មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ភាគច្រើន ស្លាប់ដោយការមកព្យាបាលយឺតយ៉ាវ និងជាអ្នកដែលរស់នៅតាមបណ្តាខេត្តនានា។
នេះជាការលើកឡើងរបស់អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ ដែលបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីព្រឹកថ្ងៃអង្គារ ក្នុងពេលអ្នកស្រីនាំយកថវិកា១០លានរៀល ព្រមជាមួយអាហារនិងរបស់របរប្រើប្រាស់ផ្សេងៗ ផ្តល់ឲ្យអ្នកចាក់វ៉ាក់សាំងទី៦លានក្នុងខេត្តកំពង់ចាម ដែលទទួលជំនួយពីនាយករដ្ឋមន្ត្រី។
អ្នកស្រី ឱ វណ្ណឌីន បានឲ្យដឹងទៀតថាតាមការសាកសួរជាបឋម អ្នកជំងឺមួយចំនួនធំជាមនុស្សវ័យចំណាស់ រស់នៅតាមជនបទ ហើយឈឺមិនដឹងខ្លួន ដោយមិនបានទៅរកសេវាព្យាបាលទាន់ពេលវេលា។
អ្នកស្រីថ្លែងថា៖ «ដំបូងគាត់ចាប់ផ្តើមទៅដូចជា ផ្តាសាយ ហៀរសំបោរ ក្អក។ គាត់គិតថាគាត់ផ្តាសាយធម្មតា ពីព្រោះគាត់គិតថាគាត់អត់ដើរទៅណា គាត់នៅតែផ្ទះ។ អញ្ចឹងគាត់អត់បានរកសេវា ឬធ្វើតេស្តអីបានទាន់ពេលវេលា។ រហូតដល់គាត់មានបញ្ហាផ្លូវដង្ហើម គាត់ចាប់ផ្តើមហត់ អញ្ចឹងទៅ បានគាត់ចាប់ផ្តើមទៅមន្ទីរពេទ្យ»។

រូបឯកសារ៖ អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ចូលរួមពិធីទទួលវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ នៅភ្នំពេញ ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
អ្នកស្រីបន្ថែមថាក្រសួងសុខាភិបាលនឹងសិក្សាឲ្យបានច្បាស់លាស់អំពីការស្លាប់ដោយសារជំងឺកូវីដ ដើម្បីអាចយកមកវិភាគច្បាស់លាស់។
អ្នកស្រីបញ្ជាក់ថា៖ «បន្តិចទៀត យើងនឹងធ្វើការសិក្សាឲ្យបានច្បាស់លាស់ ហើយខ្ញុំក៏កំពុងតែដឹកនាំនូវការរៀបចំការសិក្សានេះ»។
នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានរាយការណ៍ករណីស្លាប់ចំនួន២១នាក់ទៀត ដែលនាំឲ្យករណីស្លាប់សរុបក្នុងប្រទេសកម្ពុជា មានប្រមាណ១.១៥០នាក់។ ការស្លាប់ដោយសារជំងឺកូវីដ១៩ ដែលត្រូវបានប្រកាសជារៀងរាល់ថ្ងៃចាប់ពី២០នាក់រហូតដល់ជាង៣០នាក់ នាំឲ្យមានការព្រួយបារម្ភអំពីកម្រិតនៃការព្យាបាលនៅកម្ពុជា និងភាពអាចទប់ទល់បាននៃប្រព័ន្ធសុខាភិបាលកម្ពុជា ខណៈអ្នកជំងឺជិត១ពាន់នាក់បានបន្តឆ្លងជារៀងរាល់ថ្ងៃ។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានប្រាប់ VOA នៅថ្ងៃអង្គារនេះថាភាពទន់ខ្សោយនៃប្រព័ន្ធសុខាភិបាលនៅកម្ពុជានៅតែជាបញ្ហា ខណៈលោកជំរុញឲ្យចុះអប់រំពលរដ្ឋនៅតាមមូលដ្ឋានអំពីជំងឺកូវីដ១៩ ដើម្បីឲ្យពួកគេឆាប់បានទៅរកសេវាព្យាបាល។
លោកថ្លែងថា៖ «ហើយបើសិនជានិយាយថាអ្នកដែលស្លាប់ហ្នឹងចាស់ៗគាត់មិនដឹងហើយហួសពេលជួយអត់ទាន់ អាហ្នឹងជារឿងមួយកម្សោយរបស់យើងហើយ។ បានន័យថាសុខាភិបាលយើងវាអត់ខ្លាំងជួយប្រជាពលរដ្ឋអត់បាន។ អញ្ចឹងគាត់ត្រូវមានការផ្តល់យោបល់ ពិគ្រោះយោបល់ ដើម្បីជួយឲ្យគាត់ការពារខ្លួនយ៉ាងម៉េចៗ កុំឲ្យហួសពេលអញ្ចឹង»។
រូបឯកសារ៖ រថយន្តសង្រ្គោះបន្ទាន់ដឹកអ្នកជំងឺកូវីដ១៩ឆ្ពោះទៅមជ្ឈមណ្ឌល The Premier Center ដែលពីមុនជាអគារសម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ តែឥឡូវប្រែក្លាយជាកន្លែងដាក់អ្នកជំងឺកូវីដ១៩ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
លោក អ៊ូច វុទ្ធី ជំរុញឲ្យមានវិធានការពីសំណាក់មន្ត្រីមូលដ្ឋាន ក្នុងករណីបុគ្គលជាប់សង្ស័យពីការឆ្លងជំងឺកូវីដ១៩ ហើយថាការធ្វើតេស្តរហ័សបានទាន់ពេលវេលា ក៏អាចចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាស្លាប់បានដែរ។
លោកបានបញ្ជាក់ថា៖ «អញ្ចឹងគាត់ត្រូវចុះមើលនូវស្ថានភាពទាំងអស់ហ្នឹងបាទ។ ក្នុងភូមិមួយៗហ្នឹងមេភូមិគាត់ដឹងហើយថា គ្រួសារនេះដូចអត់ស្រួលអញ្ចឹងពេទ្យទាំងអស់ហ្នឹងគេហៅថាត្រូវធ្វើតេស្តហៅគាត់មកធ្វើតេស្តកម្តៅធ្វើស្អីៗហ្នឹង ហើយបើសិនជាសង្ស័យថាមានអាហ្នឹងយើងបញ្ជូនទៅពេទ្យបង្អែកឬមួយថាមើលទៅឃើញថា Positive (វិជ្ជមាន) យើងបញ្ជូនទៅពេទ្យរដ្ឋទៅ។ ឥឡូវយើងមាន Rapid Test ហ្នឹងល្អប្រសើរដែរតើ យើងដឹងជំហានដំបូង។ អញ្ចឹងយើងបញ្ជូនគាត់ទៅដើម្បីជួយសង្គ្រោះគាត់ កុំឲ្យចូលដល់ដំណាក់កាលទីពីរ ទីបី។ ចូលដល់ទីបីអាហ្នឹងស្មើនឹងស្លាប់ហើយបាទ»។
អ្នកស្រី ប៉ាង ហើ អាយុ៦២ឆ្នាំ ជាពលរដ្ឋម្នាក់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថាកូនស្រីរបស់អ្នកស្រីឈ្មោះ ធី ច្រឹប អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ បានស្លាប់ដោយសារជំងឺកូវីដ១៩កាលពីដើមខែកក្កដានេះ។
អ្នកស្រីឲ្យដឹងថាកូនស្រីរបស់អ្នកស្រីបានធ្លាក់ខ្លួនឈឺពេលកំពុងធ្វើការនៅរោងចក្រ ដូច្នេះនាងបានឈប់សម្រាក។ ហើយអំឡុងពេលនោះ កូនស្រីមានចេញរោគសញ្ញាជំងឺកូវីដ១៩ ដូចជាឈឺក ក្អួតចង្អោរ និងក្តៅខ្លួនជាដើម។ អាស្រ័យដូច្នេះហើយ អ្នកស្រីបានណែនាំឲ្យកូនស្រីទៅធ្វើតេស្តជំងឺកូវីដ១៩ នៅមន្ទីរពេទ្យស្រុក ហើយលទ្ធផលបង្ហាញថាកូនស្រីដែលមានផ្ទៃពោះ៦ខែផងនោះ មានជំងឺកូវីដ១៩។
រូបឯកសារ៖ សមាជិកយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅអគារក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។
អ្នកស្រី ប៉ាង ហើ បន្តថាកូនស្រីអ្នកស្រីបាន សម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុករយៈពេល៣ថ្ងៃប៉ុណ្ណោះ មុនពេលស្លាប់ ដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរ។ ការស្លាប់របស់កម្មការិនីរូបនេះ បានបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំផងដែរ។
អ្នកស្រីជាម្តាយឲ្យដឹងទៀតថាអំឡុងពេលសម្រាកព្យាបាល កូនស្រីមិនមានសាច់ញាតិនៅជួយមើលថែនោះទេ ដោយសារតែអ្នកស្រី និងស្វាមីរបស់កូនស្រី ត្រូវធ្វើចត្តាឡីស័ក។
អ្នកស្រីថ្លែងថា៖ «ខ្ញុំបានសួរហើយសន្តិសុខនៅហ្នឹងថាពេទ្យគេថាអត់អីទេអ៊ំអើយ គ្មានកើតថីមួយទេ គេដឹងតាជា មើលអញ្ចឹងបានអ៊ំទុកចិត្ត ថាគេថែរក្សាត្រឹមត្រូវណាស់។ សន្តិសុខថាអញ្ចឹង។ ហើយអ៊ំក៏មិនដឹងដែរ បើកូនទៅណោះ អ៊ំនៅណេះនោះ គ្រាន់តែសួរតាមគេអញ្ចឹងទេ ក្មួយអើយ។ ទាល់តែខ្ញុំឲ្យកូនខ្ញុំសុំលេខគ្រូពេទ្យ។ គ្រូពេទ្យថា អ៊ំ អើយកាត់ចិត្តខ្លះទៅ។ គាត់ថាអញ្ចឹង មើលទៅគាត់ខ្លាំងហើយ ១០សល់តែ១ទេ»។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលកម្ពុជាបានបន្តរាយការណ៍ករណីស្លាប់និងឆ្លងជារៀងរាល់ថ្ងៃ។ នៅថ្ងៃនេះ ក្រសួងប្រកាសករណីឆ្លងថ្មីចំនួន៨២៥នាក់ ដែលនាំឲ្យករណីឆ្លងសរុបមានទៅដល់ប្រមាណ៦ម៉ឺន៩ពាន់នាក់។
បើទោះកម្ពុជាសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋបានជាង៦លាននាក់ ករណីឆ្លងនិងស្លាប់នៅតែមានកម្រិតច្រើន។ មន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថាវ៉ាក់សាំងមិនអាចធានាថាមិនឆ្លងនោះទេ ប៉ុន្តែវាក់សាំងជួយមិនឲ្យស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ រហូតដល់ស្លាប់៕