គេរាយការណ៍ថា គណៈប្រតិភូកូរ៉េខាងជើងកម្រិតខ្ពស់មួយបានបំពេញទស្សនកិច្ចខ្លីមួយនៅក្នុងក្រុងប៉េកាំងដែលនាំឱ្យមានការនិយាយស្មានៗថាលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងបានជួបជាមួយពួកមន្ត្រីចិននៅក្នុងរដ្ឋធានីនៃប្រទេសចិន។
បណ្តាញផ្សាយព័ត៌មានបានរាយការណ៍ថារថភ្លើងមួយដែលគេមានជំនឿថាដឹកគណៈប្រតិភូកូរ៉េខាងជើងបានចាកចេញពីក្រុងប៉េកាំងកាលពីរសៀលថ្ងៃអង្គារនៅពេលមានកិច្ចការពារសន្តិសុខតឹងរ៉ឹងនៅក្នុងរដ្ឋធានីនៃប្រទេសចិន។ ក៏ប៉ុន្តែគេដឹងមិនច្បាស់លាស់ទេថាតើនរណាជិះក្នុងរថភ្លើងនេះទេ។
ការនិយាយស្មានៗអំពីអត្តសញ្ញាណនៃភ្ញៀវកូរ៉េខាងជើងនេះបានចាប់ផ្តើមមានឡើងកាលពីថ្ងៃចន្ទនៅក្រោយវីដេអូទូរទស្សន៍ជប៉ុនមួយបានបង្ហាញរូបរថភ្លើងចាស់ពណ៌បៃតងមួយបានធ្វើដំណើរមកដល់ក្រុងប៉េកាំង។ បណ្តាញទូរទស្សន៍ជប៉ុន NTV បាននិយាយថារថភ្លើងពណ៌បៃតងនិងលឿងនេះស្រដៀងគ្នានឹងរថភ្លើងមួយដែលសពលោក Kim Jong Il អតីតមេដឹកនាំកូរ៉េខាងជើង និងជាឪពុកលោក Kim Jong Un បានធ្វើដំណើរទៅកាន់ក្រុងប៉េកាំងកាលពីឆ្នាំ២០១១។ លោក KimJong Il ជាមន្ត្រីកូរ៉េខាងជើងតែម្នាក់ទៀតដែលធ្លាប់ប្រើប្រាស់រថភ្លើងឯកជនដើម្បីធ្វើដំណើរទៅជួបពួកមន្ត្រីចិននៅក្នុងក្រុងប៉េកាំង។
ទាំងប្រទេសកូរ៉េខាងជើង ទាំងប្រទេសចិនមិនបានបញ្ជាក់អំពីសេចក្តីលម្អិតនៃដំណើរទស្សនកិច្ចដែលបានត្រូវរាយការណ៍នេះទេ។
ប្រសិនបើរបាយការណ៍ទាំងនេះនៃបណ្តាញផ្សាយព័ត៌មានជាការពិត ទស្សនកិច្ចមួយដោយមេដឹកនាំកូរ៉េខាងជើងរូបនេះ ដែលជាទស្សនកិច្ចលើកទីមួយរបស់លោកនៅក្រៅប្រទេសចាប់តាំងពីលោកឡើងកាន់តំណែងកាលពីឆ្នាំ២០១១មក ឬប្អូនស្រីលោកដែលបំពេញមុខនាទីសំខាន់ខ្លាំងឡើងៗជាប្រសិតការទូតសំខាន់ម្នាក់ពីប្រទេសកូរ៉េខាងជើង នឹងមានសារៈសំខាន់ទូលំទូលាយខាងការទូត។
ពួកអ្នកវិភាគនិយាយថាទស្សនកិច្ចនេះអាចជាផ្នែកមួយនៃការផ្លាស់ប្តូរខ្លាំងមួយដោយប្រទេសកូរ៉េខាងជើងពីគោលជំហរប្រឈមមុខដាក់គ្នាទៅកាន់ការឈោងចាប់ដៃខាងការទូត៕