គ្រោះទឹកជំនន់បណ្ដាលឱ្យមានការធ្លាក់ភ្លៀងរដូវមូសុងយ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ាដែលបានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ១ម៉ឺននាក់ ហើយនឹងបង្កការរំខានដល់ការធ្វើចរាចរណ៍តាមរថភ្លើងដែលតភ្ជាប់ទីក្រុងធំៗនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃចន្ទ។
អ្នកស្រី Lay Shwe Zin Oo មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសុខុមាលភាពសង្គម សង្គ្រោះនិងការតាំងទីលំនៅថ្មីបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅទីក្រុង Bago បានចាប់ផ្ដើមកាលពីសប្ដាហ៍មុនបណ្ដាលឲ្យមានគ្រោះទឹកជំនន់នៅតំបន់ទំនាបនៃរដ្ឋធានី និងទីក្រុង Bago។ អ្នកស្រីបន្តទៀតថា រហូតមកទល់ពេលនេះ មិនមានករណីមនុស្សស្លាប់ណាមួយត្រូវបានរាយការណ៍ទេ ប៉ុន្តែមនុស្សជាង១ម៉ឺននាក់ បានបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេដើម្បីស្វែងរកទីមានសុវត្ថិភាព។
កម្រិតទឹកភ្លៀងនៅទីក្រុង Bago មានកម្ពស់២០០មីលីម៉ែត្រដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងរយៈពេល៥៩ឆ្នាំចុងក្រោយនេះ។ នេះបើតាមនាយកដ្ឋានឧត្តុនិយមមីយ៉ាន់ម៉ាដែលបានបញ្ជាក់កាលពីថ្ងៃអាទិត្យ។
ប្រធានក្រុមជួយសង្គ្រោះគ្រាមានអាសន្នម្នាក់នៅទីក្រុង Bago បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា ទឹកជំនន់មានកម្ពស់ទាបបំផុត២.៤៤ម៉ែត្រនៅតំបន់ដីទាបនៃទីក្រុងនិងមានកម្ពស់១.២១ម៉ែត្រនៅកណ្ដាលទីក្រុង។
លោក That Zin Maung ប្រធានមូលនិធិសប្បុរសធម៌ Mizzima Thukha បានថ្លែងប្រាប់តាមទូរស័ព្ទ កាលពីថ្ងៃចន្ទថា៖ «ស្ទើរតែគ្រប់តំបន់ទាំងអស់នៅក្នុងទីក្រុងត្រូវបានជន់លិច។ នេះជាគ្រោះទឹកជំនន់លើកទី៣ហើយ នៅទីក្រុងនេះនៅក្នុងឆ្នាំនេះ ហើយវាក៏ជាទឹកជំនន់អាក្រក់បំផុតមិនធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ វត្តអារាមទាំងអស់នៅក្នុងទីក្រុងបានបង្កើតជំរំដើម្បីជួយសង្គ្រោះអ្នករងគ្រោះ។ អង្គការសប្បុរសធមជាច្រើនក៏កំពុងជម្លៀសមនុស្សពីតំបន់ដីទាបតាមតែអាចធ្វើបាន»។
ស្ត្រីម្នាក់អាយុ៥៥ឆ្នាំ រស់នៅតំបន់ Pan Hlaing នៃទីក្រុង Bago បាននិយាយតាមទូរស័ព្ទ
ថា កម្រិតទឹកជំនន់មានកម្ពស់១.៨ ម៉ែត្រនៅក្នុងតំបន់ដែលអ្នកស្រីរស់នៅ។ គ្រួសារអ្នកស្រីនិងសមាជិកដទៃទៀតកំពុងស្នាក់នៅជាន់ទី២ ឬទី៣នៃផ្ទះរបស់ពួកគេ។
ស្ត្រីរូបនេះបានថ្លែងប្រាប់អំពីស្ថានភាពទឹកជំនន់នេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាគ្រប់គ្រងយ៉ាងតឹងរ៉ឹងទៅលើការបញ្ចេញព័ត៌មាន។ អ្នកស្រីនិយាយថា កម្រិតទឹកនៅតែបន្តឡើងឥតឈប់ឈរនៅក្នុងតំបន់របស់អ្នកស្រីដែលជាតំបន់មិនធ្លាប់មានទឹកជំនន់អាក្រក់បែបនេះទេកាលពីពេលមុន។
អ្នកស្រី Lay Shwe Zin Oo មន្ត្រីជាន់ខ្ពស់នៅក្រសួងសុខុមាលភាពសង្គមបានថ្លែងថា ពលរដ្ឋរងគ្រោះកំពុងស្នាក់នៅក្នុងជំរំសង្គ្រោះចំនួន៣២និងនៅតាមសាលារៀន ក៏ដូចជាតាមវត្តអារាមក្នុងទីក្រុង Bago ខណៈដែលអាជ្ញាធរកំពុងចែកស្បៀងអាហារ ទឹក និងជំនួយចាំបាច់ផ្សេងទៀត៕
ប្រែសម្រួលដោយលោក នៀម ឆេង