនោះនឹងមិនអាចរត់គេចទៅបង់ក្លាដែសជាមួយយើងបានទេ»។
លោក Maung Theing Hlaing ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបាននិយាយថាជនភៀសខ្លួនហិណ្ឌូកំពុងនិយាយកុហកហើយទម្លាក់កំហុសលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា «គ្រាន់តែដើម្បីយកចិត្តរដ្ឋាភិបាលមីយ៉ាន់ម៉ាតែប៉ុណ្ណោះ»។
លោកបាននិយាយថា៖ «បើសិនជាជនជាតិហិណ្ឌូមិនទម្លាក់កំហុសលើជនជាតិរ៉ូហ៊ីងយ៉ាទេ ពួកគេនឹងមិនអាចត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាបានឡើយ។ ពួកគេដឹងថា បើសិនជាពួកគេធ្វើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាសប្បាយចិត្ត ដោយចោទថាជនជាតិរ៉ូហ៊ីងយ៉ាជាឃាតករនោះ ពួកគេថែមទាំងអាចកាន់កាន់ដីដែលកម្មសិទ្ធរបស់ជនជាតិរ៉ូហ៊ីងយ៉ាក្នុងរដ្ឋ Rakhine ហើយអាចរស់នៅទីនោះបានទៀតផង»។
ប្រទេសមីយ៉ាន់ម៉ាបានបដិសេធការចោទប្រកាន់ ដែលថាកងទ័ពរបស់ខ្លួនបានសំដៅទៅលើជនស៊ីវិលក្នុងរដ្ឋ Rakhine៕
ប្រែសម្រួលដោយ ទុំ ម្លិះ