លោក Henry Kissinger ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក្នុង​ជំនាន់​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា​បានស្លាប់

រូបឯកសារ៖ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិកលោក Henry Kissingerស្ថិតក្នុង​ទីក្រុង​បែរឡាំអ​កាលពីថ្ងៃទិ​២១ មិថុនា ឆ្នាំ២០១៧។

លោក Henry Kissinger អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទសវត្សរ៍​ទី​៧០ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ផ្តល់​យោប​ល់​ឱ្យ​មាន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា កាល​ពី​ជិត​៥០​ឆ្នាំ​មុន បាន​ទទួល​មរណ​ភាព​នៅ​ក្នុង​អាយុ​១០០​ឆ្នាំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters។

លោក Kissinger ទទួល​មរណភាព កាល​ពី​ថ្ងៃ​ពុធ​ នៅ​គេហដ្ឋាន​របស់​លោក​ នៅ​រដ្ឋ​Connecticut សហរដ្ឋ​អាមេរិក។ លោក​បាន​បំពេញ​ការងារ​ជា​រដ្ឋមន្រ្តី​ការបរទេស អំឡុង​ពេល​សង្រ្គាម​វៀត​ណាម​ឬVietnam War កាល​ពី​៤៨​ឆ្នាំ​មុន ដែល​មាន​ការ​ទម្លាក់​គ្រាប់​បែក​រាប់​លាន​តោន ​និង​ការ​ប្រើប្រាស់​គីមី ហើយ​កម្ពុជា​ក៏​រង​គ្រោះ​ដោយ​សារ​សង្រ្គាម​មួយ​នេះ ដោយសារ​មាន​ការ​ទម្លាក់​គ្រាប់​បែក​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​ឡាវ។

រូបឯកសារ៖អតីតមន្ត្រីការបរទេស​អាមេរិក​លោក Henry Kissinger (ស្តាំ) ចាប់ដៃជាមួយ​មេដឹកនាំ​វៀតណាមខាងជើង​លោក Le Duc Tho ក្នុង​ទីក្រុង​ប៉ារីស​ បន្ទាប់ពី​ចុះ​ហត្ថលេខា​លើ​បទឈប់​បាញ់អំឡុង​សង្រ្គាម​វៀត​ណាម​។

លោក Kissinger ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​អនុ​បណ្ឌិត និងបណ្ឌិតនៅ​សាកល​វិទ្យាល័​យ Harvard ជា​កន្លែង​ដែល​រូប​លោកបាន​បង្រៀន​មុខ​វិជ្ជាទំនាក់ទំ​នង​អន្តរ​ជាតិ​អស់​រយៈ​ពេល​ជិត២០​ឆ្នាំ។ នៅ​ឆ្នាំ១៩៦៩ ប្រធានា​ធិបតី​អាមេរិក លោក Nixon បាន​តែង​តាំង​លោក​Kissingerជាទី​ប្រឹក្សា​សន្តិ​សុ​ខជាតិ។ ក្រោយ​មក​លោក​បានប​ម្រើ​ការ​ជា​រដ្ឋមន្រ្តី​ការបរទេស ក្រោម​ការដឹក​នាំ​របស់​ប្រធានា​ធិប​តី Nixon ​និង Ford ។ បណ្ឌិត​ Kissinger បាន​ដើរ​តួនា​ទីសំ​ខាន់​ក្នុង​ការ​បើក​ទ្វារ​ទៅ​កាន់​ប្រទេស​ចិន និង​ទាញ​អាមេរិក​ចូល​មក​ក្នុង​សង្គ្រាម​វៀតណាម។ នេះបើ​តាម​កាសែតCision PR NewsWire ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក។

សាស្ត្រា​ប្រវត្តិ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ លោក សំបូរ មាណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ការ​បាត់​បង់​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក​ Henry Kissinger គឺ​ជា​ការ​បាត់​បង់​អ្នក​នយោ​បាយ​ និង​«អ្នក​ការទូត​ដែល​មាន​តម្លៃ​ក្នុង​ប្រវត្តិ​សាស្រ្ដ»។ ទោះ​យ៉ាង​លោក​សាស្រ្ដា​ចារ្យ​បន្ថែម​ថា​លោក Kissinger ក៏​មាន​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ដែរ​លើ​បញ្ហា​សោក​នាដ​កម្ម​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​មក​លើ​ទឹក​ដី​កម្ពុជា អំឡុង​សង្គ្រាម​វៀត​ណាម​ចូល​មក​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។

លោក​សាស្ត្រា​ចារ្យ សំបូរ​ មាណ្ណារ៉ា ថ្លែង​ថា៖ «បើ​យើង​និយាយ​ពី​ប្រវត្តិ​សាស្រ្ដ​វិញ​លោក Kissinger ក៏​ជា​អ្នក​ដែល​បាន​បន្សល់​ទុក​នូវ​តម្លៃ​សង្រ្គាម​មួយ​ដែល​សហ​រដ្ឋ​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ សូម​ជម្រាប​ថា​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​នៅ​តែ​ឱ្យ​តម្លៃ​នូវ​ការ​ងារ​ទូត និង​ការ​ងារ​នយោ​បាយ​ សម្រាប់​តម្រូវ​ការ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​គ្នាក្នុង​កិច្ច​អភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំង​ពីរ គឺ​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក»​។

​អ្នក​ជំនា​ញ​ផ្នែក​ប្រវត្តិ​សាស្ត្រ​ម្នាក់​ទៀត​ លោក រស់ ចន្ត្រា​បុត្រ ប្រាប់​វីអូអេ​ថា​លោក Kissinger គឺ​ជា​អ្នក​បាន​ដើរ​តួនាទី​យ៉ាង​សំ​ខាន់​នៅ​ក្នុងសង្គ្រាម​វៀត​ណាម​ ជា​ពិសេស​សោកនាដ​កម្ម​នៅ​ប្រទេស​កម្ពុជា នៅ​ក្នុង​សម័យ​លន់ នល់។

លោក​ថ្លែង​ថា៖ «ដូច្នេះ​នៅ​ក្នុង​ពិភព​លោក​នរណា​ក៏​គេ​ដឹ​ង​ដែរ​ថា​លោក Henry Kissingerហ្នឹង​គឺ​មាន​ហៅ​ថា​បន្ទុក​មួយ​យ៉ាង​ធំ​នៅ​ក្នុង​ការ​ដែល​ធ្វើ​សង្គ្រាម​នៅ​លើ​ទឹក​ដី​សាធារ​ណ​រដ្ឋខ្មែរ​ ធ្វើ​ឱ្យ​ទឹក​ដី​កម្ពុជា​ហ្នឹង​ឆេះ​ក្លាយ​ទៅ​ជា​ប្រ​ទេ​ស​មួយ មាន​សង្គ្រាម​ មាន​មនុ​ស្ស​ស្លាប់​ មាន​គ្រាប់​មី​ន​រាប់​លាន​គ្រាប់​ ដែល​នៅ​សល់រ​ហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​»។

បើ​តាម​សាស្ត្រាចារ្យរូប​នេះ​ សង្គ្រាម​នៅ​កម្ពុជា​ ព្រម​ទាំង​ការ​កើត​មានរបប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ក៏​កើត​ចេញ​ពី​នយោបាយ​របស់​លោក Kissingerហើយ​បច្ចុប្បន្ន​នេះ​បាន​បន្សល់​នូវ​គ្រាប់​មីន ជា​ពិសេស​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក។

ឯកអគ្គរាជទូតកម្ពុជាប្រចាំស.រ.អ លោក កែវ ឈា ថ្លែង​ទៅកាន់​អ្នកចូលរួម​កម្មវិធី US-ASEAN Institutes for Rising Leaders នៅសាលាសិក្សាជាន់ខ្ពស់អំពី​អន្តរជាតិ SAIS នៃសាកលវិទ្យាល័យ John Hopkins ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ (ប៉ូច រាសី/វីអូអេ)

នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក នា​ខែកញ្ញា លោក​ កែវ ឈា ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​កម្ពុជា​រង​ការ​ទម្លាក់​គ្រាប់​បែក​ចាប់ តាំង​ពី​ដើម​ឆ្នាំ​១៩៦៨ ហើយ​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​នយោបាយ​នៅ​កម្ពុជា​មាន​«ការ​ខ្វែង​គំនិត​គ្នា» ហើយ​បន្ទាប់​មក​បាន​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្សរ៍​១៩៧០។ លោក កែវ ឈា បន្ត​ថា​ក្នុង​នាម​ជា​ប្រទេស​ដែល​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​សង្រ្គាម​អាមេរិក-​វៀតណាម លោក​បាន​ស្នើ​ដល់​រដ្ឋាភិបាល​អាមេរិក​បង្វែរ​បំណុល​នេះ​ទៅ​ជា​ការ​អភិវឌ្ឍ ការ​អប់រំ​ឬ​ជា​ជំនួយ​មនុស្ស​ធម៌​វិញ។

ទោះ​ជា​យ៉ាងណា រដ្ឋាភិបាល​អាមេរិក​មិន​ទាន់​សម្រេច​ថា​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​រឿង​បំណុល​នេះ ដែល​គិត​ទាំង​ការ​ប្រាក់​ផង វា​កើន​ដល់​យ៉ាង​តិច​៥០០​លាន​ដុល្លារ។

បំណុល​នេះ​ត្រូវ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​កម្ចី​ជាង​២៧០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ​ លន់ នល់ នៅ​ដើម​ទសវត្សរ៍​១៩៧០​ ដើម្បី​ទិញ​ស្បៀង​និង​កសិផល​ផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក។

អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​ហៅ​បំណុល​ជំពាក់​នោះ​ថាជា«បំណុល​ឈាម» ហើយ​ថា​សហរដ្ឋ​អាមេរិក​ក៏​បាន​ជំពាក់«បំណុល​សីលធម៌»​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​បំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា៕