ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​និង​បារាំងចាប់​ផ្តើម​សាកល្បងឱសថ​លើ​អ្នក​ជំងឺកូវីដ​១៩

រូបភាពបង្ហាញពីអ្នកជំនាញក្នុងមន្ទីរពិសោធន៍មួយកំពុងធ្វើតេស្តសាកល្បងវ៉ាក់ស៊ាំងនៅវិទ្យាស្ថានវ៉ាក់ស៊ាំងអន្តរជាតិក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ក្រុមហ៊ុន​ផលិត​ឱសថ​បារាំ​ងឈ្មោះ Sanofi និង​ក្រុមហ៊ុន​ឱសថ​អាមេរិកាំង​ឈ្មោះ Regeneron បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួកគេ​បាន​ចាប់​ផ្តើម​សាកល្បងឱសថថ្មីដល់អ្នក​ជំងឺ​ឆ្លង​មេរោគកូវីដ១៩ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រុមហ៊ុនឱសថទាំង​២ ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ការ​សាក​ល្បង​ដំណាក់​ការទី២​និង​ទី៣ ​បាន​ត្រូវ​ធ្វើ​ឡើងសម្រាប់ឱសថ Kevzara។

ក្រុម​ហ៊ុនឱសថ Regeneron នឹង​ធ្វើ​ការ​សាកល្បង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ខណៈ​ដែល​ក្រុមហ៊ុន Sanofi ​មាន​គម្រោង​សាក​ល្បង​មុនដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ​ដែលបាន​រងការ​ឆ្លង​យ៉ាងខ្លាំង​ដោយ​សារការរាលដាល​ជាសាកល​នៃ​មេរោគ​កូរ៉ូ​ណា​វីរុស។

ឱសថ​នោះដើរតួនាទី​ដ៏​សំខាន់ក្នុងការ​ជួយ​ការព្យាបាល​ការរលាក​សួតជា​បញ្ហា​ដែលអ្នក​ជំងឺខូវីត​១៩ធ្ងន់​ៗរងផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

​អ្នក​ជំងឺ​ប្រហែល​៤រយនាក់នឹង​ចូលរួម​នៅ​ក្នុងការ​សិក្សា​នេះ ​ដែល​នឹង​វាយតម្លៃពីឥទ្ធិ​ពល​របស់ឱសថ Kevzara ​លើ​ជំងឺគ្រុនផ្តាសាយ​និង​កម្រិត​អុកស៊ីសែន​លើ​អ្នក​ជំងឺ។

ការសិក្សា​នេះក៏នឹង​ពិនិត្យ​មើល​ថា​តើ​ឱសថ​នេះមាន​ប្រសិទ្ធភាព​យ៉ាង​ដូចម្តេច​ក្នុង​រយៈ​ពេល​យូរ​ដើម្បី​កាត់​បន្ថយ​អត្រា​នៃការ​ស្លាប់ ​និង​ថាតើឱសថ​នេះ ​អាច​កាត់​បន្ថយតម្រូវការ​នៃ​ប្រដាប់​ដក​ដង្ហើម​នៅ​ក្នុង​មន្ទីរពេទ្យ​ប៉ុន្មាន​ដែរ។

​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ករណី​នៃ​មេរោគ​កូរ៉ូណាវីរុស​ទូទាំង​សាកល​លោក ​មានចំនួន​១សែន​៦ម៉ឺន​៨ពាន់​២រយ៥០​ករណី ​ដោយ​មាន​មនុស្ស​ស្លាប់​៦ពាន់​៥រយ១នាក់​នៅ​ក្នុង​ប្រទេសនិង​ដែនដី​ចំនួន​១៤២៕