មន្ត្រីសាលាក្តីខ្មែរក្រហមអះអាងថា ជនសង្ស័យនៅក្នុងសំណុំរឿងនៅសាលាក្តីខ្មែរក្រហមមិនចាំបាច់ត្រូវតែនាំខ្លួន មកឃុំឃាំងបណ្តោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះទោសនោះទេ។
Your browser doesn’t support HTML5
លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលពិភាក្សាអំពីការខ្វែងយោបល់គ្នារវាងសហចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហម ទៅលើសំណុំរឿង០០៣និង០០៤។
លោកថ្លែងនៅក្នុងកម្មវិធីផ្សាយផ្ទាល់នេះថា៖ «មិនមែនជនសង្ស័យទាំងអស់សុទ្ធតែត្រូវចាប់ខ្លួនយកមកឃុំខ្លួន រង់ចាំការជំនុំជម្រះក្តីនោះទេ។ នៅដំណាក់កាលនេះ គេត្រូវស៊ើបអង្កេតដើម្បីស្វែងរកភស្តុតាងឲ្យបានគ្រប់គ្រាន់ដើម្បីឈានទៅដល់ការចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្ន។»
សហចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហម ដែលជាតុលាការកូនកាត់បង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦នោះ មានការខ្វែងយោបល់គ្នាជុំវិញ សំណុំរឿង០០៣និង០០៤។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិបាន«ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ» នូវជនសង្ស័យយ៉ាងតិចបីនាក់នៅក្នុងសំណុំរឿងក្តី០០៣និង០០៤ ចំពោះតួនាទីនិងការទទួលខុសត្រូវរបស់ពួកគេនៅក្នុងការធ្វើឲ្យបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរនៅក្នុងសម័យខ្មែរក្រហម។ ប៉ុន្តែ សហចៅក្រមស៊ើបអង្កេតជាតិបានលើកឡើងថា សំណុំរឿង០០៣ បានបិទរួចទៅហើយ។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖
«នីតិវិធីនៅពេលនេះ គឺចៅក្រមទាំងពីរ កំពុងតែធ្វើការងារទៅលើនីតិវិធីនេះ ហើយនៅក្នុងសំណុំរឿងទាំងពីរនេះ មានការខ្វែងយោបល់គ្នា ហើយពួកគេ កំពុងធ្វើការដោះស្រាយ ដើម្បីឈានទៅដល់ដំណាក់កាលចុងក្រោយ ដើម្បីចេញនូវដីកាដំណោះស្រាយមួយ»។
ប៉ុន្តែ ក្រុមអ្នករិះគន់លើកឡើងថា ក្រោយពីការចេញដីកាពីសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ឲ្យនាំខ្លួនជនសង្ស័យនៅក្នុងករណី០០៣និង០០៤ ឲ្យមកបង្ហាញមុខនៅពីមុខតុលាការ អាជ្ញាធរកម្ពុជាពុំបានអនុវត្តតាមដីកានោះទេ។
លោក នេត្រ ភក្ត្រា និយាយថា៖
«ការចេញដីកានាំខ្លួនជនសង្ស័យមកបង្ហាញខ្លួននៅពីមុខអង្គជំនុំជម្រះនោះ គឺទាក់ទងនឹងការអនុវត្តរបស់នគរបាលយុត្តិធម៌ ប៉ុន្តែខ្ញុំមិនមានសមត្ថកិច្ចបកស្រាយជំនួសនគរបាលយុត្តិធម៌ទាក់ទងនឹងបញ្ហានេះទេ ប៉ុន្តែ នគរបាលយុត្តិធម៌និងចៅក្រមនៅសាលាក្តីខ្មែរក្រហមធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយរួមមួយ»។
ជនដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ រួមមាន លោក មាស មុត លោក អោ អាន និងលោកស្រី អ៊ឺម ចែម។
ការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ គ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០១៥នេះ ហើយសំណុំរឿងនេះ គ្រោងនឹងបញ្ចប់នៅត្រឹមត្រីមាសទី១ ឆ្នាំ ២០១៦។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា៕ ការបញ្ចប់សំណុំរឿង០០៤ អាចឈានទៅដល់ឆ្នាំ២០១៧ អាស្រ័យទៅលើការលទ្ធផលនៃការស៊ើបអង្កេតសំណុំរឿងនេះ៕