រដ្ឋាភិបាលអូស្ត្រាលីបានសន្យាផ្តល់ថវិកាបន្ថែមចំនួន៣.២៥០.០០០លានដុល្លារអូស្រ្តាលី(ប្រហែល២លាន៣សែនដុល្លារសហរដ្ឋអាមេរិក) ដល់សាលាក្តីខ្មែរក្រហមសម្រាប់ដំណើរការនៅផ្នែកភាគីអន្តរជាតិនៃសាលាក្តីនេះ ដើម្បីបន្តការកាត់ទោសមេដឹកនាំនៃរបបវាលពិឃាតខ្មែរក្រហម។ នេះបើតាមសេចក្តីប្រកាសរបស់សាលាក្តីខ្មែរក្រហម។
ជារឿយៗសាលាក្តីខ្មែរក្រហមតែងតែជួបប្រទះវិបត្តិថវិកានៅក្នុងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតចំនួនពីរនាក់គឺ នួន ជា អតីតប្រធានសភា និង ខៀវ សំផន អតីតប្រមុខរដ្ឋដែលមានតែឈ្មោះ។
សាលាក្តីនេះក៏នៅមានបញ្ហាចម្រូងចម្រាសមិនទាន់សម្រេចដាច់ស្រេចលើសំណុំរឿង០០៣ និង០០៤ ថាតើត្រូវបន្តទៀតឬយ៉ាងណានៅឡើយទេ។
សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីនៅថ្ងៃនេះបានដកស្រង់សម្តីរបស់ប្រធាន និងអនុប្រធានរដ្ឋបាលនៃសាលាក្តីនេះថា វិភាគទានថ្មីនេះនឹងជួយឱ្យតុលាការកូនកាត់នេះ«ឈានដល់បញ្ចប់យុត្ថាធិការរបស់ខ្លួនតាមកាលកំណត់»៕