អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយ លើកឡើងថា កម្ពុជាត្រូវការវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីធានាអព្យាក្រឹតភាពនៃកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីតុលាការ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA ប្រចាំខែ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដានេះថា ការចែងមិនច្បាស់លាស់នៅក្នុងច្បាប់នេះ ធ្វើឲ្យការអនុវត្តច្បាប់នេះ មានភាពស្មុគស្មាញ។
«បើចង់ឲ្យច្បាស់ ទាល់តែយើងសរសេរឲ្យច្បាស់នៅក្នុងហ្នឹង។ កុំឲ្យមានជាប់ភាសាថា គាត់អាចក្លាយជាសមាជិកគណបក្សនយោបាយបាន ក៏ប៉ុន្តែ មិនធ្វើសកម្មភាពប្រឆាំងឬគាំទ្រ។ អាពាក្យពីរនេះ ពិបាកមែនទែន ព្រោះថា បើគាត់ទៅជាសមាជិកគណបក្សហើយ ពិបាកដែលមិនឲ្យគាត់ធ្វើសកម្មភាពនយោបាយណាស់ គឺគាត់ចង់ ឬមិនចង់ គឺត្រូវតែមានសម្ពាធឬអាចថា គាត់មាននិន្នាការត្រូវធ្វើតែម្តង»។
Your browser doesn’t support HTML5
មាត្រាទី១៥នៃច្បាប់ស្ដីពីគណបក្សនយោបាយបច្ចុប្បន្នកំណត់ថា បព្វជិត មន្ត្រីតុលាការនិងកងកម្លាំងជាតិ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពនយោបាយគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។
ទោះបីជា មានច្បាប់ចែងបែបនេះក៏ដោយ ក៏នៅក្នុងប្រទេសកម្ពុជា មន្ត្រីតុលាការនិងកងកម្លាំងប្រដាប់អាវុធមួយចំនួន ត្រូវបានគេមើលឃើញថា បានចូលរួមដោយផ្ទាល់ឬដោយប្រយោលក្នុងការគាំទ្រឬដាក់ខ្លួនឲ្យក្រោមឥទ្ធិពលនៃគណបក្សនយោបាយ ដើម្បីទទួលការតំឡើងឋានៈមុខងារឬនៅអាចរក្សាមុខតំណែងរបស់ខ្លួននៅក្នុងស្ថាប័នដែលខ្លួនដឹកនាំឬបម្រើការងារបាន ដោយមិនចាំបាច់ខ្វាយខ្វល់ច្រើនពីការបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះឡើយ៕