បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton នឹងមិនធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិកនាថ្ងៃចន្ទនេះ និងថ្ងៃអង្គារស្អែកដូចការគ្រោងទុកនោះទេ បន្ទាប់ពីលោកស្រីត្រូវបានធ្វើតេស្ដរកឃើញថាមានជំងឺរលាកសួត។
ការធ្វើតេស្ដជំងឺនេះត្រូវបានប្រកាសឲ្យសាធារណជនទូទៅដឹងនៅថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីលោកស្រីមានភាពធេងធោងពេលនៅឯពិធីឧទ្ទិសដល់អ្នកស្លាប់នៅក្នុងអំពើភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ នៅក្នុងទីក្រុងញូវយ៉ក។ លោកស្រីបានចាកចេញពីកន្លែងប្រារព្ធពិធីនោះយ៉ាងឆាប់រហ័ស ហើយមានវីដេអូមួយបានបង្ហាញពីពេលដែលលោកស្រីមានលក្ខណៈធេងធោងត្រូវបានមនុស្សជាច្រើនជួយគ្រាចូលរថយន្តមុនពេលដែលលោកស្រីស្ទើរជំពប់ជើងរកដួលនៅគែមចិញ្ចើមថ្នល់។
ក្រោយមក គេឃើញលោកស្រី Clinton វ័យ ៦៨ ឆ្នាំរូបនេះបានបក់ដៃទៅកាន់អ្នកគាំទ្ររបស់លោកស្រីចេញពីផ្ទះរបស់កូនស្រីលោកស្រីឈ្មោះ Chelsea។
វេជ្ជបណ្ឌិតរបស់លោកស្រី Clinton បានបញ្ជាក់ថា លោកស្រី «ឡើងកម្ដៅក្នុងខ្លួនខ្លាំង និងខ្វះជាតិទឹក» ប៉ុន្តែ «បានធូរស្បើយហើយ»។ បន្ទាប់មក លោកស្រីបានអញ្ជើញដល់គេហដ្ឋានរបស់លោកស្រីវិញនៅក្នុងតំបន់ Chappaqua ស្ថិតនៅក្បែរនោះ។
ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីបានឲ្យដឹងថា លោកស្រីត្រូវបានគ្រូពេទ្យរកឃើញថាមានរោគរលាកសួតកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីការត្រួតពិនិត្យជំងឺចំពោះរោគសញ្ញាក្អកដែលមានរយៈពេលយូរ។
ការបោះឆ្នោតប្រធានាធិបតីនឹងចូលមកដល់ក្នុងរយៈពេលប្រហែល ២ ខែទៀតទេ ប៉ុន្តែបញ្ហាសុខភាពរបស់លោកស្រី Clinton ទំនងជាមិនទាន់អាចជាសះស្បើយឡើងដល់ពេលនោះ៕