លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.និយាយថា អ្នកចរចាអំពីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់មានសង្ឃឹមថា នឹងអាចសម្រេចបានកិច្ចព្រមព្រៀង ប៉ុន្តែពួកគេនៅត្រូវធ្វើការដោះស្រាយបញ្ហាដ៏ស្មុគស្មាញខ្លះៗទៀត។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា.ធ្វើអធិប្បាយដូច្នេះនៅទីក្រុងវីយែន (Vienna) កាលពីថ្ងៃសៅរ៍ នៅពេលលោកចាប់ផ្តើមកិច្ចពិភាក្សាសម្ងាត់ជាបន្តបន្ទាប់ជាមួយលោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។
លោក Mohammad Javad Zarif និយាយថា ភាគីទាំងពីរត្រូវខិតខំបន្ថែមទៀតដើម្បីធ្វើឲ្យមានការជឿនលឿនទៅមុខ។ លោកនិយាយថា ប្រសិនបើភាគីមួយបោះជំហានជាវិជ្ជមាន ហើយមិនធ្វើការទាមទារហួសហេតុ នោះប្រាកដជានឹងមានការព្រមព្រៀង ដែលមានប្រយោជន៍សម្រាប់ទាំងអស់គ្នា។
លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំងនិយាយថា មានលក្ខខណ្ឌពិបាកៗចំនួនបី ដែលត្រូវដោះស្រាយ ទើបអាចមានកិច្ចព្រមព្រៀងដ៏ជោគជ័យ។ លក្ខខណ្ឌទាំងនោះគឺអ៊ីរ៉ង់ត្រូវយល់ព្រមឲ្យមានអធិការកិច្ចទូលំទូលាយនៅកន្លែងធ្វើនុយក្លេអ៊ែរ កំណត់ព្រំដែនអ៊ីរ៉ង់ស្រាវជ្រាវនុយក្លេអ៊ែរ និងដាក់ទណ្ឌកម្មវិញ បើអ៊ីរ៉ង់រំលោភកិច្ចព្រមព្រៀងនេះ។
លោកថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ ក្រោយពីបានទៅដល់កន្លែងចរចា។ លោក Kerry បានជួបជាមួយលោក Fabius ក្រោយពីលោកទាំងពីរបានជួបជាមួយលោក Zarif៕