ក្រុមមន្ត្រីសុខាភិបាលប៉ាលេស្ទីនបាននិយាយថាកងទ័ពជើងទឹកអ៊ីស្រាអែលបានបាញ់សម្លាប់អ្នកនេសាទត្រីប៉ាលេស្ទីនម្នាក់នៅក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរសមុទ្រតំបន់ Gaza កាលពីថ្ងៃសៅរ៍។ គេរាយការណ៍ថាបុរសដែលបានត្រូវបាញ់ស្លាប់នោះឈ្មោះ Tawfuq Abu Riala អាយុជាង៣០ឆ្នាំ។
ស្ត្រីអ្នកនាំពាក្យក្រុមយោធាអ៊ីស្រាអែលបាននិយាយថាក្រុមទាហានអ៊ីស្រាអែលបានបាញ់កាំភ្លើងនៅពេលទូកប៉ាលេស្ទីនបួនគ្រឿងបានបើកចេញពីតំបន់អនុញ្ញាតឱ្យមានការនេសាទត្រី។
ប្រទេសអ៊ីស្រាអែលបានធ្វើការរាំងខ្ទប់ដោយកងនាវាចម្បាំងលើតំបន់ Gaza ក៏ប៉ុន្តែបានចាត់ឱ្យមានតំបន់មួយមានចម្ងាយ៦ម៉ាយ (ខ្នាតប្រវែងបរទេស) ពីឆ្នេរសមុទ្រដើម្បីឱ្យអ្នកស្រុកតំបន់ Gaza ធ្វើការនេសាទត្រី។
ប្រទេសអ៊ីស្រាអែលបាននិយាយថាការដាក់ឱ្យមានការរាំងខ្ទប់នេះគឺដើម្បីបញ្ចៀសកុំឱ្យមានការដឹកអាវុធទៅឱ្យក្រុមមេដឹកនាំ Hamas នៅក្នុងតំបន់ Gaza៕