សំឡេងកម្មករផ្សារដែកនិងចូកល្បាយស៊ីម៉ង់ហាក់ដូចជាស៊ាំត្រចៀកលោកអ៊ុំ សារិន ទៅហើយ។
អង្គុយនៅលើកៅអីផ្លាស្ទីកមួយជាប់នឹងតុដែលគាត់លក់បាយជាប្រចាំនៅលើកំណាត់ផ្លូវលេខ៣០២ ក្នុងចន្លោះមហាវិថីព្រះមុន្នីវង្ស និងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកង១ លោកអ៊ុំ សារិន បែរមុខទៅរកអគារកម្ពស់៧ជាន់មួយដែលកំពុងតែស្ថិតក្នុងការសាងសង់ ជាប់នឹងរបងផ្ទះចំណាស់របស់លោក។
ប៉ុន្មានឆ្នាំចុងក្រោយនេះអគារខ្ពស់ៗបានរីកដុះដាលព្រោងព្រាតនៅក្នុងតំបន់ដែលលោកតាំងលំនៅចាប់តាំងពីឆ្នាំ១៩៨៧មកម៉្លេះ។
លោកអ៊ុំ សារិនរំលឹកឡើងវិញថា៖«ពីមុនដីទីនេះសុទ្ធតែវាល គ្មានផ្ទះ។ ឥឡូវសុទ្ធតែផ្ទះថ្មអស់ហើយ»។
តំបន់បឹងកេងកងមួយមិនត្រឹមតែជាតំបន់ដែលមានផ្ទះវីឡានិងផ្ទះថ្មរីកដុះដាលនោះទេ ប៉ុន្តែជាតំបន់មួយក្នុងចំណោមខណ្ឌចំនួនពីរក្នុងរាជធានីភ្នំពេញគឺខណ្ឌចំការមននិងខណ្ឌទួលគោកដែលសំបូរដោយអគារខ្ពស់ៗទើបនឹងសាងសង់រួចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅពីមុខផ្ទះរបស់លោកអ៊ុំ សារិន ឆៀងឆ្វេងដៃបន្តិចមានអគារ De Castle មួយកម្ពស់៣២ជាន់ដែលនៅមិនឆ្ងាយពីអគារ៤២ជាន់ Golden Tower លើមហាវិថីព្រះមុន្នីវង្សដែលកំពុងស្ថិតក្រោមការសាងសង់ជាច្រើនឆ្នាំមកហើយប៉ុន្តែនៅក្នុងរង្វង់១០០ម៉ែត្រពីផ្ទះរបស់លោក សារិន យ៉ាងហោចណាស់មានអគារខ្ពស់ៗចំនួនបួនទៀតកំពុងស្ថិតក្នុងការសាងសង់ដែរ។
លោកចេង ខេង ប្រធានក្រុមហ៊ុនអចលនទ្រព្យCPLនិងជាប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យពន្យល់ថាការរីកដុះដាលនៃអគារខ្ពស់ៗកប់ពពកក្នុងក្រុងភ្នំពេញបានបង្ហាញពីសញ្ញារីកចម្រើនផ្នែកសេដ្ឋកិច្ច។
លោកចេង ខេងបន្ថែមថា៖
«យើងឃើញថាប្រទេសរីកចម្រើនបង្អួតគ្នាលើសំណង់អគារខ្ពស់ៗហ្នឹងហើយដែលអ្នកវិនិយោគមកបោះទុន។ ឥឡូវប្រទេសយើងក៏កំពុងចាប់ផ្តើមការប្រកួតប្រជែងនេះដែរ»។
អគារខ្ពស់នៅក្នុងទីក្រុងភ្នំពេញមានដូចជាApartment សម្រាប់ជួលស្នាក់នៅ មាន ខុនដូ ដែលជនបរទេសឬពលរដ្ឋកម្ពុជាអាចទិញសម្រាប់ស្នាក់នៅបាន។
លោកចេង ខេង មានប្រសាសន៍ថានេះមិនត្រឹមតែជាការបង្ហាញនូវការវិនិយោគផ្នែកសំណង់នោះទេប៉ុន្តែវាក៏ជាការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចក្នុងស្រុកដែរ។
«ពីមុនមកយើងឃើញថាមានអគារខ្ពស់ត្រឹមតែ១០ជាន់ឬ១៥ជាន់តែប៉ុណ្ណោះ។ប៉ុន្តែបច្ចុប្បន្នមាន៣០ជាន់ ៤៥ជាន់។ហើយនៅចុងឆ្នាំនេះមានការប្រកាសថានឹងមានរហូតដល់៥០ទៅ៥២ជាន់»។
មកដល់ឆ្នាំ២០១៤ មានខុនដូជាង២០ ត្រូវបានសាងសង់រួចនិងកំពុងសាងសង់នៅក្រុងភ្នំពេញ។
អគារទាំងនោះរីកដុះដាលច្រើនជាងគេបំផុតនៅក្នុងប្លុកសង្កាត់បឹងកេងកង នៃខណ្ឌចំការមន តំបន់នៃសង្កាត់ទន្លេបាសាក់ នៅតំបន់ទីប្រជុំជននៃខណ្ឌទួលគោក មួយចំនួននៅខណ្ឌដូនពេញនិងតំបន់សង្កាត់ជ្រោយចង្វានៅត្រើយម្ខាងស្ពានឆ្លងកាត់ទន្លេបាសាក់។
ប៉ុន្តែអគារដែលខ្ពស់ជាងគេបំផុតមានចំនួនបួនដែលទើបសង់រួចគឺអគារDe Castle Royal Tower
ក្នុងខណ្ឌចំការមនដែលមានកម្ពស់១១៧ម៉ែត្រនិង៣៣ជាន់សាងសង់រួចនៅឆ្នាំ២០១៣និងអគារធនាគារវឌ្ឍនៈក្នុងខណ្ឌដូនពេញកម្ពស់១១៨ម៉ែត្រដែលមានកម្ពស់៣៨ជាន់សង់រួចរាល់ក្នុងឆ្នាំ២០១៤នេះ រីឯអគារGolden Tower 42 ទី១និងទី២កម្ពស់១៩២ម៉ែត្រនិង៤២ជាន់កំពុងស្ថិតក្រោមការសាងសង់។
ដោយឡែកអគារដែលមានកម្ពស់១១៨ម៉ែត្រចំនួន៦ត្រូវបានសាងសង់រួចរាល់កាលពីបួនឆ្នាំមុនក្នុងនោះមានអគារធនាគារកាណាឌីយ៉ា ដែលមាន៣២ជាន់ផងដែរ។
ម្យ៉ាងវិញទៀតយ៉ាងហោចណាស់មានខុនដូកម្ពស់៣៣ជាន់និងកម្ពស់២២ជាន់ចំនួនប្រាំគ្រោងនឹងបើកការដ្ឋានសាងសង់នៅតំបន់កោះពេជ្រហើយគម្រោងសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០១៧។ក្រៅពីនោះនៅកោះពេជ្រដដែលនេះក៏នឹងមានសំណង់អគារមួយដែលមានឈ្មោះថាអគារពេជ្រដែលនឹងមានកម្ពស់ខ្ពស់ដាច់គេប្រចាំតំបន់គឺរហូតដល់កម្ពស់៥៥៥ម៉ែត្រ។
បើទោះជាបែបនេះក្តីរាជរដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនទាន់មានផែនការជាក់លាក់ណាមួយនៅឡើយដើម្បីកំណត់តំបន់ដែលអាចសាងសង់អគារខ្ពស់ៗឬផែនទីសំណង់ជាក់លាក់សម្រាប់ការរៀបចំក្រុងច្បាស់លាស់នោះទេ។
វិស័យសំណង់គឺជាគ្រឹះសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់ប្រទេសកម្ពុជា។ការវិនិយោគលើអគារខ្ពស់ៗនាពេលកន្លងមកដឹកនាំដោយប្រទេសចំនួនប្រាំ។នៅក្នុងនោះប្រទេសកូរ៉េនិងចិនគឺជាប្រទេសនាំមុខគេ។
តាមរបាយការណ៍របស់ក្រសួងនគរូបនីយកម្មនិងសំណង់ ត្រឹម៤ខែដើមឆ្នាំ២០១៤ ការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាមានតម្លៃ១,៤ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៣០០ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៣។
តែទោះជាយ៉ាងណាលោកចេង ខេង ប្រធានក្រុមហ៊ុនអចលនទ្រព្យCPLនិងជាប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យព្រួយបារម្ភថារដ្ឋាភិបាលមិនមានផែនការជាក់លាក់ក្នុងការកំណត់ការសាងសង់អគារខ្ពស់ៗទាំងនេះ។
«អគារខ្ពស់ៗកាលណាសង់ទៅធ្វើឲ្យចរាចរស្ទះ ដូច្នេះរដ្ឋាភិបាលត្រូវរៀបចំជាផែនការមេថាតើអគារខ្ពស់ៗគួរនៅតំបន់ណាពីព្រោះដូចនៅតំបន់បឹងកេងកងសង់អគារខ្ពស់ៗច្រើន ហើយមានផ្លូវក៏តូចៗ។ យើងមានប្រព័ន្ធលូនៅមានកម្រិត»។
លោកស៊ីន បូរ៉ាមី នាយកទីចាត់ការរៀបចំក្រុង ឲ្យដឹងថាសាលារាជធានីភ្នំពេញបានធ្វើការសិក្សាលើបញ្ហានេះនិងបានបញ្ជូនទៅកាន់ក្រសួងដែនដី នគររូបនីយកម្មនិងសំណង់រួចហើយ។
ហើយកាលពីថ្ងៃ១១ ខែកញ្ញាកន្លងមកគណៈកម្មការជាតិរៀបចំដែនដី នគរូបនីយកម្ម បានឯកភាព លើប្លង់គោលនៃរាជធានីភ្នំពេញសម្រាប់ការអនុវត្តរហូតដល់ឆ្នាំ២០៣៥។
ប្លង់នេះបានកំណត់តំបន់សាងសង់អគារខ្ពស់ និងលក្ខណៈសំណង់បែបណា និងកំណត់ពីទីតាំងអភិរក្សផងដែរដូចជាតំបន់ជុំវិញព្រះបរមរាជវាំង វិមានឯករាជ្យ និងវត្តភ្នំជាដើម។
លោកស៊ីន បូរ៉ាមី បញ្ជាក់ថាប្លង់គោលនេះនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលទើបមានសុពលភាពសម្រាប់យកទៅអនុវត្តន៍បាន។
«នៅក្នុងប្លង់គោលនេះបានកំណត់តំបន់មួយចំនួនរួចហើយ។វាជាត្រីវិស័យមួយសម្រាប់ឲ្យយើងសិក្សាពីប្លង់លម្អិតតាមខណ្ឌនិមួយៗតទៅទៀត។ ឧទាហរណ៍តើត្រូវរៀបចំប្លង់តាមខណ្ឌ។គណៈកម្មការសំណង់និងនគររូបនីយកម្មត្រូវធ្វើប្លង់លម្អិតអំពីប្លង់ប្រើប្រាស់ដីនៅពេលនោះទើបមានច្បាប់ត្រូវសង់របៀបណា កម្ពស់ប៉ុន្មាននិងឃ្លាតពីផ្លូវប៉ុន្មាន»។
លោកហ៊ុយ ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ មានប្រសាសន៍ថាអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគររូបនីយកម្មបានកំណត់រួចហើយដែរតាមគម្រោងបំព្រួញដោយកម្រិតតាមទំហំដីនិងតំបន់នៃទីតាំងសាងសង់ផងដែរ៕