ក្រុមអ្នកស្រាវជ្រាវសន្តិសុខពិភពលោកបាននិយាយនៅថ្ងៃចន្ទថា ការចំណាយផ្នែកយោធារបស់អឺរ៉ុបបានកើនឡើងនៅឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺឈានដល់កម្រិតមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
កំណើននៅទ្វីបអឺរ៉ុបបាននាំឱ្យការចំណាយលើវិស័យយោធាពិភពលោកឈានដល់កំណត់ត្រាលើកទីប្រាំបីជាប់ៗគ្នា គឺ ២,២៤ សែនកោដិដុល្លារ ឬ ២,២% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)។
អ្នកស្រាវជ្រាវ Nan Tian ដែលជាសហអ្នកនិពន្ធនៃការសិក្សានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «សង្រ្គាមនៅអ៊ុយក្រែនជំរុញកំណើនចំណាយថវិការបស់អឺរ៉ុបប៉ុន្តែក៏មានភាពតានតឹងដែលមិនអាចដោះស្រាយបាន និងកាន់តែអាក្រក់នៅក្នុងតំបន់អាស៊ីបូព៌ារវាងសហរដ្ឋអាមេរិក និងប្រទេសចិនដែរ»។
ក្នុងឆ្នាំ ២០២២ អឺរ៉ុបបានបន្ថែម ចំណាយសម្រាប់កងទ័ព ១៣% លើសកាលពី១២ ខែមុន ក្នុងឆ្នាំ ដែលរុស្ស៊ីចូលលុកលុយ អ៊ុយក្រែន។
ក្រុមអ្នកស្រាវជ្រាវថា តួលេខនេះមិនគិតពីអត្រាអតិផរណាកើនឡើងខ្លាំងនោះទេ ដែលមានន័យថា ការចំណាយជាក់ស្តែង គឺច្រើនជាងនេះទៅទៀត។
នោះគឺជាកំណើនចំណាយច្រើនបំផុតក្នុងរយៈពេលជាង៣០ឆ្នាំ ហើយត្រឡប់ទៅដល់កម្រិតចំណាយជាប្រាក់ដុល្លារដូចក្នុងឆ្នាំ១៩៨៩ នៅពេលដែលជញ្ជាំងក្រុងប៊ែរឡាំងត្រូវកម្ទេចចោល។
លោក Tian បាននិយាយថា៖ «នៅអឺរ៉ុបការចំណាយមានកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់បានចប់»។
គ្រាន់តែប្រទេសអ៊ុយក្រែនមួយបានបង្កើនការចំណាយប្រាំពីរដងដល់៤៤ ពាន់លានដុល្លារ ឬមួយភាគបីនៃ ផលិតផលក្នុងស្រុកសរុប។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានកត់សម្គាល់ថា ប្រទេសនេះទទួលបានអត្ថប្រយោជន៍បន្ថែមពីការបរិច្ចាគអាវុធរាប់ពាន់លានដុល្លារពីបរទេស។
ការប៉ាន់ប្រមាណបានបង្ហាញថា ក្នុងពេលជាមួយគ្នានេះ ការចំណាយរបស់រុស្ស៊ីបានកើនឡើង ៩,២% កាលពីឆ្នាំមុន។
ការចំណាយនៅអឺរ៉ុបសរុប ៤៨០ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ បានកើនឡើងមួយភាគបីក្នុងទសវត្សរ៍មុន ហើយនិន្នាការនេះត្រូវគេរំពឹងថា នឹងបន្ត និងបង្កើនល្បឿនក្នុងទសវត្សរ៍ក្រោយ៕
ការសិក្សាបង្ហាញថា ការចំណាយខាងយោធាខ្ពស់បំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមត្រជាក់
ទីក្រុងស្តុកខុល —