គ្រោះ​ទឹកជំនន់​ខ្លាំងក្លា​គំរាម​ដល់​ជីវិត​ប្រជាជន​និង​សេដ្ឋកិច្ច​កម្ពុជា

ទាហានជម្លៀសជនស៊ីវិលចេញពីតំបន់ជន់លិច នៅស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។ (រូបថតពីបញ្ជាការដ្ឋានយោធភូមិភាគទី៥)

ជំនន់ទឹកភ្លៀង​បាន​វាយ​លុក​យ៉ាង​ខ្លាំង​នៅ​បណ្ដា​ខេត្ត​ភាគខាងលិច​និង​ភាគខាងជើង​ប្រទេស​នា​ចុង​សប្ដាហ៍​កន្លង​ទៅ ​ដែល​បណ្ដាល​ឱ្យមនុស្ស​យ៉ាងហោច១១នាក់​ស្លាប់ និង​មនុស្ស​រាប់ម៉ឺននាក់​ផ្សេង​ទៀត​រង​ផល​ប៉ះពាល់។ ការណ៍​នេះ​បង្ក​ជា​ក្ដី​បារម្ភ​ថា គ្រោះធម្មជាតិនេះ​នាំ​ឱ្យ​មាន​ការ​ខូចខាត​លើ​សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​រង​ឥទ្ធិពល​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ស្រាប់​ទៅ​ហើយ។​

លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​VOA​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ មាន​ប្រជាជន​យ៉ាងហោច​១១នាក់​បាន​ស្លាប់ ក្នុង​គ្រោះ​ទឹកជំនន់​លើក​នេះ​ ដែល​វាយ​លុក​ជាយ​រាជធានី​ភ្នំពេញ និង​ខេត្ត១០​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ខេត្ត​ពោធិ៍សាត់ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្ដរមានជ័យ និងស្ទឹងត្រែង រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​គេ។​

លោក ឃុន សុខា ថ្លែង​ថា៖ «ទឹកភ្លៀង​បើ​ធៀប​នឹង​ឆ្នាំមុន​ក៏​មាន​លក្ខណៈ​ទាប​ជាង​មុន​ តែ​វា​មក​សម្រុក​នៅ​ក្រោយ​ភ្ជុំ ក្រោយ​ភ្ជុំ​ហ្នឹង ​មាន​ព្យុះ​ផ្ទួនៗ​គ្នា​ ដែល​នាំ​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង»។​

បើ​យោង​តាម​របាយការណ៍​គិត​ត្រឹម​ម៉ោង១០:៣០នាទី​យប់​ថ្ងៃ​សៅរ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រជាជន​ជិត២ម៉ឺន​គ្រួសារ​កំពុង​រង​ផលប៉ះពាល់​ ដែល​ក្នុង​នោះ​មាន​ជាង១ពាន់​គ្រួសារ​ ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព។​

ទិដ្ឋភាពទឹកលិចតំបន់ព្រំដែនកម្ពុជាថៃនៅច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។ (រូបថតពីបញ្ជាការដ្ឋានយោធភូមិភាគទី៥)

លោក ឃុន សុខា បាន​លើក​ឡើង​ថា វា​ហាក់​ឆាប់​ពេក​ក្នុង​ការ​វាយ​តម្លៃ​សន្និដ្ឋាន​ជា​តួលេខ​ជាក់​ស្ដែង​ អំពី​ទំហំ​និង​កម្រិត​នៃ​ការ​ខូច​ខាត​បណ្ដាល​ពី​ការ​ហូរ​ជន់​ជោរ​នៃ​ទឹក​ជំនន់​ពេញ​ផ្ទៃ​ខាង​លិច និង​ផ្ទៃ​ខាងជើង​ប្រទេស។ តែ​លោក​ថា៖​

«ស្ថានការណ៍​នេះ​គឺ​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចូលរួម​ជួយ​នោះ​គឺ យើង​គ្រប់គ្រង​ស្ថាន​ភាព​បាន​ ទាំង​ការ​ជួយ​គាត់​ឱ្យ​មាន​សុវត្ថិភាព និង​ការ​ផ្ដល់​ស្បៀង​អាហារ គឺ​យើង​អាច​គ្រប់គ្រង​ស្ថានភាព​បាន»។​

ផ្ទះ​របស់​លោក ​ដែន ដា ​ក្នុង​សង្កាត់​អូរម៉ាល់ ​ជា​តំបន់​កសិកម្ម​ជាយ​ក្រុង​បាត់ដំបង​ បាន​ជន់​លិច​អស់​រយៈពេល​៣ថ្ងៃ​មក​ហើយ។ ​យុវជន​វ័យ១៨ឆ្នាំ​រូប​នេះ​បាន​ប្រាប់​VOAថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ​ទឹក​មាន​ជម្រៅ​ត្រឹម​ភ្លៅ។​ លោក​ថា​ ស្រែ​ស្រូវ​៤ហិកតា​ដែល​ធំធាត់​សម្រាប់​ច្រូត​ប្រមូល​ផល​ទៅ​ហើយ​របស់​គ្រួសារ​លោក​ ត្រូវ​បាន​ទឹក​លិច​ខូច​ខាត​ទាំង​ស្រុង។​

«អា​ហ្នឹង​ប៉ះពាល់​[ចំណូល]​តិច​តួច​ដែរ ​ព្រោះ​ទឹក​លិច​អស់​ទៅ ​អង្ករ​និង​ដំណាំ​លិច​អស់​ទៅ ​វា​ប៉ះ​ពាល់​ដែរ»។ ​

លោក ឃុន សុខា នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បាន​បន្ថែម​ថា ដ្បិត​ថា​មាន​ជំនន់​ តែ​ទឹក​ភ្លៀង​ដែល​ទទួល​បាន​នៅ​ឆ្នាំនេះ​តិច​ជាង​ឆ្នាំ​មុន ​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ខ្វះខាត​ទឹក​នៅ​រដូវ​ប្រាំង​ខាង​មុខ​នេះ ​ដែល​នឹង​ប្រឈម​សម្រាប់​វិស័យ​កសិកម្ម​បន្ថែម​ទៀត។

«បាទ ធម្មតា បើសិន​ជាប៉ះពាល់​ទៅ​ដល់​កសិកម្ម​នោះ​ហើយ វា​តែង​តែ​មាន​ផល​ប៉ះពាល់​ដល់​ចំណូល​របស់​ប្រជា​កសិករ ​តែ​រដ្ឋាភិបាល​កំពុង​ប្រុងប្រយ័ត្ន​ក្នុង​ការ​រក្សា​ទឹក​នៅ​ពេល​នេះ។ ក្រុម​ជំនាញ​កំពុង​តែ​ប្រមូល​ទឹក​ដាក់​មើល​អាង​បញ្ចូល​ ក្នុង​អាង​ទឹក​ធំៗ ដើម្បី​ត្រៀម​ទុក​សម្រាប់​ពេល​ដែល​អត់​មាន»។​

វិស័យ​កសិកម្ម​ដែល​រដ្ឋាភិបាល​រំពឹង​ថា​នឹង​ជួយ​រង​ និង​ទប់​បម្រុង​ប៉ះប៉ូវ​ពី​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ១៩ ដែល​នាំ​ឱ្យ​ការ​ផ្ញើប្រាក់​ពី​ពលករ​នៅ​ក្រៅ​ប្រទេស​ធ្លាក់​ចុះ ​ការ​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ​ក៏​ថយ​ ហើយ​អំណាច​តម្រូវការ​អតិថិជន​ក្នុង​ស្រុក​ក៏​ចុះ​ខ្សោយ។ ​នេះ​បើ​យោង​តាម ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​ដែល​បាន​វិភាគ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​ធ្លាក់​ចុះ​ក្នុង​អត្រា -៤% ​នៅ​ឆ្នាំ​២០២០​នេះ។​

ប្រជាជនក្រុងពោធិ៍សាត់ព្យាយាមទប់ទឹកដែលជន់លិចកុំឱ្យចូលផ្ទះកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០កន្លងទៅ។ (រូបថតពីសាលាខេត្តពោធិ៍សាត់)

បណ្ឌិត ឆេង​ គឹមឡុង នាយកមជ្ឈមណ្ឌល​នវានុវត្តន៍​និង​ប្រជាធិបតេយ្យ​លើ​កិច្ចការ​អភិបាល​កិច្ច​ នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) បាន​លើក​ឡើង​ថា គ្រោះទឹកជំនន់​នេះ​អាច​ប៉ះពាល់​ដល់​សន្ទុះ​នៃ​ការ​ហក់​ឡើង​មក​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ព្រោះ​ការ​ផ្គត់ផ្គង់​ស្បៀង ​និង​ផលិតផល​កសិឧស្សាហកម្ម​នៅ​តំបន់​ជន់​លិច ​អាច​នឹង​ជួប​ភាព​រអាក់​រអួល។​

លើស​ពី​នេះ​ទៅ​ទៀត គ្រោះ​ទឹក​ជំនន់​នេះ​នឹង​នាំ​ឱ្យ​មាន​បម្រែ​បម្រួល​ដល់​ផែនការ​ថវិកា​និង​សារពើ​ពន្ធ​របស់​រដ្ឋ​សម្រាប់​ឆ្នាំ​បន្ទាប់។​ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​រូប​នេះ។​

«តាម​ពិត​វា​ប៉ះពាល់​ជា​កញ្ចប់​តែ​ម្ដង ព្រោះ​ឧបមា​ថា ស្ពាន ផ្លូវ ថ្នល់ ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន រង​ផល​ខូច​ខាត​ ដូច្នេះ​វា​ធ្វើ​ឱ្យ​ខ្ទង់​ចំណាយ​របស់​រដ្ឋ ត្រូវ​បង្វែរ​ការ​វិនិយោគ​ដើម្បី​ស្ដារ​មក​វិញ​ ដូច្នេះ​វា​នឹង​នាំ​ឱ្យ​ប្រែប្រួល​លើ​ផែន​ការ​ថវិកា​ជាតិ​ចំណាយ​ទៅ​លើ​ការ​សង្គ្រោះ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធពាក់ព័ន្ធ​មួយ​ចំនួន សម្រាប់​ជា​គមនាគមន៍​ផង​ និង​កសិកម្ម​ផង»។​

បណ្ឌិត ឆេង គឹមឡុង បាន​លើក​ថា រដ្ឋ​គួរ​វិនិយោគ​បន្ថែម​ទៅ​លើប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ធារាសាស្ត្រ​និង​កសិកម្ម​ ដែល​អាច​បន្ថយ​ផល​ប៉ះពាល់​នៃ​ទឹក​ជំនន់ និង​ផ្គត់ផ្គង់​ទឹក​ពេល​រាំង​ស្ងួត​ ដើម្បី​បន្សាំ​ទៅ​នឹង​ស្ថាន​ភាព​ធាតុ​អាកាស​ថ្មី​ដែល​កាន់​តែ​ប្រែប្រួល និង​មិន​អាច​ទស្សន៍ទាយ​ទុក​ជាមុន​បាន៕