ការ​ចរចា​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិនបានបន្ត

រូបឯកសារ៖ លោក Gao Feng អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន

ក្រសួង​ពាណិជ្ជកម្ម​ចិន​ប្រាប់​ថា ​ការចរចា​កម្រិត​ខ្ពស់​រវាង​ក្រុម​មន្រ្តី​មក​ពី​ប្រទេស​ដែល​សេដ្ឋ​កិច្ចធំបង្អស់​២ ​របស់​ពិភពលោក ​បាន​បន្ត។

ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា ចិនបាន​ធ្វើការឆ្លើយ​តប​ជា​លាយ​លក្ខណ៍​អក្សរ​ទៅនឹង​លក្ខខណ្ឌ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ​ក៏ប៉ុន្តែ​មិន​ទាន់​ច្បាស់​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនឹងផ្តល់​ឲ្យ​ល្មមគ្រប់​គ្រាន់​ដែរឬទេ។ ចិន​និង​សហរដ្ឋ​អាមេ​រិកបន្ត​ការ ចរចា​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់។

ក្រសួង​ពាណិជ្ជកម្ម​ចិន​ប្រាប់​ថា ​ការចរចា​កម្រិត​ខ្ពស់​រវាង​ក្រុម​មន្រ្តី​មក​ពី​ប្រទេស​ដែល​សេដ្ឋ​កិច្ចធំបង្អស់​២ ​របស់​ពិភពលោកបាន​បន្ត។ ក៏ប៉ុន្តែ​ថាតើរដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុងប៉េកាំង​អាចធ្វើឲ្យ​សម្រេច​ជោគជ័យកិច្ច​ព្រម​ព្រៀង និង​បញ្ចៀស​ការ​ដំ ឡើង​ពន្ធ​គយ​យ៉ាង​ខ្លាំង​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​២រយ​ពាន់​លាន​ដុល្លារ​នៅ​មិនទាន់​ប្រាកដ​ប្រជា​នៅ​ឡើយទេ។

លោក Gao Feng អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន ​និយាយថា ​ការ​បន្ត​ការ​ចរចា​បាន​ចាប់ផ្តើម ​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​និងមេដឹកនាំ​ចិន​លោក ​ស៊ី ​ជីងពីង បាន​និយាយ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី១ ​ខែ​វិច្ឆិកា។​ លោកGao Feng ​បាន​និយាយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា៖«ក្រុម​ការងារ​របស់​ប្រ​ទេសទាំង២​ កំពុងបន្ត​ទាក់​ទង​គ្នាយ៉ាង​ជិត​ស្និទ្ធ​ដើម្បី​អនុវត្ត ដោយ​ប្រុងប្រយ័ត្នតា​ម​ការ​មូល​មតិ​ដែលមេដឹកនាំ​ទាំង២ បាន​ព្រម​ព្រៀង​គ្នា​ក្នុង​អំឡុងនៃការ​សន្ទនា​តាម​ទូរសព្ទ»។

លោក​បាន​និយាយ​ទៀត​ថា ​ក្រុម​ហ៊ុន​ទាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​ចិន​បាន​ទទួល​រងផលប៉ះពាល់​ហើយ​កំពុង​ឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​ពាណិជ្ជ​កម្ម​នេះដែល​បណ្តាលឲ្យ​មានការ​យក​ពន្ធគយទៅវិញទៅមកលើ​ទំនិញ។

បន្ទាប់​ពីការ​និយាយ​តាម​ទូរសព្ទ​នៅ​ដើម​ខែនេះ ​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា លោក​បាន​គិត​ថា ​ប្រទេសទាំង​២ ​អាច​មាន​កិច្ច​ព្រម​ព្រៀង​មួយ ​ប៉ុន្តែ ​បាន​និយាយ​ទៀត​ថា​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​ប្រុងប្រៀប​យក​ពន្ធគយ​កាន់​តែ​ច្រើន​ឡើង​លើ​ទំនិញ​របស់​ចិន ​ប្រសិនបើ ​មិនមានការ​ជឿន​លឿន​បាន​ត្រូវ​ធ្វើ​ឡើង​នោះ។

នៅ​ថ្ងៃ​ទី១ ​ខែ​មករា ឆ្នាំ​២០១៩ អត្រា​ពន្ធគយ​ចំនួន១០​ភាគ​រយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​២រយពាន់​លាន​ដុល្លារ​មាន​គម្រោង​នឹង​ដំឡើង​ដល់​២៥​ភាគ​រយ។លោក​ប្រធានា​ធិបតី​ត្រាំ ក៏បាន​និយាយ​ដែរ​ថា ប្រសិនបើ ​ភាគី​ទាំង​២​មិន​អាចធ្វើ​ឲ្យ​សម្រេច​កិច្ច​ព្រម​ព្រៀង​ទេ រដ្ឋា​ភិបាល​ក្រុងវ៉ាស៊ីនតោន​នឹង​ដាក់​ពន្ធគយ​លើ​ការនាំ​ចូល​ទំនិញ​ដែល​នៅ​សេសសល់​ទាំង​អស់​របស់​ចិន ​ដែល​មាន​តម្លៃ​ប្រហែល​២៦៧​ពាន់​លាន​ដុល្លារ។

ប្រធានា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតី​ស៊ី ​មាន​គម្រោង​ជួប​គ្នា​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​របស់​មេដឹកនាំក្រុម​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿនលឿន​ទាំង​២០​ហៅកាត់​ថា G20នៅ​ទីក្រុង Buenos Airesនៃ​ប្រទេសអាហ្សង់ ទីន។នៅ​ដើម​សប្តាហ៍​នេះ ​មាន​សេចក្តី​រាយការណ៍​ថា ឧបនាយក​រដ្ឋ​មន្រ្តី​ចិន​លោក Liu He ​ដែល​ជា​អ្នក​ចរចា​ពាណិជ្ជកម្ម​កំពូល​របស់​ចិន​ ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters ​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ដក​ស្រង់​សម្តី​ប្រភព៣​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មក​ចុះ​ផ្សាយ​ថា ​ចិន​បានធ្វើ​ការ​ឆ្លើយ​តប​ជា​លាយលក្ខ័ណ៍​អក្សរ​ទៅនឹង​ការទាម​ទារ​របស់​សហរដ្ឋ​អាមេរិកសម្រាប់ការ​ធ្វើ​កំណែ​ទម្រង់​ពាណិជ្ជកម្មដ៏​ទូលំ​ទូលាយ។

គេ​មិន​ទាន់​ដឹង​ភ្លាម​ៗ​នៅ​ឡើយថាតើ​ការ​ឆ្លើយតប​នេះ ​អាច​ជួយបំពេញ​គម្លាត​រវាង​ប្រទេស​ទាំង២ស្តីពី​ពាណិជ្ជកម្ម​ឬ​ធ្វើ​ទៅតាម​ការទាម​ទារ​របស់​លោក​ត្រាំ​ដើម្បី​ឲ្យ​មាន​ការផ្លាស់​ប្តូរ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បាន​រិះគន់​ម្តងហើយ​ម្តងទៀតពីការ​ផ្តល់​ប្រាក់ជំនួយដល់​ឧស្សាហកម្មពី​រដ្ឋ​របស់​ចិន ​ការលួចកម្មសិទ្ធ​បញ្ញា ​ការ​ខ្វះការ​ប្រកួត​ប្រជែង​ស្មើភាព​គ្នា​សម្រាប់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិកក្នុង​ប្រទេស​ចិន​ហើយ​នឹង​ឱន​ភាព​ពាណិជ្ជកម្ម។

លោក Darson Chiu អ្នកសិក្សា​ស្រាវជ្រាវនៅឯ​វិទ្យាស្ថាន​សម្រាប់​ការ​ស្រាវជ្រាវ​សេដ្ឋ​កិច្ច​នៅ​កោះ​តៃវ៉ាន់​និយាយថា ​អ្វី​ដែល​កើត​ឡើង​បន្ទាប់​អាស្រ័យលើឥរិយាបទ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។លោកនិយាយ​ទៀត​ថា៖ «ម្យ៉ាង​ទៀត ប្រសិន​បើ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាត់​បន្ថយ​ទំហំ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​អសមភាព​ហើយ​ធានា​ថា សិទ្ធិ​កម្មសិទ្ធិ​បញ្ញា​របស់​សហរដ្ឋ​អាមេរិក ​នឹង​មិន​ត្រូវបាន​រំលោភ​ឬ​ត្រូវ​ប្រគល់​បច្ចេកវិទ្យាទៅ​ឲ្យ​ចិន ​មានឱកាស​ល្អមួយ​សម្រាប់ភាគី​ទាំង ២ ​អាច​ធ្វើ​ឲ្យ​សម្រេច​ការ​មូលមតិ​មួយ»។

មធ្យោបាយ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​អាច​ធ្វើ​បាន គឺការ​ស្នើឲ្យ​សម្រេចកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​រដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីន​តោនដែល​រួមមានការ​ព្រួយ​កង្វល់​ទាំងអស់​ដែល​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​មាន៖ ការបំភ្លៃ​រូបិយប័ណ្ណ សិទ្ធិ​កម្មសិទ្ធ​បញ្ញា ​ការ​ព្រួយ​កង្វល់​អំពី​សហគ្រាសដែល​កាន់​កាប់​ដោយ​រដ្ឋ។

លោកChiu បាន​និយាយ​ទៀត​ថា៖«នេះ​ជា​មធ្យោបាយដែល​ប្រធានា​ធិបតី​ត្រាំ ​នឹង​សុខចិត្ត​ទទួល​យក​សំណើ​នេះ។ហើយ​នៅពេល​ជាមួយ​នេះ​ដែរ ការណ៍​នេះ ​នឹង​ជួយ​ដក​អ្នក​ដែល​មាន​ផល​ប្រយោជន៍​ដ៏ធំធេង​ចេញពី​ឧបសគ្គ​ហើយដក​ចេញឧប​សគ្គ​ដ៏​យូរ​អង្វែង​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​ដែល​ពួក​អ្នកតាក់​តែង​គោល​នយោបាយនៅ​ក្នុង​ប្រទេស​ចិន​ប្រឈម»។

លោកChiuបាន​សារភាព​ថា ដំណោះ​ស្រាយ​បែបនេះ​ងាយ​ស្រួល​និយាយ​ជាង​ការ​ធ្វើ​ហើយ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិនដែល​មាន​ទស្សនៈ​ផ្សេង​អំពី​ដំណោះ ស្រាយ ​អ្នក​ដែល​មាន​ផល​ប្រយោជន៍​ច្រើន ដូចជា​ប្រធាន​សហ​គ្រាស​ដែល​កាន់កាប់​ដោយរដ្ឋ ក៏​បន្ត​ជជែក​ឲ្យ​ហេតុផល​ថា ​ពួកគេ​អាច​ជួយចិន​ពុះពារ​ព្យុះ​សង្ឃរា​នេះ។

អ្នក​វិភាគ​ខ្លះ​និយាយថា អ្វី​ដែល​ប្រទេស​ទាំង២​នេះ អាចសង្ឃឹមគឺការ​បញ្ចុះ​ភាព​តាន​តឹង។​

លោក Shi Yinhong ជា​អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យា​ល័យ Renmin និយាយ​ថា ចិនមានឆន្ទៈ​ធ្វើ​សម្បទាន​ខ្លះ​ដរាប​ណា​ការទាមទារ​ទាំង​នោះ​មិន​ខ្លាំង​ពេក។

លោក Shi បាន​និយាយ​ថា៖ «ចិន​បាន​យល់​ព្រមជាយូរ​ណាស់​មក​ហើយ​ដើម្បី​ធ្វើ​សម្ប ទានដូចជា៖ នាំ​ចូល​ទំនិញរបស់​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ច្រើន​ទៅតាម​លទ្ធ​ភាព​ដែល​អាច​ធ្វើបាន​ហើយ​នឹង​បន្ធូរ​បន្ថយ​ទីផ្សារយ៉ាង​ខ្លាំង​ក្នុង​ស្រុក​សម្រាប់​ក្រុម​ហ៊ុន​របស់​សហរដ្ឋ​អាមេរិក។​ក៏ប៉ុន្តែ សម្បទាន​ទាំង​នេះ អាចធ្វើ​ឲ្យ​ប្រធា​នា​ធិប​តីត្រាំ​មិន​សប្បាយ​ចិត្ត​ដែលចង់ឲ្យ​ចិន​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​និង​គោល​នយោបាយ​ឧស្សាហកម្មរបស់​ខ្លួនតែម្តង»។

លោក​បាន​និយាយ​បន្ថែទៀត​ថា សហរដ្ឋ​អាមេរិក ​ក៏អាច​បង្កើត​យន្តការ​ឃ្លាំមើល​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ​ចិនធ្វើ​ទៅតាម​សម្តី​របស់​ខ្លួន​នៅពេល​នេះ។

លោក Shi និយាយ​ថា ខណៈ​ដែលចិន​ចង់​ធ្វើ​កំណែ​ទម្រង់​ដែរ មធ្យោបាយ​ដ៏ល្អ​បំផុត​ដែល​អាច​ក្លាយ​ជាក្តីសង្ឃឹមគឺ​ការ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម។

លោក Shi បាន​និយាយ​ទៀត​ថា ការណ៍​នេះ​មាន​ន័យថា ​សហរដ្ឋ​អាមេរិក ​នឹង​ផ្អាក​ការ​យក​ពន្ធ​គយ​ច្រើនលើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​២រយ​ពាន់​លាន​ដុល្លារ​នៅ​ក្នុងការ​ដោះ​ដូរ​ដើម្បីឲ្យ​បាន​ទទួល​សម្ប​ទាន​ច្រើន​ពីចិន ​រួមមាន​ការផ្អាក​ដែលរដ្ឋា​ភិបាល​ក្រុង​ប៉េ កាំង​បាន​ធ្វើ​ក្នុង​អំឡុង​នៃការ​ចរចា​កាល​ពី​ខែ​កក្កដា។នៅ​ពេល​ជា​មួយ​គ្នានោះ​ដែរ ​រដ្ឋា ភិ​បាល​ក្រុងវ៉ាស៊ីនតោន ហាក់​ដូចជា​មិន​ទម្លាក់​ចោលការ​រឹត​ត្បិត​របស់​ខ្លួន​ឬ​បង្កើន​ការ ពិនិត្យ​ពិច្ច័យ​លើ​ក្រុមហ៊ុនបច្ចេក​វិទ្យា​ជាន់​ខ្ពស់​របស់​ចិន​ទេ៕

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន