របាយការណ៍ថ្មីមួយដែលចេញផ្សាយរួមគ្នាដោយអង្គការសុខភាពពិភពលោក (WHO) ធនាគារពិភពលោក និងទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិកាលពីពេលថ្មីៗនេះ បានរកឃើញថា អ្នកជំងឺជិតមួយពាន់លាននាក់នៅក្នុងបណ្តាប្រទេសក្រីក្រក្នុងពិភពលោកទទួលបានការព្យាបាលសម្រាប់អាការៈជំងឺដែលជារឿយៗប៉ះពាល់ដល់អាយុជីវិតនៅតាមមណ្ឌលព្យាបាលដែលខ្វះអគ្គិសនីប្រើប្រាស់។
មន្ត្រីសុខាភិបាលនានាបាននិយាយថា លទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់នៅតាមមណ្ឌលព្យាបាលគឺជាកត្តាសំខាន់មួយដែលអាចឱ្យមណ្ឌលព្យាបាលជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន។
អ្នកស្រី Heather Adair-Rohani ដែលជាប្រធានស្តីទីនៃអង្គភាពគុណភាពខ្យល់ ថាមពល និងសុខភាពនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វាជាការសំខាន់ដែលមណ្ឌលព្យាបាលមានការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាននិងមានដំណើរការជាប់ជានិច្ច។
អ្នកស្រីថ្លែងដូច្នេះថា៖ «សាកស្រមៃមើលពេលយើងទៅដល់មណ្ឌលព្យាបាលដែលមិនមានអគ្គិសនី ដែលម៉ាស៊ីនផ្ដល់កម្ដៅដល់ទារកទើបនឹងកើតមិនអាចដំណើរការបាន។ អគ្គិសនីគឺសំខាន់ដើម្បីឱ្យឧបករណ៍ពេទ្យអាចដំណើរការគ្រប់ពេលទាំងអស់។ នេះជាចំណុចផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយដែលជារឿយៗត្រូវបានគេមើលរំលង ដែលមណ្ឌលព្យាបាលត្រូវការយ៉ាងខ្លាំងដើម្បីបន្តផ្តល់ការថែទាំដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅតាមបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម»។
របាយការណ៍នេះដែលមានចំណងជើងថា «ប្រព័ន្ធសុខភាពដែលមានថាមភាព៖ ការបង្កើនលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់នៅតាមមណ្ឌលព្យាបាល (Energizing Health: Accelerating Electricity Access in Health-Care Facilities)» បានលើកឡើងថា មណ្ឌលព្យាបាលច្រើនជាងមួយក្នុងចំណោមមណ្ឌលព្យាបាលចំនួន ១០ នៅក្នុងតំបន់អាស៊ីខាងត្បូងនិងតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិក (Sub-Saharan Africa) ខ្វះអគ្គីសនីប្រើប្រាស់។
របាយការណ៍នេះបានបន្ថែមថា អគ្គិសនីគឺមិនមានគ្រប់ពេលនោះទេសម្រាប់មណ្ឌលព្យាបាលពាក់កណ្ដាលក្នុងចំណោមមណ្ឌលព្យាបាលទាំងអស់នៅតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅទ្វីបអាហ្វ្រិក។
របាយការណ៍នេះបានកត់សម្គាល់ថា អគ្គិសនីគឺត្រូវការជាចាំបាច់ដើម្បីផ្តល់ថាមពលដល់ការដំណើរការនៃឧបករណ៍គោលនានាដូចជា អំពូលភ្លើង ទូទឹកកក និងឧបករណ៍វាស់វែងសញ្ញាសំខាន់ៗដូចជាសង្វាក់បេះដូងនិងសម្ពាធឈាមជាដើម។
របាយការណ៍នេះបានបញ្ជាក់ទៀតថា ការបង្កើនការផ្តល់អគ្គិសនីដល់មណ្ឌលព្យាបាលគឺជាការសំខាន់ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស។
អ្នកស្រី Adair-Rohani បានលើកឡើងថា វាជាការសំខាន់ដើម្បីរក្សាប្រព័ន្ធទាំងនេះនៅពេលដែលប្រព័ន្ធទាំងនេះត្រូវបានដំឡើងឡើងដើម្បីធានាថាវាអាចទុកចិត្តបាននិងមានដំណើរការ។
អ្នកស្រីថ្លែងដូច្នេះថា៖ «ការមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ដែលអាចទុកចិត្តបាននៅតាមមណ្ឌលព្យាបាលគឺពិតជាអាចធានានូវភាពធន់នៃមណ្ឌលព្យាបាលទាំងនោះទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យមណ្ឌលព្យាបាលទាំងនោះអាចផ្តល់សេវាថែទាំសុខភាពនៅក្នុងស្ថានការណ៍ធ្ងន់ធ្ងរបំផុតបាន និងផ្តល់នូវការត្រៀមលក្ខណៈសម្រាប់គ្រាអាសន្ននៅពេលដែលមានព្យុះសង្ឃរាឬក៏ទឹកជំនន់កើតឡើងដោយមណ្ឌលព្យាបាលទាំងនោះនៅតែអាចមានអគ្គិសនីខ្លះដើម្បីផ្តល់ការព្យាបាលក្នុងគ្រាអាសន្ននៅពេលដែលត្រូវការ»។
ក្រុមអ្នកនិពន្ធនៃរបាយការណ៍នេះបាននិយាយថា ប្រព័ន្ធសុខាភិបាលនិងមណ្ឌលព្យាបាលនានាបានរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ពួកគេថា ដំណោះស្រាយបែបថាមពលកកើតឡើងវិញដែលអាចចែកចាយបានប្រកបដោយចីរភាពគឺមាន។ ជាឧទាហរណ៍ អ្នកនិពន្ធទាំងនោះបានកត់សម្គាល់ថា ប្រព័ន្ធស្រូបថាមពលព្រះអាទិត្យគឺមានប្រសិទ្ធភាពច្រើនជាងការចំណាយ និងជាថាមពលស្អាតដែលអាចដំឡើងបានភ្លាមៗនៅនឹងកន្លែងផ្ទាល់តែម្ដង។
អ្នកនិពន្ធទាំងនេះបានបន្ថែមថា ការស្ថាបនាប្រព័ន្ធថែទាំសុខភាពដែលធន់នឹងអាកាសធាតុអាចទប់ទល់នឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុបាន ហើយស្របពេលនោះដែរធានាបាននូវការផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាព៕
ទីក្រុងហ្សឺណែវ —