ក្រុម Shi'ite Hezbollah នៃប្រទេសលីបង់និយាយថាយុទ្ធជនខ្លួនមួយចំនួនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយដោយអ៊ីស្រាអែល នៅក្នុងប៉ែកស៊ីរីនៃតំបន់ Golan Heights។
កងទ័ពអ៊ីស្រាអែល បានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយទេ ក៏ប៉ុន្តែប្រភពនៅក្នុងភូមិភាគមជ្ឈឹមបូព៌ានិយាយថាឧទ្ធម្ភាគចក្រអ៊ីស្រាអែល មួយគ្រឿងបានបាញ់កាំជ្រួចមីស៊ីល ២គ្រាប់កាលពីថ្ងៃអាទិត្យនៅជិត Quneitra ដែលស្ថិតនៅកៀកនឹងខ្សែបន្ទាត់បែងចែកផ្នែកស៊ីរីនៃតំបន់ Golan Heightsពីប៉ែកដែលអ៊ីស្រាអែល កាន់កាប់។
ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថានៅក្នុងចំណោមអ្នកដែលបានត្រូវសម្លាប់មានមេបញ្ជាការម្នាក់របស់ក្រុម Hezbollah។លោក Jihad Mughniyeh ដែលជាកូនប្រុសលោក Imad Mughniyeh មេដឹកនាំយោធារបស់ពួក Hezbollah ដែលបានត្រូវសម្លាប់ ជាជនម្នាក់ក្នុងបណ្តាអ្នកដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារនោះ។
បណ្តាញទូរទស្សន៍ MTV របស់លីបង់បានផ្សាយថាការវាយប្រហាររបស់អ៊ីស្រាអែល បានយកជាទីដៅនៃការវាយប្រហារមកលើកន្លែងបាញ់គ្រាប់រ៉ូកែត មួយដែលបានប្រុងប្រៀបបាញ់ប្រឆាំងនឹងអ៊ីស្រាអែល៕